ពាក់ព័ន្ធនឹងការវាយកម្ទេច អគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិកថ្មីៗ នេះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់អាស៊ីសេរីកាលពីថ្ងៃសៅរ៍ថា មូលហេតុដែលវាយកម្ទេចនេះ គឺដោយសារតែកម្ពុជាមានគម្រោងការអភិវឌ្ឍន៍កំពង់ផែយោធារាម ឱ្យមានលក្ខណៈទំនើបជាងមុន។
ការវាយកម្ទេចអគារ ដែលសង់ដោយលុយជំនួយរបស់សហរដ្ឋអាមេរិកនេះ កើតឡើងក្រោយមានការសង្ស័យថា កម្ពុជាបានចុះហត្ថលេខាសំងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់មូលដ្ឋានរាម សម្រាប់ធ្វើជាមូលដ្ឋានទ័ព។
ក៏ប៉ុន្តែ លោក ទៀ បាញ់ ថា កម្ពុជាបានរុះរើពីទីតាំងចាស់ទៅធ្វើនៅកន្លែងថ្មីដែល វាសមស្របទៅតាមតម្រូវការរបស់ទីបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក សម្រាប់សន្តិសុខ លំហសមុទ្រ។
លោកថា អគារជំនួយរបស់សហរដ្ឋអាមេរិកនេះ គឺជាអគារចាស់ ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកកម្ពុជា ហើយសហរដ្ឋអាមេរិក បានធ្វើការជួសជុល និងបំពាក់ឧបករណ៍បន្តិចបន្តួច ដើម្បីបម្រើការឱ្យទីបញ្ជាការសន្តិសុខលំហសមុទ្រ ដូចនេះ វាមិនមានអ្វីជាដុំកំភួនទេ។ លោកចោទប្រកាន់ថា នេះហើយជាសារធាតុរបស់ប្រទេសមហាអំណាច ដែលមានបំណងមករារាំង និងចោទប្រកាន់មកលើកម្ពុជា៖ «អស់លោកទាំងអស់សុទ្ធតែនិយាយថា ជាអគារអាមេរិកគេវ៉ៃចោល អាហ្នឹងនៅក្នុងអធិបតេយ្យកម្ពុជា។ កម្ពុជាមានសិទ្ធិ នឹងចាត់ចែងរៀបចំ ទុកដាក់ធ្វើកន្លែងណា វាគ្មានអ្វីទៅចម្លែកទាល់តែសោះ។ ដូច្នេះយើងត្រូវតែ អភិវឌ្ឍន៍កំពង់ផែរាមនេះ ឱ្យវាមានលក្ខណៈទូលំទូលាយបន្តិច តាំងពីផែ តាំងពីអ៊ូ តាំងពីជម្រៅទឹក ឥឡូវហ្នឹងទឹកវារាក់ វាតូច វាចង្អៀត វាមិនអាចគេហៅថា បម្រើសេចក្ដីត្រូវការបានទេ។យើងមានផែនការអភិវឌ្ឍន៍ ដូច្នេះគឺយើងត្រូវតែរៀបចំឲ្យវាសមស្រប»។
លោក ទៀ បាញ់ បន្ថែមទៀងថា គំរោងកសាងផែរាមថ្មីនេះ នឹងត្រូវគេប្រើប្រាស់ថវិកាច្រើនជាងរាប់រយដង នៃតម្លៃអគារសាងសង់ដោយសហរដ្ឋអាមេរិក។ លោកថា កម្ពុជានៅតែរក្សាសិទ្ធិ ដើម្បីស្នើសុំជំនួយបរទេស រួមទាំងជំនួយយោធាផង ដើម្បីការពារទឹកដី។
បើតាមការថតជាប់តាមប្រព័ន្ធផ្កាយរណប កាលពីថ្ងៃទី១ ខែតុលា ហើយត្រូវបានគេចុះផ្សាយ កាលពីថ្ងៃទី២ ខែតុលា លើគេហទំព័ររបស់គម្រោងតម្លាភាពលំហសមុទ្រអាស៊ី (ASIA MARITIME TRANSPARENCY INITIATIVE)ដែលមានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បង្ហាញថា អគារមួយក្នុងចំណោមអគារជាច្រើន នៅក្នុងមូលដ្ឋានទ័ពរាម ដែលសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០១២ ត្រូវបានរបបក្រុងភ្នំពេញកម្ទេចចោល កាលពីអំឡុងដើមខែកញ្ញាកន្លងទៅនេះ។ អគារ ដែលត្រូវបានកម្ទេចចោលនេះ គឺជាទីបញ្ជាការដ្ឋានយុទ្ធសាស្ត្រ នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ។
កាលពីថ្ងៃសុក្រ ទី២ តុលា មន្ទីរបញ្ចកោណ (Pentagon) យោធាអាមេរិក សំដែងក្ដីបារម្ភពីរបាយការណ៍ ដែលភាគីកម្ពុជាកម្ទេចអគារផ្តល់ថវិកាដោយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានស្នើឲ្យកម្ពុជាពន្យល់ជុំវិញបញ្ហានេះ។ ក្នុងសេចក្ដីថ្លែងការណ៍របស់មន្ទីរ (Pentagon) យោធាអាមេរិកបញ្ជាក់ថា ការកម្ទេចអគារជាជំនួយរបស់អាមេរិកនេះ អាចជាប់ពាក់ព័ន្ធទៅនឹងគម្រោងរដ្ឋាភិបាលកម្ពុជា ទទួលយកវត្តមានយោធាចិន ក្នុងមូលដ្ឋានយោធាជើងទឹករាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។