ប្រពន្ធនិងកូនសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី១៩ មិថុនា ប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញទាមទារឱ្យតុលាការដោះលែងអ្នកទោសនយោបាយជាង ១០នាក់ឱ្យមានសេរីភាពឡើងវិញនិងដោយឥតលក្ខខ័ណ្ឌ។
ក្រុមអ្នកតវ៉ាបានឈរកាន់បដាមានខ្លឹមសារប្រហាក់ប្រហែលគ្នា ដោយទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើប្ដី និងឪពុករបស់ពួកគេ ហើយឱ្យដោះលែងអ្នកទោសនយោបាយទាំងនោះឱ្យមានសេរីភាពឡើងវិញ។
ក្រុមអ្នកតវ៉ាទាំងនោះចាត់ទុកការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះថា ជារឿងអយុត្តិធម៌បំផុតមិនអាចទទួលយកបានឡើយ។
តំណាងអ្នកតវ៉ាម្នាក់នៅរាជធានីភ្នំពេញ លោកស្រី សុខ បូលីម៉ា ថ្លែងក្រោយពេលបញ្ចប់ការតវ៉ាថា ប្ដីរបស់លោកស្រី ជាចៅសង្កាត់ដេប៉ូទី៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក រាជធានីភ្នំពេញ គឺលោក ឃឹម ភាណា ពុំបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះទាមទារឱ្យមន្ត្រីតុលាការដោះលែងប្ដីរបស់លោកស្រីព្រមទាំងអ្នកទោសនយោបាយដទៃទៀត ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់៖ «ព្រោះតុលាការចាប់គាត់យូរហើយល្មមដោះលែងគាត់ហើយ ព្រោះគាត់អត់មានកំហុសអីទេ ដើម្បីឱ្យគាត់វិលត្រឡប់មកផ្ទះវិញចិញ្ចឹមប្រពន្ធកូនអាងគាត់ជាមេគ្រួសារដល់អត់មានប្ដីទៅពួកខ្ញុំឡេឡា ការងារក៏អត់មានធ្វើ ហើយជំពាក់លុយធនាគារទៀត ដល់អីចឹងវាជាបន្ទុកធ្ងន់ណាស់។ ពួកខ្ញុំធ្វើដោយខ្លួនឯងអត់មានអ្នកណាជាមេក្រុមមេបក្សអីទេអត់មានទេ សុទ្ធតែប្រពន្ធអ្នករងគ្រោះទាំងអស់ធ្វើដោយចិត្តខ្លួនឯង ដើម្បីឱ្យគេដោះលែងប្ដីរៀងៗ ខ្លួន » ។

ការតវ៉ានេះពុំមានមន្ត្រីតុលាការណាម្នាក់ចេញទៅជួបក្រុមអ្នកតវ៉ានោះទេ ហើយពួកគាត់ក៏នាំគ្នាទៅដាក់ញត្តិនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) វិញ ដើម្បីស្នើសុំអន្តរាគមន៍ពីស្ថាប័ននេះ។ ក្រុមអ្នកតវ៉ាគ្រោងជួបជុំគ្នាដាក់ញត្តិតាមស្ថានទូតប្រទេសសេរីប្រចាំនៅកម្ពុជាបន្តទៀតនៅសប្ដាហ៍ក្រោយ។
អាស៊ីសេរីមិនទាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៩ មិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា រឿងក្ដីក្ដាំនេះជានីតិវិធីរបស់តុលាការ ដោយពុំមានក្រុមឬស្ថាប័នណាអាចបង្គាប់បញ្ជា ឬដាក់សម្ពាធទៅលើតុលាការបានឡើយ៖ «ក៏ប៉ុន្តែផ្ទុយទៅវិញពួកគាត់គួរតែធ្វើការតវ៉ាទៅមេកើយរបស់គាត់នៅក្រៅប្រទេស ឱ្យជួយពួកគាត់ ដូចជាជំនួយផ្នែកច្បាប់អីជាដើម ពីព្រោះថា ក្រុមទាំងនោះហើយដែលបានរៀបចំផែនការញុះញង់ពួកគាត់ឱ្យធ្វើសកម្មភាពអីផ្សេងៗដែល ឈានទៅការល្មើសច្បាប់ហើយនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់បែបនេះ » ។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌នេះ ប្រធានសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា កត់សំគាល់ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។ លោកបន្តថា ការតវ៉ា គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ៖ «យើងក៏ទទូចស្នើដែរឱ្យរដ្ឋាភិបាលជាពិសេសស្ថាប័នតុលាការសូមលោកពិចារណាឱ្យបានហ្មត់ចត់ទៅការឃុំខ្លួនសកម្មជនបក្សប្រឆាំងនេះ ដើម្បីងាយទៅរកការដោះស្រាយគ្នាតាមផ្លូវនយោបាយ ជាជាងយកច្បាប់ទៅអនុវត្តន៍នៅក្នុងកត្តាដែលពាក់ព័ន្ធរឿងនយោបាយនេះគឺមានការលំបាកណាស់នៅពេលដែលយើងយកច្បាប់ទៅអនុវត្តនៅក្នុងរឿងទាំងអស់នេះ » ។
ចាប់តាំងពីដើមឆ្នាំ២០២០ មកមានសកម្មជនបក្សប្រឆាំង ចំនួន ១៦នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដាក់ពន្ធនាគារព្រៃស តែដោះលែងសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀងវិញម្នាក់ ដោយសារមានជំងឺធ្ងន់ធ្ងរ ពេលចាប់ខ្លួនដោយបង្ខំ។មន្ត្រីគណបក្សប្រឆាំងទាំងនោះត្រូវបានចោទប្រកាន់ដូចៗ គ្នាពីបទរួមគំនិតក្បត់ ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និង ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) វាយតម្លៃថា ករណីទាំងនេះជាការចោទប្រកាន់បែបប្រឌិត និងមានចរិតនយោបាយ ហើយអង្គការនេះទាមទារឱ្យរបបក្រុងភ្នំពេញបញ្ឈប់ទង្វើយាយីលើសកម្មជនបក្សប្រឆាំងជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។