គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរម្តងទៀត ថាមានតែស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញតែប៉ុណ្ណោះ ទើបកម្ពុជាអាចបាន EBA ពេញមកវិញ។
ជំហររបស់គណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងលិខិតទីពីររបស់សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែលសុំឲ្យគណៈកម្មការអឺរ៉ុបពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ទៅឆ្នាំក្រោយ ព្រោះវិស័យកាត់ដេរ កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩។
ឆ្លើយតបទៅនឹងលិខិតនោះ មន្រ្តីព័ត៌មានផ្នែកពាណិជ្ជកម្ម របស់គណៈកម្មការអឺរ៉ុប អ្នកស្រី ឃីនហ្កា ម៉ាលីណូវស្កា (Kinga Malinowska) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក កាលពីយប់ថ្ងៃទី ២៤ មិថុនា ថាគណៈកម្មការអឺរ៉ុប បានទទួលលិខិតនោះហើយ និងឆ្លើយតបទៅ GMAC វិញក្នុងពេលឆាប់ៗខាងមុខនេះ។
ប៉ុន្តែ មន្រ្តីនាំពាក្យគណៈកម្មការអឺរ៉ុបរូបនេះ បញ្ជាក់បន្ថែមថា កូនសោរគឺនៅដៃរដ្ឋាភិបាលកម្ពុជា ពោលគឺទាល់តែកម្ពុជា បង្ហាញឲ្យឃើញការខំខិតខំប្រឹងប្រែងជាដុំកំភួន ក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឲ្យពិតប្រាកដប៉ុណ្ណោះ ទើបគណៈកម្មការអឺរ៉ុប អាចសើរើសេចក្តីសម្រេចរបស់ខ្លួនឡើងវិញបាន។
អ្នកស្រីថាការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនេះ គឺជាលក្ខខណ្ឌតម្រូវ អនុលោមតាមច្បាប់របស់សហភាពអឺរ៉ុប ជាពិសេសលក្ខខណ្ឌសម្រាប់នីតិវិធីដកការអនុគ្រោះពន្ធ។
ទោះជាយ៉ាងនេះក្តី មន្រ្តីគណៈកម្មការអឺរ៉ុបដដែល បន្តថាគណៈកម្មការអឺរ៉ុប នឹងនៅតែស្វះស្វែងរកការចូលរួមប្រកបដោយអត្ថន័យ ពីសំណាក់អាជ្ញាធរកម្ពុជា ហើយនៅតែបន្តឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា យ៉ាងយកចិត្តទុកដាក់ តទៅទៀត។
នេះជាលើកទីពីរហើយ ក្នុងខែ មិថុនានេះ ដែលគណៈកម្មការអឺរ៉ុប បង្ហាញជំហរដដែល ទៅសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ថាមិនព្រមពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ដែលគ្រោងនឹងដកជាធរមាននៅថ្ងៃទី ១២ ខែ សីហានោះទេ បើរដ្ឋាភិបាលកម្ពុជា នៅតែមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
គណៈកម្មការអឺរ៉ុប ធ្លាប់បានរម្លឹករបបក្រុងភ្នំពេញជាច្រើនដងហើយ ថាកូនសោរគឺនៅលើដៃលោក ហ៊ុន សែន មិនមែននៅលើដៃរបស់គណៈកម្មការអឺរ៉ុបទេ រឿងបាត់ឬមិនបាត់ EBA នេះ។
នៅក្នុងការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ ឌែលឡឺវែរ (Delaware) នៃសហរដ្ឋអាមេរិក អំពីផលប៉ះពាល់ធ្ងន់ធ្ងរ បើសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធត្រឹមតែ ២០% ក៏ដោយ ខាងសកលវិទ្យាល័យនេះ ផ្តល់អនុសាសន៍ ឲ្យរដ្ឋាភិបាលកម្ពុជា ចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបាន EBA ពេញមកវិញ។
ប៉ុន្តែ សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា មិនសរសេរលិខិតទៅស្នើឲ្យរដ្ឋាភិបាលកម្ពុជា កែលម្អបញ្ហាសិទ្ធិមនុស្សទេ តែបែរជាសរសេរទៅគណៈកម្មការអឺរ៉ុបទៅវិញ។
ឆ្លើយតបទៅនឹងជំហរដដែលរបស់គណៈកម្មការអឺរ៉ុបបែបនេះ ប្រធានសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា សិទ្ធិសម្រេចយ៉ាងណាគឺជាសិទ្ធិរបស់គណៈកម្មការអឺរ៉ុប។ ឆ្លើយតបទៅនឹងសំណួរអាស៊ីសេរី ថាតើលោកនឹងសរសេរលិខិតជាលើកទី ៣ ទៅគណៈកម្មការអឺរ៉ុបទៀត ឬយ៉ាងណា លោកថាចាំគិតទៀត ចាំឃើញចម្លើយទីពីរពីគណៈកម្មការអឺរ៉ុបផ្ទាល់សិន <<អាហ្នឹងជាសិទ្ធិរបស់ EU! [អាស៊ីសេរី៖ ដូច្នេះលោកមិនសរសេរទៅរដ្ឋាភិបាលទេ ទោះបានចម្លើយបែបនេះ ? ] អត់ទេ! យើងអត់សរសេរទៅរាជរដ្ឋាភិបាលទេ។ [អាស៊ីសេរី៖ ចុះឥឡូវគេថាអត់ពន្យារឲ្យទេ លោកនឹងសរសេរលិខិតទៅទៀត ? ] ឥឡូវអត់ទាន់ដឹងទេ! ចាំយើងទទួលលិខិតឆ្លើយពីខាង EU សិន>>។
មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីសហជីពឯករាជ្យ សុទ្ធតែយល់ស្របគ្នាថា អ្វីដែលសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ធ្វើនោះ គឺជាការអេះមិនចំរមាស់ ឬដាក់ថ្នាំមិនត្រូវកន្លែងរបួសទេ។ ពួកគាត់ស្នើឲ្យសមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ក្លាហានហ៊ានប្រាប់ការពិតទៅរដ្ឋាភិបាលកម្ពុជា ថាអ្នកដែលធ្វើឲ្យបាត់ EBA មិនមែន EU ទេ គឺរបបក្រុងភ្នំពេញ។
ប៉ុន្តែលោក ខេន លូ ថារឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនោះ គឺជារឿងនយោបាយ ខាងលោកជាវិស័យឯកជន មិនលូកដៃចូលកិច្ចការនយោបាយទេ ទុកឲ្យអ្នកនយោបាយចាត់ចែង។
អាស៊ីសេរីនៅតែមិនទាន់អាចសុំការបំភ្លឺ ពីមន្រ្តីនាំពាក្យរដ្ឋាភិបាលជុំវិញរឿងនេះបានទេ។ ប៉ុន្តែ កន្លែងមកលោក ហ៊ុន សែន ប្រកាន់ជំហរដាច់ខាត ថាមិនធ្វើតាមសហភាពអឺរ៉ុបជាដាច់ខាត ព្រោះបើធ្វើតាម គឺដូចជាឱនក្បាលដាក់បរទេសពេក។ ម្យ៉ាងលោកធ្លាប់អួតអាងថា បើអត់ EBA ក៏កម្ពុជាមិនស្លាប់ដែរ ព្រោះយូរនឹងឆាប់ គេគង់នឹងដក EBA ទាំងអស់ដដែល។
ទោះជាយ៉ាងនេះក្តី នោះគឺជាសម្តីលោក ហ៊ុន សែន មុនមានវិបត្តិជំងឺកូវីដ-១៩។ ក្រោយផ្ទុះជំងឺកូវីដ-១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះស្ទើរដល់កម្រិតសូន្យនេះ លោក ហ៊ុន សែន មិនទាន់ថ្លែងការណ៍អ្វីមួយ ជុំវិញរឿង EBA នេះនៅឡើយទេ។
ស្របពេលជាមួយគ្នានេះ មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលិនឯណោះ ដែលចោទថាការបាត់ EBA គឺដោយសារក្រុមប្រឆាំងនោះ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២៤ ខែ មិថុនា ថារដ្ឋាភិបាលកម្ពុជា នៅតែបន្តធ្វើការជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរកដំណោះស្រាយរួមមួយ។
ថាតើរបបក្រុងភ្នំពេញអាចស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញយ៉ាងណា ឲ្យបានមុនថ្ងៃកំណត់ ដែលគណៈកម្មការអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ ២០%នោះ គឺកម្ពុជានៅសល់ពេលខ្លីណាស់ ព្រោះនៅសល់ពេលមិនដល់ ៧ សប្តាហ៍ទៀតប៉ុណ្ណោះ។
គណៈកម្មការអឺរ៉ុប នឹងដកការអនុគ្រោះពន្ធ ២០% ពីកម្ពុជា នៅថ្ងៃទី ១២ ខែ សីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។