គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មេ​ដឹកនាំ​កម្ពុជា​ដូច​មេ​ដឹកនាំ​បែឡារុស្ស៊ី

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មេ​ដឹកនាំ​កម្ពុជា​ដូច​មេដឹកនាំ​ប្រទេស​បែឡារុស្ស៊ី (Belarus) ដែល​ជា​មេ​ដឹកនាំ​ផ្ដាច់ការ។

អ្នក​ឃ្លាំមើល​សង្គម​គាំទ្រ​សំណើ​របស់​គណបក្ស​ប្រឆាំង និង​ស្នើ​មាន​ឱ្យ​ការ​រួបរួម ដើម្បី​ដាក់​បន្ទុក​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន មិន​អាច​ទៅ​រួច​ទេ ព្រោះ​ស្ថានភាព​ប្រទេស​កម្ពុជា ខុស​ពី​ប្រទេស​បែឡារុស្ស៊ី។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ផ្សាយ​នៅ​ថ្ងៃ​ទី១៩ សីហា​ថា ពលរដ្ឋ​ប្រទេស​បែឡារុស្ស៊ី ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ដែរ កំពុង​រស់នៅ​ក្រោម​ការ​គាប​សង្កត់​ដោយ​ជន​ផ្ដាច់ការ ដែល​បាន​យក​ប្រទេស​ជាតិ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន និង​បំផ្លាញ​សេរីភាព​របស់​ពលរដ្ឋ ដែល​ជា​ទង្វើ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ។ ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង ខណៈ​ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​បែឡារុស្ស៊ី ដែល​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ដ៏​ឃោរឃៅ​លើ​កម្មករ​បាតុករ។ គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ដឹង​ទៀត​ថា មេ​ដឹក​នាំ​នៃ​ប្រទេស​បែឡារុស្ស៊ី​បាន​ប្រើ​ហិង្សា ចាប់ខ្លួន លើ​បាតុករ​ក្រោយ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ការ​លួច​បន្លំ។ គណបក្ស​នេះ​បន្ត​ថា ទណ្ឌកម្ម​ដែល​ត្រូវ​បាន​អនុវត្ត​លើ​មន្ត្រី​ប្រទេស​បែឡារុស្ស៊ី​ត្រូវ​តែ​អនុវត្ត​លើ​លោក ហ៊ុន សែន និង​បក្ស​ពួក​នៃ​របប​ក្រុង​ភ្នំពេញ​ដែរ។

អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូ សុខហួរ ឱ្យ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា អ្នកស្រី​ជឿ​ជាក់​ថា បើ​លោក ហ៊ុន សែន នៅ​តែ​បន្ត​ប្រើ​អំណាច​ផ្ដាច់ការ​មិន​យក​ចិត្ត​ទុក​លើ​សំណើ​របស់​សហភាព​អឺរ៉ុប​ទេ នោះ​សហភាព​អឺរ៉ុប​នឹង​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​បក្ស​ពួក​ដែល​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​មេ​ដឹក​នាំ​ប្រទេស​បែឡារុស្ស៊ី។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា តាម​ដែល​អ្នកស្រី​បាន​ដឹង​ពេល​​នេះ​​សហភាព​អឺរ៉ុប​បាន​ស្រង់​បញ្ជី​ឈ្មោះ​នៃ​មេ​ដឹក​នាំ​កម្ពុជា​មួយ​ចំនួន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​រូច​ហើយ ហើយ​ពួក​គេ​ក៏​កំពុង​ធ្វើ​ច្បាប់​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​មេ​ដឹក​នាំ​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ខ្លះ​ហើយ​ដែរ៖ «ខ្ញុំ​យល់​ឃើញ​ថា ទណ្ឌកម្ម​នោះ​ដូច​ជា​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​របប​លោក ហ៊ុន សែន ទៅ​សហភាព​អឺរ៉ុប នោះ​នឹង​មាន​កើត​ឡើង​រួម​ទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ ដូច្នេះ​ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​ប្រជាពលរដ្ឋ​ទេ គឺ​ឆ្ពោះ​ទៅ​បុគ្គល​ជាន់​ខ្ពស់»

ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់ថា សំណើ​របស់​គណបក្ស​ប្រឆាំង​នេះ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ស្ថានភាព​ប្រទេស​កម្ពុជា​ខុស​ពី​ប្រទេស​បែឡារុស្ស៊ី។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ចរិត​ពិសពុល​ឈ្នានីស​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ព្រោះ​ក្រុម​នេះ​មិន​ចង់​ឱ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន និង​មាន​សុខ​សន្តិភាព​នោះ​ទេ៖ « គេ ( គណបក្ស​សង្គ្រោះ​ជាតិ ) ច្រណែន​ដោយ​គេ​មិន​បាន​កាន់​អំណាច​គេ​រត់​ទៅ​ក្រៅ​ហើយ​គេ​ឈ្នានីស។ ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​អំពាវនាវ​ដល់​ទៅ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម EBA ២០ភាគ​រយ​មក​លើ​កម្ពុជា​ហើយ​ពេល​នេះ​គំរូ​បែឡារុស​មក​ធ្វើ​គំរូ​ទៀត »

ទោះ​បី​លោក សុខ ឥសាន អះអាង​ថា ប្រទេស​កម្ពុជា​ខុស​ពី​ប្រទេស​បែឡារុស្ស៊ី​ក្ដី ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី១២ ខែសីហា​កន្លង​ទៅ​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​ជា​ផ្លូវការ​ចាប់​ផ្ដើម​គិត​ពន្ធ​លើ​ទំនិញ​កម្ពុជា​២០% ដែល​ធ្វើ​ឱ្យ​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ដែល​តម្លៃ​ជាង ១ពាន់​លាន​អឺរ៉ូ ត្រូវ​ជាប់​ពន្ធ ឬ​កម្ពុជា​អាច​នឹង​ត្រូវ​ខាតបង់​ទឹកប្រាក់​រវាង​ពី ១២០ ទៅ ២០០​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ការ​ដាក់​ទណ្ឌកម្ម​នេះ​ដោយ​អឺរ៉ុប​ចោទ​ប្រកាន់​ថា របប​ក្រុង​ភ្នំពេញ​បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​បើ​មិន​សង្កត់​ក​លោក ហ៊ុន សែន ឱ្យ​កាន់​តែ​ធ្ងន់​ទេ គឺលោក ហ៊ុន សែន មិន​ត្រឡប់​ក្រោយ​បែរ​មក​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ។ លោក គឹម សុខ បន្ត​ថា ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​អាច​ចាប់​កំហុស​របប​លោក ហ៊ុន សែន បន្ថែម​ទៀត​បាន​លុះ​ត្រា​អ្នក​ប្រជាធិបតេយ្យ​ហ៊ាន​លះបង់​សិទ្ធិ​សេរីភាព​រហូត​ដល់​ជីវិត​ថែម​ទៀត​ផង គឺ​ធ្វើ​ពលិកម្ម​រួម​គ្នា​បាតុកម្ម​អហិង្សា​នៅ​ប្រទេស​កម្ពុជា៖ «ដើម្បី​ឱ្យ​គេ ( សហភាព​អឺរ៉ុប ) ជួយ​យើង​បាន​គេ​មាន​ហេតុផល​គ្រប់គ្រាន់​នឹង​លូក​ដៃ​ជួយ​យើង​ទាល់តែ​យើង​ខ្លួន​ឯង​ប្រឹងប្រែង​លះបង់​ដោយ​ធ្វើ​ពលិកម្ម​គ្រប់​ភាគី​ទាំង​អស់​ទាំង​អ្នក​នយោបាយ អ្នក​ក្រៅ​នយោបាយ ទាំង​យុវជន ក្នុង​ការ​បង្កើត​សម្ពាធ​ឱ្យ​កាន់​តែ​ធំ​លើ​អំណាច​ផ្ដាច់ការ»

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​លើក​ឡើង​ថា ដំណោះ​ស្រាយ​ល្អ គឺ​ការ​ចរចា​តាម​រយៈ​ការ​សន្ទនា​គ្នា​ដោយ​បើក​ចំហ និង​ទូលំទូលាយ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​កង​កម្លាំង​នយោបាយ​ទាំង​អស់​ក្នុង​ស្មារតី​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព និង​ការ​ផ្សះផ្សា​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។