អង្គការអប់រំអន្តរជាតិ (Education International) សរសេរលិខិតទៅលោក ហ៊ុន សែន ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់។
នៅក្នុងលិខិត ចុះថ្ងៃទី៥ ខែ សីហា ប្រធានអង្គការអប់រំអន្តរជាតិ ដែលតំណាងឲ្យបុគ្គលិកអប់រំជិត ៣៣ លាននាក់ តំណាងអង្គការជិត ៤០០ និង ១៧៨ ប្រទេស លោក ដេវីដ អែតវើត (David Edwards) បញ្ជាក់ថា អង្គការនេះ និងសមាជិកទាំងអស់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីរលកនៃការបង្ក្រាបអ្នកតវ៉ានៅកម្ពុជា។ លោកបន្តថា សហជីពនៅកម្ពុជា ត្រូវមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសម្ដែងក្តីព្រួយបារម្ភរបស់ខ្លួន ដោយមិនត្រូវមានទោសពៃរ៍ ដោយសារការហ៊ានបញ្ចេញមតិ ដើម្បីប្រយោជន៍កម្មករនោះទេ។ លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិបញ្ចេញមតិ និងសិទ្ធិប្រមូលផ្តុំគ្នាតវ៉ា ដែលមានធានាក្នុងអនុសញ្ញានៃអង្គការអន្តរជាតិខាងការងារ (ILO) និងអនុសញ្ញាអន្តរជាតិឯទៀតស្ដីពីសិទ្ធិមនុស្ស។
មុននឹងការចាប់ខ្លួន លោក រ៉ុង ឈុន ដែលជាប្រធានសហភាពកម្ពុជា ជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផងនោះ ធ្លាប់សរសេរលិខិតទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញ ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ចៀសវាងបាត់ EBA ២០%។ លោកធ្លាប់បានព្រមានរបបនេះ ថាកម្មករនឹងក្រោកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលធ្វើឲ្យបាត់ EBA នេះ។ ថ្មីៗនេះ លោកក៏បានចេញមុខតវ៉ា ឲ្យដោះលែងគ្រូបង្រៀនជាច្រើននាក់ ដែលអាជ្ញាធរចាប់ខ្លួន ដោយសារតែការបញ្ចេញមតិ។ ចុងក្រោយនេះ លោកបានចុះទៅពិនិត្យព្រំដែនកម្ពុជាវៀតណាម និងចេញរបាយការណ៍អំពីភាពមិនប្រក្រតីនៅតំបន់នោះ។
ជុំវិញរឿងចាប់ខ្លួនលោក រ៉ុង ឈុន នេះ ប្រធានអង្គការអប់រំអន្តរជាតិ ថាអង្គការនេះ នឹងបន្តតាមដានស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ យ៉ាងយកចិត្តទុកដាក់បំផុត និងឈរប្រកៀកស្មាគ្នា ជាមួយអង្គការដទៃទៀត ដែលជាសមាជិក ដើម្បីតវ៉ាជំទាស់នឹងការរំលោភសិទ្ធិមនុស្សនេះ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីអ្នកនាំពាក្យរបបក្រុងភ្នំពេញបាននៅឡើយទេ ជុំវិញលិខិតនេះ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌នៃរបបនេះ ថាបើចង់ជួយអ្នកជាប់ឃុំ ដូចជារូបលោក រ៉ុង ឈុននេះ គឺមានតែប្រឹងស្វែងរកមេធាវីពូកែៗ ដើម្បីការពារក្តីតាមផ្លូវតុលាការប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តីនៅក្នុងប្រវត្តិកាត់សេចក្តីនៅក្នុងតុលាការកម្ពុជា ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គេសង្កេតឃើញថា ស្ទើរតែគ្មានសំណុំរឿងនយោបាយរបស់បក្សប្រឆាំង ឬអង្គការសង្គមស៊ីវិល ឬសហជីពឈ្នះក្តី ក្នុងរឿងប្ដឹងផ្ដល់ជាមួយរដ្ឋាភិបាលម្តងណាឡើយ បើទោះជាមានមេធាវីល្អយ៉ាងណាក៏ដោយ។ ប្រធានតុលាការគ្រប់ជាន់ថ្នាក់ សុទ្ធតែជាសមាជិកនយោបាយរបស់គណបក្សកាន់អំណាច ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។