ស្ថានទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនប្រតិកម្មតបទៅនឹងក្រុមមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងដែលបានចោទថា ស្ថានទូតបម្រើផលប្រយោជន៍ឱ្យបក្សកាន់អំណាចជាជាងប្រយោជន៍ពលរដ្ឋ។
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ វិច្ឆិកា លើកឡើងថា ពួកគេសោកស្ដាយ ដែលស្ថានទូតបិទទ្វារ មិនធ្វើការនៅពេលពួកគេទៅដាក់លិខិតស្នើសុំសុពលភាពលិខិតឆ្លងដែន។ ពួកគេចាត់ទុកទង្វើបែបនេះថា ជាការរើសអើង ធ្វើការបម្រើបក្សកាន់អំណាច ជាជាងបម្រើប្រយោជន៍ពលរដ្ឋខ្មែរទូទៅ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនផ្សព្វផ្សាយនៅថ្ងៃទី១១ វិច្ឆិកានេះ ឱ្យដឹងថា ស្ថានទូតជ្រើសរើសមិនអើពើ នឹងក្រុមអ្នកដាក់លិខិតនៅស្ថានទូត កាលពីថ្ងៃទី១០ វិច្ឆិកានោះ ក៏ព្រោះតែក្រុមនោះជាក្រុមនយោបាយក្រៅច្បាប់ ដែលពុំមានន័យថា ស្ថានទូតមិនយកចិត្តទុកដាក់បម្រើផលប្រយោជន៍ពលរដ្ឋទូទៅឡើយ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ករណីនេះមិនត្រូវប្រើប្រាស់យកទៅចោទប្រកាន់ស្ថានទូតថាមិនបានទទួលជួបពលរដ្ឋខ្មែរនោះឡើយ។ ជាមួយគ្នានេះស្ថានទូតអះអាងថា បានបំពេញការងារដោយយកចិត្តទុកដាក់ បម្រើពលរដ្ឋតាមតម្រូវការ និងសំណូមពរតាមស្ថានភាពជាក់ស្ដែង ដែលជាការភ្ជាប់ទំនាក់ទំនងជិតស្និទជាមួយពលរដ្ឋ ប៉ុន្តែទង្វើនេះមិនមែនសម្រាប់ក្រុមបុគ្គលក្រៅច្បាប់ឡើយ។
មន្ត្រីគណបក្សប្រឆាំងចំនួន ៤នាក់ ដែលនាំគ្នាទៅដាក់លិខិតនៅស្ថានទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន(Washington DC) កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានសម្រេចដាក់លិខិតរបស់ពួកគេទៅក្នុងប្រអប់សំបុត្រនៅនឹងរបងស្ថានទូត បន្ទាប់ពីបានចុចកណ្ដឹងជាច្រើនសា តែពុំមានមនុស្សចេញពីអគារស្ថានទូត។
ក្នុងលិខិតនោះបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈស្ថានទូតខ្មែរឱ្យផ្ដល់សុពលភាព លិខិតឆ្លងដែន ដល់មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១១រូបដែលត្រូវក្រសួងការបរទេសបញ្ឈប់សុពលភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិសង្ស័យថា មន្ត្រីស្ថានទូតគេចវេះមិនទទួលលិខិត ទើបយកលេសបិទទ្វារស្ថានទូតនៅពេលដែលក្រុមរបស់លោកទៅដាក់លិខិត។ លោកចាត់ទុកទង្វើបែបនេះថា ជាការរើសអើង ធ្វើការបម្រើបក្សកាន់អំណាច ជាជាងបម្រើប្រយោជន៍ពលរដ្ឋខ្មែរទូទៅ។
ឆ្លើយតបនឹងការលើកឡើងថា ក្រុមរបស់លោក ជាក្រុមក្រៅច្បាប់នេះ លោកចោទសួរថា តើមានច្បាប់ណាមួយដែលដាក់ពួកគាត់ក្រៅច្បាប់ ក្រៅតែពីការធ្វើទុក្ខបុកម្នេញរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧៖ « គាត់និយាយគាត់ថា ពួកខ្ញុំក្រៅច្បាប់ ពួកខ្ញុំស្អីៗហ្នឹង ខ្ញុំសួរថា តើមានច្បាប់ណា ដែលដាក់ពួកខ្ញុំក្រៅច្បាប់ ? បើតាមខ្ញុំចាំហ្នឹងមានតែច្បាប់មួយគត់ ដែលកាលពីឆ្នាំ១៩៩៤ គឺកាលពី២៦ឆ្នាំមុនហ្នឹង ដែលគេដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យនៅក្រៅច្បាប់ តែចំពោះពួកខ្ញុំអត់មែនក្រុមកម្ពុជាប្រជាធិបតេយ្យឯណា អត់មែនផងហ្នឹង។ អ៊ីចឹងពួកខ្ញុំគឺនៅក្នុងច្បាប់ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អ៊ីចឹង ការណ៍ដែលលុបសុពលភាពលិខិតឆ្លងដែនពួកខ្ញុំដូចផាត់ពួកខ្ញុំមិនមែនជាពលរដ្ឋខ្មែរអ៊ីចឹង »។
លោក អេង ឆៃអ៊ាង បន្តថា ការស្នើសុំសុពលភាពលិខិតឆ្លងដែននេះជាទង្វើស្របច្បាប់។ ការលុបចោលសុពលភាពលិខិតឆ្លងដែនរបស់ពួកលោក គឺស្មើនឹងការដកហូតសញ្ជាតិកំណើតដូច្នោះដែរ។ លោកថា ច្បាប់បានធានាការពារសិទ្ធិពលរដ្ឋពីការដកហូតសញ្ជាតិ ដោយមិនត្រឹមត្រូវ។ លើសពីនេះ នៅពេលនេះគឺពួកលោកចង់ទៅតតាំងក្ដីនៅតុលាការតាមការកោះហៅ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ជាទូទៅកម្ពុជាត្រូវឈរលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលធានាអនុវត្តច្បាប់ឱ្យបានស្មើៗគ្នាចំពោះគ្រប់ពលរដ្ឋ។ លោកថា ផ្លូវច្បាប់ធានាថា គ្មាននរណាអាចទៅដកសិទ្ធិពលរដ្ឋទាក់ទងនឹងសញ្ជាតិពួកគេបានទេ៖ « វាអត់មានច្បាប់ណាមួយ ដែលតម្រូវឱ្យពួកអ្នក ដែលជាប្រទេសជាតិហ្នឹងលុបសញ្ជាតិពលរដ្ឋខ្លួនឯងចោលទេ បើយើងនិយាយពីគោលការណ៍។ បើយើងនិយាយពីច្បាប់ក៏អត់មានច្បាប់បណ្ដេញដេញពលរដ្ឋខ្លួនឯងឱ្យលាសញ្ជាតិចោលដែរ។ លក្ខខណ្ឌមួយទៀតនៅក្នុងគោលការណ៍ក្នុងជាសមាជិកនៃរដ្ឋមួយត្រូវតែបង្កលក្ខណៈងាយស្រួលដល់សមាជិករបស់ខ្លួនជាពលរដ្ឋ ហើយបើសិនជាពលរដ្ឋមានទោសមានពៃរ៍ រត់ភៀសខ្លួនអីចឹង ហើយបើប្រទេសហ្នឹងចង់ចាប់ពលរដ្ឋ ដែលថាខុសច្បាប់ហ្នឹងគឺគួរតែសហការជាមួយប្រទេសសាមី ហើយបញ្ជូនពលរដ្ឋដែលខុសច្បាប់ហ្នឹងមកប្រទេសរបស់ខ្លួនមិនអាចឱ្យ គាត់ដើរប៉ាចរហាចទៅណាទៅណីបានទេ »។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជាបានលុបចោលសុពលភាពលិខិតឆ្លងដែនមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ១២នាក់ បច្ចុប្បន្នមាន ១១នាក់កំពុងនិរទេសខ្លួននៅក្រៅប្រទេស និងម្នាក់កំពុងស្ថិតក្នុងប្រទេស។ នៅក្នុងខែវិច្ឆិកាដដែលនោះ ក្រសួងដដែលក៏បានលុបចោលសុពលភាពលិខិតឆ្លងដែនសកម្មជនចំនួន ២៧នាក់ផ្សេងទៀត
ក្រុមមន្ត្រីបក្សប្រឆាំងនៅតែប្រកាន់ជំហរថា នឹងទៅកាន់ស្ថានទូខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនម្ដងទៀត ដើម្បីធានាថា លិខិតស្នើសុំសុពលភាពលិខិតឆ្លងដែនរបស់ពួកគេ នឹងបានទៅដល់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង ហើយពួកគេក៏សង្ឃឹមថា នឹងទទួលបានសុពលភាពលិខិតឆ្លងដែនមកវិញនៅពេលណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។