អ្នកវិភាគ​ថា លោក ហ៊ុន សែន បន្ត​បរាជ័យ ដែល​គ្មាន​លទ្ធផល​ពី​ជំនួប​នឹង​មន្ត្រី​ទូត​ម៉ាឡេស៊ី​ករណី​កូវីដ-១៩

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​សង្គម ថា ការ​គ្មាន​លទ្ធផល អំពី​ជំនួប​ជាមួយ​មន្ត្រី​ទូត​ម៉ា​ឡា​ស៊ី ករណី ដែល​លោក ហ៊ុន សែន ឱ្យ​កោះហៅ ដើម្បី​ចូល​បំភ្លឺ​រឿង​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ (COVID-19) នោះ គឺជា​បរាជ័យ​លើក​ទី ៤ របស់​លោក ហ៊ុន សែន ក្នុង​ការ​ប៉ុនប៉ង​បង្វែរ​ការចាប់អារម្មណ៍ លើ​រឿង​អាម៉ាស់​ផ្ទួនៗ​គ្នា របស់​របប​ក្រុងភ្នំពេញ ករណី​អាជ្ញាធរ​ម៉ាឡេស៊ី រក​ឃើញ​ស្ត្រី​អ្នកដំណើរ​លើ​កប៉ាល់​ទេសចរ វ៉េស្ទើដាម (Westerdam) មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​នេះ​។ តែ​កម្ពុជា​រក​មិន​ឃើញ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ដែល​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​ដែល​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ ថា ការ​មិន​ប្រកាស​លទ្ធផល អំពី​ជំនួប​កម្រិត​ការ​ទូត ករណី​ដែល​របប​នេះ អះអាង​ថា ឱ្យ​ចូល​បំភ្លឺ​រឿង​ចោទ​ប្រកាន់​អាជ្ញាធរ​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ពី​ភាព​មិន​ប្រក្រតី ក្នុង​ការ​រក​ឃើញ​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩ បែប​នោះ គឺជា​បរាជ័យ​ផ្ទួនៗ របស់​លោក ហ៊ុន សែន ក្នុង​ការ​ព្យាយាម​បំភាន់​មតិ​សាធារណជន អំពី​ការ​ថ្លោះធ្លោយ​របស់​លោក ក្នុង​ការ​ទទួលយក​កប៉ាល់​ទេសចរ វ៉េស្ទើដាម (Westerdam) ដែល​អ្នកដំណើរ​ម្នាក់​មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដ៏​កាច​សាហាវ​នេះ៖ «នេះ​គឺជា​បរាជ័យ​លើក​ទី​បួន​របស់​លោក ហ៊ុន សែន ក្នុង​ការ​សង្គ្រោះ​មុខមាត់​របស់​ខ្លួន ឬ​ជា​ភាព​អាម៉ាស់​លើក​ទី៤»។

លោក គឹម សុខ ថា ការ​ធ្វើ​ជា​កោះហៅ​ឱ្យ​តំណាង​ទូត​របស់​ប្រទេស​ម៉ាឡេស៊ី ទៅ​ជួប​នេះ គឺ​ធ្វើ​គ្រាន់តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​។ គ្មាន​បាន​លទ្ធផល​អ្វី ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​ជំហរ​ជាក់លាក់​ចំនួន​បី​ដង​រួច​ទៅ​ហើយ ថា ស្ត្រី​ជនជាតិ​អាមេរិក ពិត​ជា​មាន​មេរោគ​នេះ​មែន និង​ឥឡូវនេះ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ៖ «ម្ល៉ោះហើយ ជំនួប​រវាង​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​នៅ​ភ្នំពេញ និង​តំណាង​ក្រសួងការបរទេស​កម្ពុ​ជា គ្រាន់តែ​ជា​ការ​ជួប​គ្នា ដែល​ខាង​ក្រុម​លោក ហ៊ុន សែន ទាមទារ​ឱ្យ​មាន​ឡើង​តាម​បបូរមាត់​នៃ​ការ​និយាយ​ជ្រុល​ហួស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ​។ វា​គ្រាន់តែ​ជា​រូបភាព ដែល​ជួប​និយាយ​ពាក្យ​គួរសម បែប​ការទូត ហើយ​គ្មាន​ខ្លឹមសារ​អ្វី ដែល​ក្រុម​លោក ហ៊ុន សែន អាច​ស្រង់​យក​ទៅ​ធ្វើជា​សេចក្ដី​ថ្លែងការណ៍​អួត​កើត​នោះ​ទេ​។ បែប​ហ្នឹងហើយ ទើប​គ្មាន​សេចក្ដីថ្លែងការណ៍​រួម បន្ទាប់​ពី​ជំនួប​នោះ»។

លោក គឹម សុខ ថា បរាជ័យ​ផ្ទួនៗ​នោះ គឺ​សរុបទៅ មាន​ចំនួន​បួន​លើក​ទៅ​ហើយ ដែល​លោក ហ៊ុន សែន និង​របប​ក្រុងភ្នំពេញ គឺ​ចាប់​តាំង​ពី​កើត​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូវីដ​-១៩ ដែល​ប្រទេស​ជាច្រើន​នៅ​លើ​សាកលលោក រិះរក​គ្រប់​វិធានការ ដើម្បី​ទប់ស្កាត់​។ ប៉ុន្តែ​លោក ហ៊ុន សែន បែរជា​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរ វ៉េស្ទើដាម ដែល​មាន​អ្នកដំណើរ​ផ្ទុក​មេរោគ​នេះ ចូល​ចត​នៅ​កំពង់​ផៃ​ក្រុង​ព្រះ​សីហនុ ស្រប​ពេល​ដែល​ប្រទេស ៥ មាន​ជប៉ុន ថៃ ហ្វីលីពីន តៃវ៉ាន់ និង​ដែនដី​របស់​អាមេរិក​ផង គឺ​កោះ​ហ្គាំ (Guam) បដិសេធ​មិន​ឱ្យ​ចូល​ចត ព្រោះ​ចម្លង​មេរោគ​នេះ ដល់​ពលរដ្ឋ​ខ្លួន៖ «ការ​អាម៉ាស់​ធំ​ទី​មួយ លោក ហ៊ុន សែន គាត់​ផ្សព្វផ្សាយ​ខុស​អំពី​ការ​មិន​ខ្លាច​វីរុស​កូរ៉ូណា។ នេះ​គឺជា​ភាព​អវិជ្ជា​ច្បាស់​ពេក នៅ​ពេល​ដែល​ពិភពលោក​ទាំងមូល គេ​នាំគ្នា​ខ្លាច និង​ខំ​បង្ការ​។ ភាព​អាម៉ាស់​ទី​ពីរ​របស់​លោក ហ៊ុន សែន គឺ​ការណ៍​ដែល​គាត់​ទទួលយក​កប៉ាល់ វ៉េស្ទើដាម ដោយ​អត់​ប្រើ​ក្បួន​វេជ្ជសាស្ត្រ​សាកល ដើម្បី​ពិនិត្យ​តាមដាន​ភ្ញៀវ​នៅ​លើ​កប៉ាល់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពិភពលោក​ចាត់ទុកថា គាត់​ជា​មេដឹកនាំ​ដែល​នាំ​គ្រោះ​នៃ​លទ្ធភាព​ពង្រីក​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា។ ហើយ​ភាព​អាម៉ាស់​លើក​ទី​បី ដែល​លោក ហ៊ុន សែន បាន​ជួប​រួច​ទៅ​ហើយ គឺ​ការណ៍​ដែល​គាត់​ព្យាយាម​បង្កើត​វិវាទ​ការទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​ដែល​ម៉ាឡេស៊ី គេ​គ្រាន់តែ​ធ្វើ​ការងារ​បច្ចេកទេស និង​មិន​រុកកួន​អ្វី​សោះ​ដល់​កម្ពុជា​។ ហើយ​កាន់តែ​អាម៉ាស់​ទៅទៀត នៅ​ពេល​ដែល​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី គេ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​ប្រព័ន្ធ​ការងារ​សុខាភិបាល​របស់​គេ ក្នុង​ការ​តាមដាន​ជំងឺ»។

ការ​លើកឡើង​របស់​លោក គឹម សុខ នេះ ធ្វើឡើង​ក្រោយ​ក្រសួងការបរទេស​កម្ពុ​ជា នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​អំពី​ជំនួប កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ រវាង​ឯកអគ្គរាជទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដែល​បាន​ទៅ​ជួប​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ក្រោយ​លោក ហ៊ុន សែន បង្គាប់​ឱ្យ​កោះហៅ ដើម្បី​ចូល​ទៅ​បំភ្លឺ​រឿង​លទ្ធផល​រក​ឃើញ​ថា ស្ត្រី​អ្នកដំណើរ​លើ​កប៉ាល់ វ៉េស្ទើដាម​នោះ មាន​ផ្ទុក​មេរោគ​នៃ​ជំងឺ​កូវីដ-១៩ នេះ។

រាល់ដង តាម​ទម្លាប់ ក្រសួងការបរទេស​កម្ពុជា តែងតែ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ឬ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ ក្រោយ​ជំនួប​ការទូត​បែបនេះ​។ ប៉ុន្តែ នៅ​ក្នុង​ជំនួប​នោះ រហូត​មក​ដល់​ពេលនេះ ទាំង​ក្រសួង​ការបរទេស​កម្ពុ​ជា និង​ក្រសួងការបរទេស​ម៉ាឡេស៊ី មិន​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​អ្វីមួយ ជុំវិញ​រឿង​នេះ នោះ​ទេ។

ទោះជាយ៉ាងនេះក្តី មន្រ្តី​នាំពាក្យ​ក្រសួង​ការបរទេសកម្ពុជាលោក កុយ គួង ដែលត្រូវ​បាន​ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ដកស្រង់សម្តី​នៅ​ថ្ងៃជំនួប​នោះ ថាតំណាង​ទូតម៉ាឡេស៊ី ត្រូវ​បាន​កោះហៅ​ឲ្យចូលទៅបំភ្លឺរឿងនេះយ៉ាងណាក្តី ក៏លោក​បញ្ជាក់ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ពោលគឺពីរថ្ងៃក្រោយ​ជំនួបនោះ លោកថា មិនទាន់បាន​ចម្លើយបែបណានៅឡើយទេ ក្នុងរឿងនេះ ព្រោះខាង​តំណាង​ស្ថានទូត​ម៉ាឡេស៊ី ត្រូវ​ការ​សុំយោបល់ពីថ្នាក់បន្ត​ទៀត <<ទូត [ម៉ាឡេស៊ី] ក៏បាន​ទទួល​ចម្ងល់​ពីខាង​កម្ពុជា ហើយគាត់ហ្នឹង ថានឹង​ពាំនាំយកចម្ងល់ហ្នឹង ជូនទៅថ្នាក់លើរបស់​គាត់>>។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ស្ថានទូត​ម៉ាឡេស៊ី​បាន​នៅឡើយ​ទេ​។

ការណ៍​ដែល​លោក ហ៊ុន សែន សម្រេច​ទទួល​កប៉ាល់​ទេសចរ ដែល​ផ្ទុក​អ្នកដំណើរ និង​បុគ្គលិក​នាវា​លើ​កប៉ាល់​ជាង ២​ពាន់​នាក់ កាលពី​ថ្ងៃ​ទី១៣ ខែ កុម្ភៈ នោះ រង​ការរិះគន់​ជុំ​ទិស ថា​កម្ពុជា បាន​នាំ​ទុក្ខ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក ស្រប​ពេល​ដែល​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ កាន់តែ​កើន​ឡើង​ពេញ​បន្ទុក​។ ប៉ុន្តែ លោក ហ៊ុន សែន អះអាង​ថា នោះ​ជា​អំពើ​មនុស្សធម៌​សុទ្ធសាធ និង​អះអាង​ថា បើ​លោក​មិន​ធ្វើ​ដូច្នេះ​ទេ នឹង​មាន​វិបត្តិ​មនុស្សធម៌​ថែមទៀត​ផង។

ម្តង​ហើយ​ម្តង​ទៀត ក្រោយ​រង​ការរិះគន់​នេះ លោក ហ៊ុន សែន និង​របប​ក្រុងភ្នំពេញ ព្យាយាម​បន្សាប​ព័ត៌មាន​នេះ ដោយ​ទាញ​ការចាប់អារម្មណ៍​ទៅលើ​មន្ត្រី​សុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ដែល​លោក ហ៊ុន សែន ចោទ​ថា ធ្វើការ​ខ្ជីខ្ជា ខ្វះ​ការទទួលខុសត្រូវ ដែល​រក​ឃើញ​ស្ត្រី​អាមេរិក​វ័យ ៨៣ ឆ្នាំ​នោះ មាន​ផ្ទុក​មេរោគ​នេះ នៅ​ពេល​ខាង​កម្ពុជា​រក​មិន​ឃើញ​។ លោក ហ៊ុន សែន ថែមទាំង ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដក​ដំណែង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​នេះ​ចោល ថែម​ទៀត​ផង។

ថ្មីៗ​នេះ​ទៀតសោត ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ព្យាយាម​ភ្ជាប់​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ម៉ាឡេស៊ី នៃ​ការលាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​នេះ ដែល​មិន​ពាក់ព័ន្ធ​គ្នា​ទាល់តែសោះ ទៅ​នឹង​ការ​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​លើ​ស្ត្រី​អ្នកដំណើរ​លើ​​កប៉ាល់​នោះ ទៅ​នឹង​សារ​របស់​លោក ហ៊ុន សែន ដែល​ចោទ​រដ្ឋមន្ត្រី​នោះ​ធ្វើការ​ខ្ជីខ្ជា ខ្វះ​ការទទួលខុសត្រូវ ដែល​គួរ​ដក​ចេញពី​តំណែង​នោះ។

លោក គឹម សុខ ថាបើ​លោក ហ៊ុន សែន នៅតែ​មិន​បញ្ឈប់​ការប៉ុនប៉ង យក​ប្រទេស​ម៉ាឡេស៊ី ជា​ចំណុច​ស៊ីប ដើម្បី​លុបលាង​ភាព​អាម៉ាស់​របស់​ខ្លួន​ទេ នោះ​លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ជា​លើក​ទី​៥ ជុំវិញ​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម COVID-19 នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។