បក្សប្រឆាំងផ្ញើលិខិតចំហជូនលោក ហ៊ុន សែន ឱ្យប្ដឹងទៅតុលាការអន្តរជាតិករណីវៀតណាមបោះតង់នៅតំបន់ព្រំដែន និងប្ដឹងទាមទារទឹកដីដែលបាត់បង់មួយចំនួនទៀត
2020.07.28
គណបក្សសង្គ្រោះជាតិផ្ញើលិខិតចំហផ្ញើទៅលោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឱ្យក្លាហានហ៊ានប្ដឹងករណីកងទ័ពវៀតណាមបោះតង់ជិត ៣០០កន្លែងនៅតាមតំបន់ព្រំដែនទៅសហគមន៍អន្តរជាតិ និងតុលាការអន្តរជាតិនានា ព្រមទាំងជំរុញទៅលោក ហ៊ុន សែន ឱ្យទាមទារកោះត្រល់ ចង្កោមកោះក្រចកសេះ និងដែនសមុទ្រខ្មែរផ្សេងទៀតពីវៀតណាម។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចថា លិខិតនេះគ្រាន់តែជាចេតនានយោបាយនិងគ្មានន័យខ្លឹមសារអ្វីឡើយដែលតម្រូវឲ្យរដ្ឋាភិបាលធ្វើតាម។
លិខិតចំហរបស់គណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍នៃគណបក្សសង្គ្រោះជាតិ លើកឡើងថា ការបោះតង់នៅតាមព្រំដែនប្រទេសកម្ពុជាជាការរំលោភដែនអធិបតេយ្យរបស់កម្ពុជា ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវប្ដឹងប្រទេសវៀតណាមទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឱ្យប្រទេសវៀតណាមរុះរើតង់ត្រឡប់ទៅវិញ និងទាមទារមកវិញនូវទឹកដីកម្ពុជាដែលត្រូវវៀតណាមរំលោភបំពានក្នុងនោះ រួមមាន ដែនសមុទ្រខ្មែរ កោះត្រល់ និងចង្កោមកោះក្រចកសេះផងដែរ។ លិខិតចំហចុះថ្ងៃទី២៨ ខែកក្កដា កត់សម្គាល់ទៀតថា កងទ័ពវៀតណាមប្រហែល ៣០នាក់បានរំលោភចូលទឹកដីកម្ពុជាក្នុងភូមិសាស្ត្រតំបន់ព្រំដែន ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា ដោយបានហាមឃាត់ពលរដ្ឋខ្មែរជាង ១០០គ្រួសារមិនឱ្យធ្វើស្រែលើដីទំហំប្រមាណ ៦០ហិកតារ ដែលដីស្រែនោះពលរដ្ឋខ្មែរបានកាន់កាប់តាំងពីដូនតាពួកគេមកម៉្លេះ។ ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឱ្យអាស៊ីសេរីដឹងបន្ថែមថា លោករំពឹងថា លោក ហ៊ុន សែន នឹងហ៊ានប្ដឹងវៀតណាមទៅតុលាការអន្តរជាតិតាមលិខិតចំហរបស់លោក។ តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះឱ្យដឹងទៀតថា ក្រៅពីផ្ញើលិខិតទៅលោក ហ៊ុន សែន លោកក៏គ្រោងផ្ញើលិខិតទៅកូនប្រុសលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដែលជាមេទ័ពជើងគោករូបនេះ បញ្ជូនទាហានទៅតំបន់ដែលវៀតណាមបានបោះតង់ ដោយបង្ខំឱ្យវៀតណាមដកតង់និងយោធារបស់ខ្លួនចេញវិញ។ បន្ថែមពីនេះ លោកក៏គ្រោងសរសេរលិខិតស្នើទៅប្រទេសជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអន្តរាគមន៍ករណីវៀតណាមរំលោភអធិបតេយ្យរបស់កម្ពុជានេះដែរ៖ «ខ្ញុំយល់ថា គាត់ (លោក ហ៊ុន សែន) អាចកាន់អំណាចបន្តទៀតបាន ហើយគាត់អាចផ្ទេរអំណាចរបស់គាត់ទៅលោក ហ៊ុន ម៉ាណែត បានជម្រើសមានតែគាត់ត្រូវតែតទល់ជាមួយវៀតណាមរឿងបញ្ហាព្រំដែនហ្នឹងដើម្បីឱ្យពលរដ្ឋឃើញថា គាត់មានគំនិតស្នេហាជាតិដែរ ដូច្នេះគាត់ត្រូវតែប្ដឹងវៀតណាម»។
ជុំវិញសំណើនៃការដាក់លិខិតជំហរបស់គណបក្សសង្គ្រោះជាតិនេះ អាស៊ីសេរីបានព្យាយាមសុំការឆ្លើយតបពីប្រធានអង្គការអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ប៉ុន្តែពេលហៅទូរស័ព្ទចូលត្រូវអ្នកទាំងពីរចុចបិទ។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅលិខិតចំហនេះថា ជាចេតនានយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ។ លោកយល់ថា ការទាមទារទឹកដី និងដែនកោះដែលបាត់បង់នោះគឺមិនអាចធ្វើទៅរួចទេ ប៉ុន្តែលោកថា បើជនណា ឬក្រុមណាអាចទាមទារបានលោកស្វាគមន៍ឱ្យទាមទារ។ លោកអះអាងទៀតថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលមិនមែនត្រឹមតែប្រុងប្រយ័ត្នបញ្ហាជាមួយវៀតណាមទេ ប៉ុន្តែរដ្ឋាភិបាលបានសរសេរលិខិតសុំជួយពីប្រទេសបារាំងដែលជាអតីតអាណាព្យាបាលរបស់កម្ពុជាឱ្យជួយដោះស្រាយបញ្ហាព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាងកម្ពុជា៖ «ក្រុមអស់នេះគ្មានដឹងខ្យល់អីទេ កុំភ័យៗ បាទគ្រាន់បាត់បង់អីទេ គេប្រាប់ហើយទេតើ ប្រាប់ថា បោះតង់ដើម្បីទប់ស្កាត់អ្នកឆ្លងដែន ដែលគេបិទព្រំដែនមិនឱ្យទៅវិញទៅមក»។
ទោះមានការអះអាងបែបនេះពី លោក សុខ ឥសាន ក្ដី ប៉ុន្តែ មេនគរបាលថា រោងតង់របស់កងទ័ពវៀតណាមចំនួន ២៨៧កន្លែង នៅតំបន់ព្រំដែនក្នុងខេត្តចំនួន៩ មិនទាន់រើចេញវិញនៅឡើយទេ។អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរីដឹងកាលថ្ងៃទី២៧ ខែកក្កដា តំបន់ព្រំដែននៃខេត្តទាំង៩ ដែលវៀតណាម កំពុងបោះរោងតង់ នោះ ទំហំ ៤ គុណ ៥ម៉ែត្រ និងមានកងទ័ពវៀតណាមប្រចាំការពីបីនាក់ទៅប្រាំពីរនាក់។ លោកថា កងទ័ពវៀតណាមចាប់ផ្ដើមសាងសង់រោងតង់នេះចាប់ពីថ្ងៃទី២០ ខែមីនា ខណៈមានរាលដាលនៃជំងឺកូវីដ-១៩ ដែលមានសរុបទាំងអស់ចំនួន ២៩៥តង់ ប៉ុន្តែលោកថា ក្រោយពីមានការអន្តរាគមន៍ជំទាស់ពីអាជ្ញាធរកម្ពុជា កងទ័ពវៀតណាមរើតង់ចេញវិញខ្លះ និងដករោងតង់នោះទៅបោះនៅដីរបស់វៀតណាមវិញ។គណបក្សសង្គ្រោះជាតិយល់ថា ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរភាពទឹកដី និងជាការឆ្លើយតបនូវការរំលោភបំពានយ៉ាងគឃ្លើនរបស់វៀតណាមនេះ លោក ហ៊ុន សែន ត្រូវប្រើប្រាស់យន្តការអន្តរជាតិ រួមមាន តុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) តុលាការអន្តរជាតិ (ICJ) ព្រមទាំងអនុសញ្ញានិងច្បាប់អន្តរជាតិនានា ទើបអាចដោះស្រាយបញ្ហាព្រំដែនគោក ព្រំដែន សមុទ្រជាមួយប្រទេសជិតខាង ជាពិសេស ជាមួយវៀតណាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។