ពលករខ្មែរមួយចំនួនដែលធ្វើការងារនៅប្រទេសថៃ អំពាវនាវសុំឱ្យអាជ្ញាធររបបក្រុងភ្នំពេញ ឈប់ចាប់ប្រជាពលរដ្ឋដែលតវ៉ាស្វែងរកយុត្តិធម៌សង្គមតាមអំពើចិត្តបន្តទៀត។ ពលករទាំងនោះ លើកឡើងថា ការចាប់តាមអំពើចិត្តបែបនេះ គឺជាការធ្វើឱ្យកម្ពុជាមានឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ។
ពលករខ្មែរធ្វើការសំណង់នៅទីក្រុងបាងកក លោក ផៃ សា ថ្លែងនៅថ្ងៃទី១ កញ្ញាថា ពលករខ្មែរនៅប្រទេសថៃ ភាគច្រើនមិនពេញចិត្តចំពោះអាជ្ញាធររបបក្រុងភ្នំពេញចាប់ក្រុមយុវជន និងប្រជាពលរដ្ឋដែលធ្វើបាតុកម្មទាមទារឱ្យដោះលែង ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នោះឡើយ។ ពលកររូបនេះបញ្ជាក់ថា ការចាប់មនុស្សតាមអំពើចិត្តនេះ ជាការបំបាក់ស្មារតីដល់ប្រជាពលរដ្ឋធ្វើឱ្យមិនចង់ឈឺឆ្អាលរឿងសង្គមជាតិទៅវិញទេ។លោកសំណូមឱ្យអាជ្ញាធរបើកទូលាយសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋឡើងវិញ ដើម្បីឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អនៅលើឆាកអន្តរជាតិ៖ «ខ្ញុំមិនទទួលយកបានដែលរដ្ឋាភិបាលធ្វើបាបពលរដ្ឋស្លូតត្រង់ ពីព្រោះរដ្ឋធម្មនុញ្ញបានចែងច្បាស់ហើយថា ពលរដ្ឋខ្មែរមានសិទ្ធិបញ្ចេញយោបល់បញ្ហាសង្គម។ប៉ុន្តែរាល់ថ្ងៃយើងឃើញស្រាប់ហើយ រដ្ឋាភិបាលអត់បានគោរពតាមរដ្ឋធម្មនុញ្ញដែលបានចែងមកទេ។ប្រជាពលរដ្ឋនៅស្រុកគេដូចជាថៃគេរកតែអ្នកចេះដឹងគេគោរពកោតសរសើរគេលើកតម្កើង តែបើស្រុកយើងបើចេះដឹងមានតែចាប់ដាក់គុកនិងសម្លាប់ » ។
ចំណែកពលករខ្មែរធ្វើការរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅខេត្តជាប់ទីក្រុងបាងកក លោក ជាង សុខេង វិញ ប្រាប់ថា ចាប់តាំងពីអាជ្ញាធរចាប់ក្រុមអ្នកតវ៉ាដោយសន្តិវិធីដាក់ពន្ធនាគារជាបន្តបន្ទាប់មក ធ្វើឱ្យពួកលោកធ្វើការនៅប្រទេសថៃយ៉ាងអាម៉ាស់បំផុត។លោក បញ្ជាក់ថា ជនជាតិថៃតែងតែស្ដីបន្ទោសលោកនិងពលករជាច្រើននាក់ផ្សេងទៀតថា ប្រទេសខ្មែរក្រខ្សត់ដោយសារតែមេដឹកនាំខ្មែរគ្រប់គ្រងផ្ដាច់ការ ដែលចាប់ពលរដ្ឋស្លូតត្រង់ដាក់ពន្ធនាគារតាមអំពើចិត្ត៖ «ខ្មាសគេដូចថាខ្ញុំធ្វើការអីចឹងមានថៃគេសួរគេនាំអីចឹង អត់ហ៊ាននិយាយទេ ដូចថាខ្មាសគេ ដូចថាមេដឹកនាំយើងអត់ដូចមេដឹកនាំគេ។ព្រោះអីនៅក្នុងប្រទេសគេ គេគិតដល់ប្រជាពលរដ្ឋគេ គេរកការងារឱ្យប្រជាពលរដ្ឋគេធ្វើ សូម្បីតែសម័យជំងឺកូវីដហ្នឹងទោះបីពលរដ្ឋគេអត់មានការងារធ្វើក៏គេមានប្រាក់ខែបើកឱ្យដែរ។ ដល់ពេលមេដឹកនាំយើងអត់ដែលគិតគួរដល់ប្រជាពលរដ្ឋផង មានតែជិះជាន់គាបសង្កត់។ ខ្ញុំគិតថាវាជាអំពើអយុត្តិធម៌ ហើយក៏ជាការបិទសិទ្ធិសេរីភាពការបញ្ចេញមតិ » ។
ក្រុមពលករទាំងនេះទទូចឱ្យអាជ្ញាធរខ្មែរដោះលែងអ្នកទោសមនសិការដែលបានចាប់ក្នុងឆ្នាំ២០២០ ឱ្យមានសេរីភាពវិញ និងឱ្យឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋដែលឈឺឆ្អាលបញ្ហាការងារសង្គមបន្តទៀត។ពួកគេនិយាយថា អាជ្ញាធរធ្វើបែបនេះមិនបានផល់ចំណេញដល់កម្ពុជាឡើយ ផ្ទុយទៅវិញកាន់តែធ្វើឲ្យជាតិខ្មែរមានឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យអគ្គស្នងការ នគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា ប៉ូលិសមិនបានចាប់ប្រជាពលរដ្ឋដែលតវ៉ាពាក់ព័ន្ធរឿងជាតិនោះទេ ប្រសិនបើពួកគេអនុវត្តតាមច្បាប់។លោកបញ្ជាក់ថា មូលហេតុដែលប៉ូលិសចាប់ក្រុមយុវជនចាប់ខ្លួនកន្លងទៅ ដោយសារពួកគេធ្វើបាតុកម្មដោយខុសច្បាប់៖ «គេចាប់ហ្នឹងគេមានហេតុមានផលបោះគេ ហើយអ្នកតវ៉ាអត់មានបំពានច្បាប់អត់មានបំពានទៅបញ្ញត្តិច្បាប់ធ្វើបាតុកម្មមានអ្នកណាគេចាប់ឯណា » ។
ផ្ទុយពីលើការលើកឡើងរបស់មេប៉ូលិសរូបនេះ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរចាប់ខ្លួនក្រុមអ្នកតវ៉ាកាលពីថ្មីៗនេះ គឺពុំមែនជាការអនុវត្តច្បាប់នោះឡើយ ក៏ប៉ុន្តែជាការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់៖ «នៅក្នុងសង្គមមួយមានគោលការណ៍នីតិរដ្ឋអត់មានយកមាត់មកនិយាយទេ គឺត្រូវនិយាយតាមច្បាប់ ដូច្នេះបើតាមច្បាប់ហេតុអីបានក្រុមខ្លះគាត់ទាមទារតវ៉ាទៅអត់មានបញ្ហាអី មិនមានការចាប់ខ្លួន ហើយក្រុមខ្លះតវ៉ាដែរបានជាចាប់ខ្លួនគេ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថាមិនមែនជាការអនុវត្តច្បាប់ទេ វាជាការអនុវត្តទៅតាមបញ្ជា យកបញ្ជាជាធំមិនមែនជាច្បាប់ទេ។អីចឹងបានយើងស្នើថាកម្ពុជាត្រូវតែប្រទេសនីតិរដ្ឋត្រូវតែអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវឱ្យបានស្មើភាពគ្នា » ។
ចាប់តាំងពីដើមខែសីហាមកអាជ្ញាធរបានចាប់ខ្លួនក្រុមយុវជនខ្មែរថាវរៈនិងអ្នកដែលចូលរួមតវ៉ាទាមទារឱ្យតុលាការដោះលែងលោក រ៉ុង ឈុន ចំនួន ៦នាក់ហើយ ដាក់ពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់អ្នកទាំង ៦នាក់ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសសហជីពអន្តរជាតិធំៗ ជាច្រើនស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ អំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទប្រកាន់លោក រ៉ុង ឈុន និងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពជាបន្ទាន់។ អង្គការទាំងនោះក៏ជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានដូចដែលមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
