ប្រជាពលរដ្ឋមួយចំនួនប្រតិកម្មនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយយល់ព្រមស្បថដាក់ជីវិតជាមួយលោក ដែលបានអំពាវនាវដល់ជនទាំងឡាយដែលសង្ស័យថា រដ្ឋាភិបាលបិទបាំងព័ត៌មានអំពីអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា បញ្ហានេះដោយសារតែប្រជាពលរដ្ឋមិនទុកចិត្តការផ្ដល់ព័ត៌មានរបស់រដ្ឋាភិបាលពាក់ព័ន្ធជំងឺផ្លូវដង្ហើមនេះមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។
ភ្លាមៗ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសស្វែងរកឱ្យអ្នកចេញមុខស្បថជាមួយលោកពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩នោះ ស្រាប់តែអ្នកលេងហ្វេសប៊ុកខ្លះបានបង្ហោះសារយល់ព្រមស្បថជាមួយលោក ហ៊ុន សែន។
ប្រជាពលរដ្ឋម្នាក់ ដែលកំពុងស្នាក់នៅក្រៅប្រទេស លោក សុន សីហា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៥ មីនាថា បើទោះបីជាលោក ហ៊ុន សែន ប្រកាសបបួលស្បថស្បែយ៉ាងនេះក្ដី ក៏លោកនៅតែមិនជឿព័ត៌មានរបស់រដ្ឋាភិបាលដែលបង្ហាញអ្នកឆ្លងជំងឺកូវីដ-១៩ ដដែល។ ពលរដ្ឋរូបនេះ បន្ថែម ថា លោកហ៊ានស្បថឱ្យរន្ទះបាញ់ ឬដាក់ជីវិតជាមួយលោក ហ៊ុន សែន ប្រសិនបើអ្នកជំងឺរលាកផ្លូវដង្ហើមនេះ មានតែ ៧ករណីកើតឡើងនៅកម្ពុជានោះ។ ប៉ុន្តែលោកថា លោកសំណូមពរដល់មេដឹកនាំរូបនេះថា ត្រូវតែយកឧបករណ៍ការពាររន្ទះចេញពីផ្ទះនឹងរថយន្តរបស់ខ្លួន ដើម្បីឱ្យស្មើភាពគ្នាផ្នែកខាងអប្បិយជំនឿ៖ «ប៉ុន្តែបើវត្ថុស័ក្ដិសិទ្ធិមានមែន ខ្ញុំជឿលោក ហ៊ុន សែន អាចរន្ទះបាញ់ឬក៏ស្លាប់យ៉ាងវេទនា ដោយសារតែគាត់មិនគោរពតាមពាក្យសន្យា ដែលបានស្បថបំពាន។ព្រោះខ្ញុំជឿថា របបហ្នឹងលាក់បាំងព័ត៌មានពិតប្រាកដមែន អីចឹងខ្ញុំមិនខ្លាចអីហ្នឹងការស្បថទេ ពីព្រោះលោក ហ៊ុន សែន មិនដែលធ្វើតាមពាក្យសម្បថនិងគោរពពាក្យសន្យាទេ ព្រោះកន្លងមកគាត់បានផឹកទឹកសម្បថមុនពេលចូលកាន់តំណែងអីហ្នឹង តែគាត់មិនដែលធ្វើតាមពាក្យស្បថនោះម្ដងណាទេ។ គាត់ផឹកទឹកសម្បថហើយ ធ្វើបាបប្រជាពលរដ្ឋមិនគោរពសិទ្ធិមនុស្ស គ្មានប្រជាធិបតេយ្យ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀត ថ្លែងថា លោក ហ៊ុន សែន អាចនឹងជួបគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនលោកនៅតែហ៊ានស្បថថា មានជំងឺរលាកផ្លូវដង្ហើមនេះ កើតនៅលើទឹកដីខ្មែរត្រឹមតែចំនួន ៧នាក់នោះ។ ពលរដ្ឋរូបនេះក៏ស្បថដាក់អាយុជីវិតជាមួយលោក ហ៊ុន សែន ដែរ ហើយលោកសុំឱ្យវត្ថុស័ក្ដិសិទ្ធិ ដូចជា លោកតាដំបងក្រញូង លោកតាឃ្លាំងមឿង និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយនៅកម្ពុជាជួយធ្វើសាក្សី និងដាក់ទោស ចំពោះអ្នកដែលស្បថបំពានលើរឿងនេះ៖ «ខ្ញុំចង់ឱ្យលោកហ៊ុន សែន បង្ហាញការពិត ព្រោះរឿងអីចឹងប្រទេសគេកើតមួយគេបញ្ចេញមួយ ដូចថៃជាដើម គេមួយបញ្ចេញមួយហើយសាមីខ្លួនគេចេញមកបកស្រាយឱ្យយើងចេះការពារខ្លួន។ បើប្រជាពលរដ្ឋដឹងចេះតែការពារទៅ តែបើចេះតែលាក់បាំងដល់ពេលឆ្លងអីហើយបាត់ស្ងាត់ជ្រាបទៅ ដូចតែកើតមកខ្យល់គរ តែខ្យល់គរចេញមកវិញឬមិនចេញអីក៏មិនឃើញសាមីខ្លួនដែលដួលខ្យល់គរហ្នឹងទៅដល់ណា»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសបបួលអ្នកដែលរិះគន់រដ្ឋាភិបាលរបស់លោក ព្យាយាមលាក់បាំងព័ត៌មានអំពីអ្នកកើតជំងឺកូវីដ១៩ ដោយស្បថឱ្យរន្ទះបាញ់ កាលពីថ្ងៃទី១៤ មីនា។
ថ្លែងនៅក្នុងពិធីបុណ្យទន្លេលើកទី៦នៅទីរួមខេត្តបាត់ដំបង នៅរសៀលថ្ងៃថ្ងៃទី១៤ មីនា លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលរបស់លោកមិនបានលាក់បាំងព័ត៌មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។ លោកបានថ្លែងថា តើអ្នកឯងហ៊ានស្បថទេ បើថាកម្ពុជាលាក់បាំងព័ត៌មានអំពីជំងឺផ្លូវមេរោគដង្ហើមនេះ៖ «ហើយខ្ញុំគិតថានៅទីនេះជាតំបន់ស័ក្ដិសិទ្ធិៗ ច្បាប់ជាគេមិនហ៊ានស្បថទេ។ បើសិនអ្នកណាហ៊ានស្បថបង្ហោះតាមហ្វេសប៊ុកមក ដើម្បីស្បថដាក់ជីវិតតែម្ដង បើគ្រាន់តែផ្ចាញ់ផ្ចាល ខ្ញុំសូមជម្រាបដល់អស់លោកអ្នកថា កម្ពុជាពេលនេះរាប់ទាំងការព្យាបាលជាទើបតែមាន៧ករណីទេ។ ប៉ុន្តែសម្រាប់ពួកអ្នកឯងវិញបានដើរដល់កាំជណ្ដើរផ្ទះទៅហើយ ព្រោះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់រយនាក់ ឬរាប់សិបនាក់នៅក្នុងប្រទេសដែលអ្នកឯងកំពុងស្នាក់នៅទៅហើយ ដូច្នេះសូមអ្នកឯងគួរគិតគួរខ្លួនអ្នកឯងជាជាងបំពុលព័ត៌មាន»។
ហ្វេសប៊ុកឈ្មោះ រុន ចាន្ធី (Ron Chanthy) មានគ្នា ៦នាក់ ឈរថតរូបស្បថជុំគ្នាបង្ហោះឌឺដងទៅលើហ៊ុន សែន ថា ពួកគេជាយុវជនសង្គ្រោះជាតិ រួមមានលោក នាង សុឃុន លោក រុន ចន្ធី លោក ករុណា ពៅ លោក រិន រដ្ឋ លោក វឿង សំណាង រស់ ដូនី សូមប្រកាសស្បថជាមួយលោក ហ៊ុន សែន ទាក់ទងការលាក់បាំងព័ត៌មានរឿងមេរោគឆ្លងកូរ៉ូណា Covid-១៩ ដែលបណ្ដោយឱ្យរីករាលដាលក្នុងប្រទេស។ យុវជនទាំងនោះលើកឡើងថា លោក ហ៊ុន សែន បានលាក់បាំងព័ត៌មានយ៉ាងពិតប្រាកដមែន។ ពួកគាត់បួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោកយាងទៅកាច់បំបាក់ករអ្នកដែលនិយាយមិនពិតភូតភរបោកប្រាស់ សូមឱ្យទេវតាដាក់ទោសនៅពេលធ្វើដំណើរសូមឱ្យក្រឡាប់ឡាន ហើយពេលជិះយន្តហោះសូមឱ្យរន្ទះបាញ់ធ្លាក់ចុះជាដើម។ ប្រភពដដែលអះអាងថា ហ៊ានចេញមុខដើម្បីសេចក្ដីសុខរបស់ពលរដ្ឋខ្មែរ និងហ៊ានទទួលខុសត្រូវចំពោះការស្បថនេះទៀតផង។
ទាក់ទងបញ្ហានេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការស្បថស្បែនេះ គ្រាន់តែជាអប្បិយជំនឿ គឺមិនអាចជួយអ្វីដល់ពលរដ្ឋខ្មែរបានទេពីព្រោះជំងឺកូវិត១៩ កំពុងរាតត្បាតខ្លាំងនៅលើពិភពលោក មិនទាន់រកថ្នាំព្យាបាលនៅឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សំគាល់ទៀតថា មូលហេតុដែលប្រជាពលរដ្ឋមិនជឿជាក់លើការផ្ដល់របស់រដ្ឋាភិបាលកន្លងមក ទំនងដោយសារពួកគេឃើញមនុស្សដួលសន្លប់ខុសប្រក្រតីជាច្រើនកន្លែង ហើយអាជ្ញាធរហាក់ផ្ដល់ព័ត៌មានមិនច្បាស់លាស់ ជុំវិញពីការឆ្លងជំងឺកូវីដ-១៩៖ «វិធានរបស់រដ្ឋដែលចាត់ធ្វើឡើងព័ត៌មាននេះជារឿងសំខាន់ ប៉ុន្តែជាទូទៅយើងឃើញថា រដ្ឋក៏បានចាត់វិធានការដែរ ដូចជាបានបិទសាលារៀននៅភ្នំពេញនេះក៏ជាវិធានការមួយដែរ។ ប៉ុន្តែពាក់ព័ន្ធព័ត៌មានធ្វើបច្ចុប្បន្នភាពឧបមាថា ឈ្មោះមានផ្ទះមេរោគហ្នឹងថាតើគាត់មានទំនាក់ទងជាមួយអ្នកណាខ្លះ។ អីចឹងយើងត្រូវតែបង្ហាញគាត់ដែរបុរសហ្នឹងទៅកន្លែងនេះកន្លែងនោះ ឬគាត់មានទំនាក់ទំនងជាមួយអ្នកនេះអ្នកនោះ។ អីចឹងព័ត៌មាននៃដំណើររបស់គាត់តាំងពីពេលគាត់មកដល់កម្ពុជារហូតដល់អាជ្ញាធរមានការត្រួតពិនិត្យរោគសញ្ញាហ្នឹងបាទ»។
លោក យង់ គិមអេង បន្តថា ដើម្បីឱ្យពលរដ្ឋជឿទុកចិត្តបានអំពីរឿងនេះ រដ្ឋាភិបាលគួរតែផ្ដល់ព័ត៌មានជំងឺកូវីដ១៩ ឱ្យពលរដ្ឋអាចជឿទុកចិត្ត ដូចជា មានមន្ត្រីប្រចាំការត្រួតពិនិត្យកម្ដៅនៅច្រកព្រំដែនប្រទេសជាប់កម្ពុជា អាកាសយានដ្ឋានអន្តរជាតិ និងតាមដានបរទេសទាំងឡាយ ដែលទើបចូលមកកម្ពុជា ក្នុងអំឡុងពេលជំងឺនេះកំពុងតែរាតត្បាត ហើយត្រូវផ្ដល់ព័ត៌មានរឿងឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋបានដឹង និងនាំគ្នាមានការប្រុងប្រយ័តកុំឆ្លងជំងឺនេះ៕