មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​​លោក ​ហ៊ុន ​សែន ឱ្យ​​ក្លាហាន​ហ៊ាន​ឱ្យ​លោក​សម​រង្ស៊ី​ចូល​ស្រុក​ធ្វើបាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួល​យន្តហោះ ឬ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ។ មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍន៍ និង​សន្តិភាព ដូច្នេះ​មិន​អាច​ឱ្យ​ចូល​ប្រទេស​កម្ពុជា​បាន​ទេ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំ​អាន ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក យល់​ថា លោក សម រង្ស៊ី ទើប​ជា​បុគ្គល​មាន​ប្រជាប្រិយ​ភាព​និង​អ្នក​គាំទ្រ​ច្រើន អាច​កៀរគរ​មនុស្ស​មក​ធ្វើ​បា​តុ​ទ្រង់ទ្រាយ​ធំ​ដែល​លោក ហ៊ុន សែន ចង់​ឃើញ។ លោក​ជំរុញ​ទៅ​លោក ហ៊ុន សែន ឱ្យ​ចិត្តសឿង​ជួល​យន្តហោះ ឬ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌។ លោក អ៊ុំ សំអាន បន្ត​ទៀត​ថា ជម្រើស​មួយ​ទៀត​គឺ​ លោក ហ៊ុន សែន អាច​លើក​លែង​ទោស​ដោយ​ផ្ដល់​សិទ្ធិ​សេរី​ពេញលេញ​ដល់ លោក កឹម សុខា អាច​ធ្វើការ​បាតុកម្ម​ករ​ក្នុង​ប្រទេស​ក៏បាន​ដែរ៖ « អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ដើម្បី​ចូល​ទៅ​ក្នុង​ប្រទេស​វិញ​ដឹកនាំ​បាតុកម្ម​ព្រោះ​លោក គឹម សុខ គាត់​មាន​កម្រិត​ប្រជាប្រិយ​ភាព​គាត់​នៅ​មាន​កម្រិត ប៉ុន្តែ​លោក សម រង្ស៊ី គាត់​មាន​កម្លាំង​គាត់​កន្លះ​ប្រទេស​តែ​ម្ដង »

ការ​លើក​ឡើង​របស់​លោក អ៊ុំ សំអាន បែប​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន និយាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​ថា លោក​នឹង​បញ្ជូន​យន្តហោះ​មួយ​គ្រឿង​ទៅ​ដឹក​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ពី​ប្រទេស ហ្វាំងឡង់ (Finland) វិល​ចូល​ស្រុក​វិញ ដោយ​បើក​ឱ្យ​លោក គឹម សុខ អាច​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។

ឆ្លើយ​តប​សំណើ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក សម រង្ស៊ី ជា​មនុស្ស​ចង្រៃ​ដូច្នេះ​មិន​អាច​ឱ្យ​ចូល​ប្រទេស​កម្ពុជា​បាន​ទេ​លោក​ថា បើ​លោក សម រង្ស៊ី ចូល​ស្រុក​អាច​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​អភិវឌ្ឍ និង​សន្តិភាព​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ថែ​រក្សា។ លោក​បន្ត​ទៀត ចំពោះ​ការ​ចង់​លោក កឹម សុខា ចេញ​ពី​ធ្វើ​នយោបាយ គឺ​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​ករណី​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​មិន​អាច​មាន​អ្នក​ណា​ជ្រៀតជ្រែក​បាន​ឡើយ៖ « ទៅ​កន្លែង​ណា​ចង្រៃ​កន្លែង​ហ្នឹង ហើយ​យើង​ដឹង​ហើយ​ថា កម្ពុជា​កំពុង​គ្រប​ដណ្ដប់​ដោយ​សន្តិភាព​ស្ថេរ​ភាព​នយោបាយ​ប្រជាជន​កម្ពុជា​មិន​អាច​អនុញ្ញាត​ឱ្យ​ជន​ចង្រៃ​នេះ​ចូល​ស្រុក​បាន​ដែរ​ព្រោះ​មនុស្ស​ចង្រៃ​ទៅ​កន្លែង​ណា​គេ​មិន​ឱ្យ​ចូល​ជិត​គេ​ទុក​ឱ្យ​នៅ​ប្រទេស​បារាំង​ហ្នឹង​ហើយ »

កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី ធ្លាប់​បាន​ព្យាយាម​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ដើម្បី​បាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន ប៉ុន្តែ លោក ហ៊ុន សែន ព្រមាន​ប្រើ​កាំភ្លើង​យន្ត​បាញ់​ពី​ក្នុង​លេណដ្ឋាន (ត្រង់សេ) កងទ័ព​ប្រឆាំង​លោក សម រង្ស៊ី បើ​ហ៊ាន​វិល​ត្រឡប់​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ប្រទេស​ថៃ។ លោក ហ៊ុន សែន ថែម​ទាំង​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​ដឹកនាំ​អ្នក​ដំណើរ​ទាំង​អស់​ដឹក​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​ដែរ។

អ្នកវិភាគ បណ្ឌិត សេង សារី យល់​ថា ការ​ចង់​ឃើញ​លោក សម រង្ស៊ី ចូល​ស្រុក​ធ្វើ​នយោបាយ ឬ​ធ្វើ​បាតុកម្ម​ គឺ​ជា​រឿង​សាក​សម​មួយ​ព្រោះ​លោក សម រង្ស៊ី មាន​កម្លាំង​អ្នក​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​លោក​ថា ផ្នែក​លើ​ទិដ្ឋភាព​នយោបាយ​សព្វថ្ងៃ លោក ហ៊ុន សែន គ្មាន​ចេតនា​ចង់​ឱ្យ​ដៃគូ​ប្រកួត​ប្រកួតប្រជែង​នយោបាយ​របស់​លោក​អាច​ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​មានឱកាស​ប្រកួតប្រជែង​ស្មើមុខ​នឹង​លោក​នោះ​ទេ៖ « អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ជា​កម្លាំង​នយោបាយ​មួយ​ស័ក្ដិ​សម​នៅ​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីលាន​នយោបាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​ខ្ញុំ​ថា​ជ្រុល​តែ​រក​ដៃ​គូ​នយោបាយ​ក្នុង​ការ​ប្រកួត​ឱ្យ​សម​ជា​កូន​ប្រុស​ក្នុង​វិស័យ​នយោបាយ គឺ​ត្រូវ​តែ​បើក​ឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មានឱកាស​ប្រកួតប្រជែង​ស្នើ​មុខ​គ្នា​ឡើង​វិញ »

ស្រដៀងគ្នា​នេះ​ដែរ ទោះ​យ៉ាង​ណា លោក អ៊ុំ សំ​អាន យល់​ថា លោក ហ៊ុន សែន គ្មាន​ភាព​ក្លាហាន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក​បាន​នោះ​ទេ។ លោក​លើក​ឧទាហរណ៍​ជាក់​ស្ដែង​ថា គ្រាន់​តែ​ក្រុម​យុវជន​ធ្វើ​ការ​ទាមទារ​ឱ្យ​ដោះ​លែង លោក រ៉ុង ឈុន ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ការ​បង្ក្រាប និង​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នោះ​មិន​ឱ្យ​ទាមទារ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។