អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន កំពុងបង្វែរស្ថានភាពនយោបាយពិតនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច។ ការលើកឡើងនេះកើតឡើងក្រោយពីលោក ហ៊ុន សែន អះអាងថា ប្រទេសលោកខាងលិចមួយចំនួន អនុវត្តស្តង់ដារពីរចំពោះវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យ ថែមទាំងប្រកាសមិនខ្វល់ពីសំណូមពររបស់សហគមន៍អន្តរជាតិ និងប្រទេសលោកសេរីដែលជាម្ចាស់ជំនួយសម្រាប់កម្ពុជា ក្នុងការស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ៖ «ការបាត់បង់ជីវិតនៃអ្នកតស៊ូមតិខ្មែរជាបន្តបន្ទាប់ រកឃាតក អោយទៅទទួលខុសត្រូវមិនឃើញព្រមទាំងការចាប់ ពលរដ្ឋកម្មចុងក្រោយថ្មីៗនេះគឺជាភស្តុតាងជាក់ស្ដែង មួយទៀតនៅស្របពេលដែលលោក ហ៊ុន សែន ខ្វល់តែរឿងល្បិចលាងលុយកខ្វក់ជាមួយក្រុមហ៊ុនចិន ដើម្បីប្រមូលទប់អំណាច ហើយប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិដីធ្លីរបស់ពលរដ្ឋ ក្រីក្រដែលនេះជាភស្តុតាងដ៏ធំមួយទៀត»។
ការលលើកឡើងរបស់អ្នកវិភាគនេះបានកើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ក្នុង ទិវាសន្តិភាពអន្តរជាតិលោកទី៥៥ ថា មហាអំណាច និងប្រទេសលោកខាងលិចមួយចំនួន មិនញញើតក្នុងការអនុវត្តនូវស្តង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិបតេយ្យភាព និងឯករាជ្យ ភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។
លោក ហ៊ុន សែន បន្ថែមថា ប្រទេសមហាអំណាច និងប្រទេសលោកខាងលិចខ្លះ បាននឹងកំពុងប្រទាក់ក្រឡាគ្នា ជាប្រព័ន្ធក្នុងការដាក់សម្ពាធ កៀបសង្កត់ឲ្យកម្ពុជាដើរតាមគន្លងនយោបាយរបស់ខ្លួន ដូចដែលធ្លាប់បានធ្វើ មកលើកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៨០ ដោយរំលោភគោលការណ៍ អធិបតេយ្យរវាងបណ្ដារដ្ឋ និងគោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទែ។
ឆ្លើយតបនឹងបញ្ហានេះលោក គឹម សុខ បញ្ជាក់ទៀតថា លោក ហ៊ុន សែន អួតរឿងសិទ្ធិមនុស្ស ប៉ុន្តែតាមពិតកំពុងចាប់មនុស្សស្លូតត្រង់ដាក់ពន្ធនាគារ៖ «ក្រោមការដឹកនាំដ៏ក្តៅរបស់គាត់ មានអ្នកតស៊ូដើម្បីប្រជាធិបតេយ្យច្រើនណាស់ បានបាត់បង់ជីវិត ហើយរកឃាតក ពិតមិនឃើញ។គាត់ប្រើឈ្មោះប្រជាធិបតេយ្យ ប៉ុន្តែរំលោភទៅលើរដ្ឋធម្មនុញ្ញជាតិ។គាត់ប្រើឈ្មោះសន្តិភាព ប៉ុន្តែគំរាមធ្វើសង្គ្រាម បង្កអន្តរាយជាតិ គាត់ប្រើឈ្មោះអភិវឌ្ឍន៍ ប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋហូរទឹកភ្នែករហូតទៅដល់ហូរឈាមជាដើម គាត់ប្រើឈ្មោះការពារធនធានធម្មជាតិ ប៉ុន្តែហិនព្រៃឈើ ក្លាយជាវាលរហោស្ថាន និងកន្លែងខ្លះអស់ទាំងរ៉ែ ជីកទាំងភ្នំ»។
អង្គការជាតិ និងអន្តរជាតិធ្លាប់បានរិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ បានដឹកនាំប្រទេសឱ្យរអិលចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារតែរបបនេះចាប់មនុស្សដាក់ពន្ធនាគារតាមទំនើងចិត្តនូវអ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។