មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីរាជការតាមស្ថាប័នរដ្ឋមួយចំនួន ចាប់ផ្ដើមចុះមូលដ្ឋានតាមបញ្ជារបស់ លោក ហ៊ុន សែន ដើម្បីទៅបញ្ចុះបញ្ចូលពលរដ្ឋកុំឲ្យជឿលើលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
សមាជិកព្រឹទ្ធិសភាជាប់ឆ្នោត និងមន្ត្រីបក្សប្រឆាំងអះអាងថា យុទ្ធនាការបញ្ចុះបញ្ចូលពលរដ្ឋនេះ គ្មានប្រសិទ្ធភាពនោះទេ។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក សោ ចាន់ដេត ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស អះអាងថា បើទោះពលរដ្ឋតាមមូលដ្ឋាន មិនហ៊ានប្រកែក តែពួកគេនឹងមិនអើពើជាមួយមន្ត្រីបក្សកាន់អំណាចទាំងនោះឡើយ ព្រោះពលរដ្ឋបច្ចុប្បន្នមានចំណេះដឹងគ្រប់គ្រាន់ ហើយមន្ត្រីបក្សកាន់អំណាចមិនអាចបោកប្រាស់ពលរដ្ឋបានឡើយ៖ « បាចអង្កាមបញ្ច្រាសខ្យល់។ គាត់ធ្វើបែបហ្នឹង ដូចទៅប្រាប់ប្រជាពលរដ្ឋឲ្យដឹងអំពីដំណើរវិវត្តន៍វិលចូលប្រទេសវិញ របស់លោកប្រធាន សម រង្ស៊ី។ សម័យនេះយើងដឹងហើយ មិនមែនដូចសម័យកាលមុនទេ។ សម័យកាលមុន យើងអាចធ្វើអ៊ីចឹងបាន។ សម័យនេះ គឺថាប្រជាពលរដ្ឋលោកដឹងអស់ លោកដឹងព័ត៌មានច្បាស់។ សំណួរ៖ តើប៉ះពាល់ដល់ប្រយោជន៍ជាតិទេ ? ឆ្លើយ៖ អ្វីដែលប៉ះពាល់ដល់ ( មន្ត្រីរាជការ ) គឺគាត់ធុញថប់។ ធុញថប់ នឹងអាការប្រើពួកគាត់ និង ក្រុមការងាររបស់គណបក្សប្រជាជនចុះទៅ ប្រើពួកគាត់ ជំរិតទារលុយពីគាត់ ក្នុងការចុះមូលដ្ឋាន គឺគាត់ធុញថប់។ ឯប្រជាពលរដ្ឋ អ្វីដែលគាត់ចង់បានពេលនេះ គ្រប់ៗគ្នា ក៏ដូចគាត់ធុញថប់ដោយរបបដឹកនាំលោក ហ៊ុន សែន ហ្នឹង អ៊ីចឹងរបស់គាត់ចង់បានគឺការផ្លាស់ប្ដូរ » ។
ប្រព័ន្ធឃោសនាស្និទ្ធនឹង លោក ហ៊ុន សែន (Freshnews) ចុះផ្សាយថា សមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា និងជាដន្លង លោក ហ៊ុន សែន គឺ លោក ពេជ សោភ័ន កាលពីថ្ងៃទី១១ ឧសភា បានចុះទៅណែនាំឲ្យសមាជិកមូលដ្ឋាននៅស្រុកព្រៃកប្បាស ត្រូវបើកវេទិកាជាបន្តបន្ទាប់ ដើម្បីពន្យល់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឲ្យជ្រួតជ្រាបពីគ្រោះថ្នាក់នៃការធ្វើបដិវត្តពណ៌ ដែលអាចកើតឡើងដោយក្រុមគណបក្សសង្គ្រោះជាតិ មានបំណងចង់ផ្ដួលរំលំរបបក្រុងភ្នំពេញ។
ក្រៅពីបានធ្វើតាមការណែនាំរបស់ លោក ហ៊ុន សែន លោក ពេជ សោភ័ន ចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ ធ្លាប់ធ្វើបដិវត្តន៍ពណ៌ កាលពីឆ្នាំ២០១៣ ឈ្មោះបដិវត្តពណ៌ផ្កាឈូក ដោយយកគំរូតាមបណ្ដាប្រទេសនៅ អឺរ៉ុប និងមជ្ឈិមបូព៌ា ហើយបានអូសទាញយុវជនមួយចំនួន ឲ្យចូលរួមធ្វើបាតុកម្ម តាមដងផ្លូវ ដើម្បីទម្លាក់រដ្ឋាភិបាល ដោយប្រើហេតុផលថា រដ្ឋាភិបាលពុករលួយ បន្លំសន្លឹកឆ្នោត។
កាលពីដើមខែឧសភា លោក ហ៊ុន សែន ចេញលិខិត២ មួយប្រើសមាសភាពជាមេដឹកនាំរបបក្រុងភ្នំពេញ និងមួយទៀត ប្រើសមាសភាពជាប្រធានគណបក្សកាន់អំណាច ដើម្បីបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ទាំងអស់ ត្រូវខិតខំពន្យល់ពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរារាំងកុំឲ្យជឿ លោក សម រង្ស៊ី បើទោះលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ក្នុងឆ្នាំ២០១៩ ឬអត់ ក៏ដោយ។
អាស៊ីសេរីពុំទាន់អាចទាក់ទង លោក ពេជ សោភ័ន ដើម្បីសុំការបញ្ជាក់បន្ថែមទេអំពីរឿងនេះបាននៅឡើយ នៅល្ងាចថ្ងៃទី ១២ ឧសភា។ ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏ពុំទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
តែទោះជាយ៉ាងណា ក្រុមអ្នកឃ្លាំមើល សង្កេតឃើញថា ទាំងមេដឹកនាំ និងមន្ត្រីនៃរបបក្រុងភ្នំពេញ បានប្រើលេសបដិវត្តពណ៌ ឬ ខ្នងបរទេស កញ្ជះបរទេស ជាដើម ឡើងរឹលមាត់ទៅហើយ ក្នុងការកម្ចាត់ បក្សប្រឆាំង ក្រុមអង្គការ សមាគមទាំងឡាយណា ដែលហ៊ានរិះគន់របបក្រុងភ្នំពេញ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ សង្កេតឃើញថា គ្មានសញ្ញាណាមួយ ដែលធ្វើឲ្យរដ្ឋាភិបាលភ័យព្រួយបដិវត្តន៍ពណ៌ទេ ព្រោះគ្មានក្រុមឯករាជ្យណាមួយប្រកាសផ្ដល់សព្វាវុធ ដល់បក្សប្រឆាំងឡើយ។ កញ្ញា ថា រដ្ឋាភិបាលហាក់សម្ដែងការព្រួយបារម្ភជ្រុល ទាំងខ្លួនកំពុងក្ដោបក្ដាប់កងទ័ព ពេញដៃ។ អ្នកវិភាគរូបនេះ បន្តថា ជាការឥតប្រយោជន៍ និងអាចខាតបង់ម៉ោងធ្វើការរដ្ឋទៅវិញទេ ដោយសារមន្ត្រីរាជការ អាចខកខានពេលវេលា ព្រោះត្រូវធ្វើដំណើរ ឬប្រើហេតុផល ទៅពន្យល់ពលរដ្ឋមូលដ្ឋានជាដើម។
កញ្ញា លី ស្រីស្រស់ យល់ថា ពលរដ្ឋក៏មិនចង់ ឲ្យមានការផ្លាស់ប្ដូររបប ដោយសារតែការធ្វើបដិវត្តពណ៌ដែរ។ កញ្ញាបន្តថា រដ្ឋាភិបាលមិនបាច់បង្ហិនពេលវេលា ចុះទៅពន្យល់ពលរដ្ឋទេ គួរតែប្រើប្រាស់ពេលវេលា ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋប្រកបដោយឆន្ទៈពិតប្រាកដប្រសើរជាង ព្រោះអ្វីដែលពលរដ្ឋត្រូវការពិតប្រាកដ គឺការដោះស្រាយបញ្ហាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។