ការសិក្សា​មួយ​ ​ព្រមាន​អំពី​ភាព​គ្រោះថ្នាក់​​នៃ​អន្ទាក់​បំណុល​ចិន

0:00 / 0:00

ស្ថានទូតអាមេរិក ចែករម្លែកអត្ថបទស្រាវជ្រាវ រម្លឹកអំពីកិច្ចការ​ការទូត​អន្ទាក់បំណុល គាប់ជួន​នឹង​ខួប ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន។ ប៉ុន្តែ មន្រ្តី​របបលោក ហ៊ុន សែន អះអាងថា អ្នកដែលរិះគន់ថាកម្ពុជា ជាខ្ញុំចិន ឬ​រង​​ឥទ្ធិពល​ចិន​នោះ គឺ​មិន​ត្រឹម​ត្រូវ​​ទេ។

អត្ថបទសិក្សាស្រាវជ្រាវ ដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចែកផ្សាយ​បន្ត​ស្របពេល ដែល​កម្ពុជា-ចិន ប្រារព្ធខួប ៦០ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ គឺ​ជា​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Harvard Kennedy School អំពី​ឥទ្ធិពល​របស់​ប្រទេស​ចិន ទៅ​លើ​រដ្ឋ​បរទេស តាម​រយៈ​ប្រាក់​កម្ចី ទៅ​ឲ្យ​រដ្ឋ​ទាំង​នោះ ដែល​រហូត​ធ្វើ​រដ្ឋាភិបាល​រដ្ឋ​នីមួយៗ ដែល​ខ្ចី​លុយ​ចិន រហូត​ជំពាក់​បំណុល​ចិន​វ័ណ្ឌ​ក រួច​ហើយ​ក៏​ជាប់​អន្ទាក់​បំណុល​នេះ​ស្រាយ​មិន​រួច។

លោក Sam Parker និង​លោកស្រី Gabrielle Chefitz ដែល​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត ពី​សាកល​វិទ្យាល័យ Harvard Kennedy School និង​ជា​អ្នក​សរសេរ​របាយការណ៍​ ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ SHARE AMERICAកាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា បាន​រក​ឃើញ​ថា "នៅ​ក្នុង​ទសវត្ស​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​រាប់​រយ​ពាន់​លាន​ដុល្លារ ដល់​រដ្ឋ​បរទេស​ជា​ច្រើន ដែល​ជា​រឿយៗ ប្រទេស​ទាំង​នោះ គ្មាន​លទ្ធភាព​សង​ចិន​វិញ​បាន​នោះ​ទេ"។ ការណ៍​ដែល​គ្មាន​លទ្ធភាព​សង​វិញ​នេះ​ឯង ដែល​ធ្វើ​ឲ្យ​ជំនួយ​បរទេស​ខ្លះ ក្លាយ​ទៅ​ជា​អន្ទាក់​បំណុល ព្រោះ​ប្រទេស​ជំពាក់​បំណុល ត្រូវ​លុះ​ក្រោម​ឥទ្ធិពល​ក្នុង​កិច្ចការ​កាទូត ដោយសារ​តែ​រឿង​បំណុល​វ័ណ្ឌ​ក​នេះ។

លោក Sam Parker និង​លោកស្រី Gabrielle Chefitz បាន​ព្រមាន​ប្រទេស​ទាំងអស់​ ដែល​ទទួល​ជំនួយ​ពី​ចិន ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់ នៃ​អន្ទាក់​បំណុល​ចិន ដែល​អ្នក​ទាំង​ពីរ​ហៅ​ថា “កិច្ចការ​ការ​ទូត អន្ទាក់​បំណុល​នេះ”។ បើ​យោង​តាម​របាយការណ៍​ដដែល​ថា “កិច្ចការ​ការ​ទូត អន្ទាក់​បំណុល​នេះ” គឺ​ចង់​និយាយ​ពី​ការ​ដែល​ប្រទេស​ម្ចាស់​បំណុល ប្រើ​ប្រាស់​បំណុល ដើម្បី​សម្រេច​គោលដៅ​ជា​យុទ្ធសាស្រ្ត​របស់​គេ។ ប្រទេស​ម្ចាស់​បំណុល​អាច​ប្រើ​បន្ទុក​បំណុល​នេះ ដើម្បី​ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ ឬ​អត្ថប្រយោជន៍​ជា​យុទ្ធសាស្រ្ត ដូចជា​កំពង់ផែ ឬ​ឥទ្ធិពល​នយោបាយ។ ប្រទេស​ជា​កូន​បំណុល ច្រើន​តែ​ត្រូវ​បង្ខំ​ចិត្ត​ត្រូវ​តែ​គោរព​តាម។

អាស៊ីសេរី មិនទាន់បានទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​អាមេរិក ជុំវិញ​ការ​ចែក​ផ្សាយ​បន្ត នៃ​អត្ថបទ​ព្រមាន​អំពី​ហានីភ័យ​នៃ​ការ​សិក្សា​ពី “កិច្ចការ​ការទូត អន្ទាក់​បំណុល” នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា។

ចំណែកឯ​មន្រ្តីនាំពាក្យ​របស់​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មិន​ចាប់​អារម្មណ៍​នឹង​ការ​ចែក​ផ្សាយ​បន្ត​ នៃ​ការ​សិក្សា ដែល​ព្រមាន​អំពី​ឥទ្ធិពល​នៃ​បំណុល​ចិន​នេះ​ទេ។ លោក ផៃ ស៊ីផាន អះអាង​ថា កម្ពុជា​គោរព​ផលប្រយោជន៍ និង​អធិតេយ្យ​របស់​អាមរិក និង​ចង់​ឲ្យ​អាមេរិក​ធ្វើ​ដូច្នេះ​ដែរ មក​កម្ពុជា៖ «ទូតអាមេរិកគេការពារផលប្រយោជន៍នៅអាស៊ាន។ ប៉ុន្តែ ផលប្រយោជន៍​របស់កម្ពុជា គឺដាច់​ដោយ​ឡែកពីសហរដ្ឋអាមេរិក។ កម្ពុជាត្រូវការ​ភាព​រឹងមាំមួយ​ ទាំង​ផ្នែកសេដ្ឋកិច្ច និង​សន្តិសុខជាតិ។ ដូច្នេះ យើង​មិន​អាចឡូកឡំ​ជាមួយគ្នាទេ។ នេះមិនមែនបានន័យថា យើង​ជាសត្រូវ​ជាមួយអាមេរិកទេ។ ប៉ុន្តែ យើង​គោរព​ផល​ប្រយោជន៍​របស់​អាមេរិក ហើយ​យើង​ក៏ត្រូវ​ការ​អាមេរិក គោរពផលប្រយោជន៍​កម្ពុជាវិញដែរ។ កម្ពុជាឈរ​នៅលើជំហរ​រក្សា​សន្តិភាព​រវាង​អាស៊ាន​ជាមួយចិន រក្សាវេទិកាក្នុងការ​ជជែកគ្នា​ ជុំវិញ​វិបត្តិ​នៅក្នុង​ឈូងសមុទ្រ​ចិនខាង​ត្បូង។ កម្ពុជា​បាន​បង្ហាញពី​ភាព​ឯករាជ្យ​របស់​ខ្លួនច្បាស់​លាស់ គឺកម្ពុជាមិនមែនជាអាយ៉ង​របស់​ប្រទេ​សចិន​នោះទេ »

លោក ផៃ ស៊ីផាន អះអាងថា ទំនាក់ទំនង​រវាង​កម្ពុជា-ចិន ក្នុង​រយៈ​ពេល ៦០ឆ្នាំ​នេះ កាន់​តែ​ល្អ​ប្រសើរ និង​មាន​ផ្លែផ្កា​យ៉ាង​ច្រើន។ លោក​អះអាង​ថា ការ​ជំពាក់​បំណុល​ចិន គឺ​កម្ពុជា​ស្ថិត​ក្នុង​លទ្ធភាព ដែល​អាច​គ្រប់គ្រង​បាន មិន​វ័ណ្ឌ​ក​ទេ។

ទោះជាយ៉ាងនេះក្តី អតីតប្រធានគណបក្ស សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​ព្រមាន​អំពី​មហន្តរាយ នៃ​វិបត្តិ​ប្រាក់​បំណុល​ចិន ដែល​របប​លោក ហ៊ុន សែន ជំពាក់ និង​បន្ត​ខ្ចី​ថែម​នេះ។ លោក សម រង្ស៊ី បារម្ភ​អំពី​ការ​បាត់បង់​ទឹក​ដី ដែល​កម្ពុជា​អាច​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង ដើម្បី​សង​បំណុល​គេ។ លោក​លើក​ឡើង​ពី​កង្វល់​បែប​នេះ ដោយ​បាន​ភ្ជាប់​រឿង​ជំពាក់​បំណុល​ចិន​នេះ ទៅ​នឹង​ប្រទេស​ស្រីលង្កា ដែល​ដឹក​នាំ​ដោយ​ជន​ផ្តាច់ការ បាន​ខ្ចី​លុយ​ពី​ប្រទេស​ចិន​យ៉ាង​សន្ធឹកសន្ធាប់ តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កេង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន សម្រាប់​ក្រុម​គ្រួសារ និង​បក្ខ​ពួក​គាត់។ ដោយសារ​បំណុល​នោះ កើន​ឡើង​ច្រើន​ពេក ហើយ​ប្រទេស​ស្រីលង្កា មិន​មាន​លុយ​សង​ប្រទេស​ចិន មេ​ដឹក​នាំ​ប្រទេស​នោះ ត្រូវ​ប្រគល់​ទឹក​ដី​នៅ​តាម​ឆ្នេរ​សមុទ្រ ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង តាម​រូបភាព​សម្បទាន​រយៈ​ពេល ៩៩ឆ្នាំ​ជា​ដើម។

ករណីប្រទេសស្រីលង្កា គឺលោក សម រង្ស៊ី ប្រដូច​ទៅ​នឹង​ករណី​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ដែល​កំពុង​តែ​ខ្ចី​លុយ​ពី​ប្រទេស​ចិន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​កំពុង​តែ​ប្រគល់​ទឹក​ដី យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ឲ្យ​ទៅ​ប្រទេស​ចិន​គ្រប់គ្រង​នៅ​តាម​ឆ្នេរ​សមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ«ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល ក៏ធ្លាប់​សម្តែងការព្រួយបារម្ភ ចំពោះការណ៍ដែលកម្ពុជាពឹងពាក់ជំនួយចិន យ៉ាង​ខ្លាំង ដូច្នេះនោះដែរ។ លោក​កត់​សម្គាល់​ថា​ កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ដល់​ទៅ​ ៤.៣​ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​ជាង​ ២០​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​កម្ពុជា ដែល​នេះ​គឺ​ជា​ចំនួន​ដ៏​ច្រើន​លើស​លុប​ ដែល​កម្ពុជា​ជំពាក់​ម្ចាស់​បំណុល​តែមួយ​ គឺ​មហាអំណាច​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។