រដ្ឋាភិបាលកម្ពុជា សម្រេចយកដីឆ្នេសាធារណៈមកគ្រប់គ្រង ខណៈមានជនឆ្លៀតឱកាសយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា រវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថា បន្ទាប់ពីយកឆ្នេរនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ រដ្ឋនឹងរៀបចំឲ្យមានសោភណភាពដើម្បីទុកឲ្យពលរដ្ឋដើរលំហែកម្សាន្ត។
ការសម្រេចបែបនេះ នៅពេលដែលតំបន់ឆ្នេរបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប អង្គរ និងជាតំបន់សេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ប៉ុន្តែតំបន់ឆ្នេរត្រូវរួមតូចដោយក្រុមឈ្មួញមួយចំនួន។
មន្ត្រីសង្គមស៊ីវិលនៅខេត្តជាប់មាត់ឆ្នេរ ស្វាគមន៍ចំណាត់ការនេះ និងស្នើឲ្យមានការរៀបចំឲ្យបានស្អាតល្អ បំពាក់ភ្លើងបំភ្លឺ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ចំណាត់ការបែបនេះ គឺមិនឲ្យមានសំណង់រឹងមាំ ឬការគ្រប់គ្រងតំបន់ឆ្នេរសាធារណៈទៀតទេ។ ជាងនេះទៅទៀត រដ្ឋនឹងអភិវឌ្ឍន៍តំបន់ឆ្នេរឲ្យមានសោភណភាពល្អ។ លោកបន្តទៀតថា នៅថ្ងៃទី៨ ខែធ្នូ ខាងមុខ លោកនឹងកោះហៅអភិបាលខេត្តព្រះសីហនុ មកណែនាំបន្ថែម ខណៈដែលខេត្តនេះរងការរំលោភបំពានពីឈ្មួញខ្លាំង៖ «យើងនឹងខិតខំផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋយើង ទាំងអ្នកប្រតិបត្តិករទេសចរណ៍អីទាំងអស់ ឲ្យយល់អំពីស្មារតីនៃសារាចរលេខ០១ ព្រោះថា ដីចំណីឆ្នេរមិនអាចមាននរណាទៅសាងសង់ជាសំណង់រឹងបានទេ កន្លែងហ្នឹងគឺទុកឲ្យពលរដ្ឋទៅលេងកម្សាន្ត»។
បើតាមការបញ្ជាក់របស់លោក ថោង ខុន ខេត្តជាប់ឆ្នេរសមុទ្រ រួមមានខេត្តកំពត កែប និងខេត្តព្រះសីហនុ គឺឆ្នេរសមុទ្រខេត្តព្រះសីហនុ រងការរំលោភយកក្នុងទំហំធំជាងគេ។ ចំណាត់ការបែបនេះ សំដៅលើការគ្រប់គ្រងឆ្នេរសមុទ្រ។
បញ្ជាក់បន្ថែមលើរឿងនេះ ប្រធានស្ដីទីគណៈកម្មការទី៧នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា លោក ហែម ខន ឲ្យដឹងថា ឆ្នេរសមុទ្រកម្ពុជា ជាប់សមាជិកក្លឹបឆ្នេរស្អាតជាងគេលើភិភពលោក ដូច្នេះ រដ្ឋត្រូវយកចិត្តទុកដាក់ខ្លាំងលើតំបន់នេះ។ លោករំពឹងថា រដ្ឋាភិបាលនឹងអនុវត្តការងារបានល្អ៖ «គណៈកម្មការទាំងអស់ដែលចូលរួមមានសិទ្ធិគ្រប់គ្នា ហើយតែងតែកោតសរសើរនូវស្នាដៃដែលក្រសួងទេសចរណ៍អនុវត្តបាន ទាំងឆ្នេរសាធារណៈ និងទាំងសហគមន៍ទេសចរណ៍»។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ បានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្រស់ស្អាតបំផុតនៅលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)។
ចំណែកមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ នៅខេត្តព្រះសីហនុ លោក ស៊ុន សុវណ្ណចាន់ថន យល់ថា នេះជារឿងល្អដែលធ្វើឲ្យសាធារណជនទូទៅមានសិទ្ធិដើរលំហែគ្រប់ឆ្នេរទាំងអស់។ លោកស្នើឲ្យអាជ្ញាធរខេត្ត រៀបចំឆ្នេរទាំងនោះឲ្យមានសណ្ដាប់ធ្នាប់ និងមានសុវត្ថិភាព៖ «ជាការប្រសើរហើយ! កន្លងមកមានបុគ្គលឯកជនយកឆ្នេរហ្នឹងយកជាសម្បត្តិឯកជន»។
មុនមានការសម្រេចបែបនេះ តំបន់ឆ្នេរមួយចំនួននៃខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយឯកជន ពុំអនុញ្ញាតឲ្យសាធារណៈទូទៅចូលលំហែបានទេ ទុកសម្រាប់តែអតិថិជនរបស់គេប៉ុណ្ណោះ ហើយឆ្នេរខ្លះទៀត ត្រូវគេព័ទ្ធរបងទុកចោល។ រដ្ឋកំណត់ដីប្រហែវែង ៥០ម៉ែត្រពីមាត់ទឹក ជាឆ្នេរសាធារណៈរបស់រដ្ឋ ដោយឡែកឆ្នេរដែលមានប្រវែងលើសពីចំនួនកំណត់ ក្រសួងទាមទារឲ្យម្ចាស់ឆ្នេរទាំងនោះអនុញ្ញាតឲ្យពលរដ្ឋទូទៅចូលដើរលំហែបានដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
