រដ្ឋាភិបាល​ថា​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អង្គការ​សហប្រជាជាតិ​រឿង​ខ្ចី​ផែនទី

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រហូត​មក​ទល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា រដ្ឋាភិបាល​ពុំ​ទាន់​ទទួល​បាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki Moon) ដែល​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ អាច​រក​ឃើញ​ផែនទី​ដែល​កម្ពុជា សុំ​ខ្ចី​នោះ​ឡើយ។

ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី និង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ដូច​គ្នា​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ពុំ​ទាន់​ឃើញ​ព័ត៌មាន​ឆ្លើយ​តប​ផ្លូវ​ការ​ពី​អង្គការ​សហប្រជាជាតិ នោះ​ទេ។

ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ដូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​ផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) ដែល​បាន​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ កក្កដា ថា អង្គការ​សហប្រជាជាតិ បាន​ផ្តល់​ជូន​កម្ពុជា នូវ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការ​ស្នើសុំ​ខ្ចី​ផែនទី​របស់​កម្ពុជា រួច​ហើយ។ អង្គការ​សហប្រជាជាតិ បញ្ជាក់​បន្ថែម​ថា ការ​ស្នើសុំ​របស់​កម្ពុជា នោះ អង្គការ​សហប្រជាជាតិ អាច​រក​ឃើញ​ហើយ ហើយ​ថា​ពួក​គេ​នឹង​បន្ត​ស្វែងរក​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​កម្ពុជា ត្រូវ​ការ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ កក្កដា បាន​ផ្ញើ​លិខិត​ទៅ​កាន់ លោក បាន គីមូន សុំ​ខ្ចី​ផែនទី​ដែល​កម្ពុជា យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤ ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់ ក្នុង​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បច្ចុប្បន្ន។

ដោយឡែក​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា លោក ហ៊ុន សែន ក៏​បាន​ផ្ញើ​លិខិត​បី​ដាច់​ដោយឡែក​ពី​គ្នា​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក ដេវីដ ខាម៉ឺរូន (David Cameron) និង​ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់ដ៏ (Francois Hollande) ដើម្បី​ខ្ចី​ផែនទី​កម្ពុជា ពី​ប្រទេស​ទាំង​នេះ​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល​ផង​ដែរ។

មន្ត្រី​រដ្ឋាភិបាល ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​ទាំង​៣ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។