ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ទៅ​ជួប​លោក កឹម សុខា ក្រោយ​លោក​ចុះ​មូលដ្ឋាន​ញឹក​ញាប់

0:00 / 0:00

ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី ខាមែន ម័ររ៉េណូ (Mrs.Carmen Moreno) ទៅ​ជួប​សួរ​សុខ​ទុក្ខ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដល់​គេហដ្ឋាន​របស់​លោក នៅ​ឯ​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៥ កញ្ញា។

លោក កឹម សុខា សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា តំណាង​សហភាព​អឺរ៉ុប​រូប​នេះ​ មក​ជួប​លោក​ជា​ថ្មី​ម្តង​ទៀត ដើម្បី​សំណេះ​សំណាល និង​ចង់​ដឹង​អំពី​ស្ថាន​ភាព​សុវត្ថិ​ភាព​របស់​លោក បន្ទាប់​ពី​លោក​បាន​ធ្វើ​ដំណើរ​ចូល​រួម​ក្នុង​កម្ម​វិធី​សាសនា ប្រពៃណី កសិកម្ម និង​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​តាម​ខេត្ត​មួយ​ចំនួន។

លោក កឹម សុខា ឱ្យ​ដឹង​ទៀត​ថា អ្នក​ស្រី​ ខារមែន ម័ររេណូ បាន​បញ្ជាក់​ប្រាប់​លោក​ថា សហភាព​អឺរ៉ុប​នៅ​តែ​មាន​បំណង​ចង់​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​នានា ទោះជា​កំពុង​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ​យ៉ាង​ណា​ក្ដី។ លោក​ថ្លែង​ទៀត​ថា លោក​ក៏​ចង់​ឃើញ​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា ដើម្បី​លើក​ស្ទួយ​ និង​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​បន្ត​ទៀត​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​ខាងមុខ។

មន្ត្រី​ទូត​ប្រទេស​ប្រជាធិបតេយ្យ​បាន​បណ្ដាក់​គ្នា​ចូល​ជួប​លោក កឹម សុខា ជា​ហូរហែ បន្ទាប់​ពី​តុលាការ​អនុញ្ញាត​ឱ្យ​លោក​មាន​សិទ្ធិ​ដើរ​ហើរ​ក្នុង​រង្វង់​ដែន​ដីខ្មែរ លើក​លែង​តែ​ការ​ធ្វើ​សកម្មភាព​នយោបាយ។ ក្រុម​អ្នក​សង្កេត​ការណ៍​​យល់ថា កាយ​វិការ​ទាំងនេះ​បង្ហាញ​ថា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ទទួល​ស្គាល់​តួនាទី​លោក កឹម សុខា ​ជា​មេដឹកនាំ​បក្ស​ប្រឆាំង និង​ចង់​ឱ្យ​មាន​ការ​ផ្សះផ្សា​នយោបាយ​នៅ​កម្ពុជា។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជាង​ពីរ​ឆ្នាំ ​ពី​បទ​ក្បត់​ជាតិ។ ​តុលាការ​បាន​បើក​សវនាការ​ក្តី​នេះ​ កាល​ពី​ដើម​ឆ្នាំ២០២០ តែ​ក្រោយ​មក​បាន​ផ្អាក​វិញ ដោយ​សារ​តែ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ ទោះ​ជា​ស្ថានភាព​កូវីដ-១៩ បាន​ធូរ​ស្រាល​ហើយ​ក្ដី ក៏​តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​ជម្រះ​ក្តី​នេះ​ឡើង​វិញ​នៅ​ឡើយ​ទេ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​លោក ហ៊ុន សែន ​ថ្លែង​នៅ​ពេល​ថ្មីៗ នេះ​ថា រឿង​ក្តី​នេះ​អាច​ពន្យារ​ពេល​​ដល់​ឆ្នាំ២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។