លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោក រក្សាភាពស្ងៀមស្ងាត់ មិនបកស្រាយអ្វីទាំងអស់រឿងប្រើប្រាស់នាឡិកាដៃតម្លៃរាប់លានដុល្លារ ខណៈមានការរិះគន់ថា នាឡិកាដៃនេះ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ អ្នកវិភាគ និងអ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ការរក្សាភាពស្ងៀមស្ងាត់នេះ ព្រោះពួកគេគ្មានលេសសមរម្យ។
ខុសពីសព្វមួយដង នៅពេលមានការរិះគន់ឬចោទប្រកាន់ធ្ងន់ធ្ងរអ្វីមួយ ជាទូទៅ លោក ហ៊ុន សែន តែងតែចេញមុខប្រតិកម្មភ្លាមៗ ប៉ុន្តែករណីពលរដ្ឋរិះគន់លោកប្រើប្រាស់នាឡិកាដៃតម្លៃរាប់លានដុល្លារនៅពេលនេះ លោក ហ៊ុន សែន បែរជារក្សាភាពស្ងៀមស្ងាត់ ហើយសូម្បីតែមន្ត្រីរបស់លោក ក៏មិនហ៊ានបកស្រាយអ្វីដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបដដែលថា ការប្រើប្រាស់នាឡិកានោះ គឺរឿងឯកជនភាពរបស់លោកនាយករដ្ឋមន្ត្រី។ ដូច្នេះលោកសុំមិនបកស្រាយអ្វីលើសពីនេះឡើយ៖ « ខ្ញុំមិនអាចនិយាយលើសពីនេះបានទេ ពាក់ព័ន្ធដល់ឯកជនភាព ហើយនឹងប៉ះពាល់ដល់សិទ្ធិបុគ្គល ដូច្នេះទោះបីបងប្អូនចង់ដឹងយ៉ាងណា ក៏ខ្ញុំមិននិយាយដែរ » ។
ចំពោះមន្ទិលសង្ស័យថា លោក ហ៊ុន សែន ទទួលបាននាឡិកាដៃពីមហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នោះ លោក សុខ ឥសាន ថា លោកមិនបានដឹងនោះទេ។ ទោះយ៉ាងណាលោក សុខ ឥសាន ធ្លាប់ប្រាប់អាស៊ីសេរីថា នាឡិកាដៃដ៏ប្រណិតនោះ អាចជាកាដូរបស់មហាសេដ្ឋីណាមួយ ហើយមេបក្សរបស់លោកសក្ដិសម ក្នុងការប្រើប្រាស់របស់មានតម្លៃប្រភេទនេះ។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងមហាសេដ្ឋីថៃ លោក ថាក់ ស៊ីន បាននៅឡើយទេ។
ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងស្រដៀងលោក សុខ ឥសាន ដែរថា លោកមិនអាចឆ្លើយតបអ្វីបានទេអំពីរឿងនាឡិកាដៃរបស់នាយករដ្ឋមន្ត្រី ព្រោះលោកចាត់ទុកថា ជារឿងឯកជន៖ « ខ្ញុំអត់ដឹងថា គាត់មាននាឡិកានេះផង ទី១ ហើយតើនាឡិកានេះ បានមានដោយសារអីក៏អត់ដឹងដែរ តើខ្ញុំឆ្លើយម៉េចកើត។ សុំទោស ព្រោះនេះជារឿងឯកជនទេ » ។
កាលពីថ្ងៃទី២៨ ខែកក្កដា ថ្មីៗ នេះ បណ្ដាញព័ត៌មានតាមប្រព័ន្ធអ៊ិនធើណិតឈ្មោះថា វ៉ាយស៍ (VICE) បានចេញផ្សាយអត្ថបទមួយថា លោក លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសក្រីក្រមួយមានប្រាក់ខែត្រឹមជាង ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារអាមេរិកនោះ បែរជាមាននាឡិកាដៃប្រណិតជាច្រើនគ្រឿង ក្នុងតម្លៃរាប់លានដុល្លារ។ សារព័ត៌មានអន្តរជាតិនេះ សរសេរយ៉ាងលម្អិតថា នាឡិកាដៃដ៏ប្រណិតមួយគ្រឿងថ្មីទៀត ដែលលោក ហ៊ុន សែន កំពុងពាក់ក្នុងពេលថ្មីៗ នេះ គឺជាប្រភេទនាឡិកាដៃម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិតនៅប្រទេសស្វីសផលិតអំឡុងឆ្នាំ២០១៤-២០១៦ មានតម្លៃ ១លាន ២សែនដុល្លារ ហើយបច្ចុប្បន្ននាឡិកាប្រភេទនេះ មានតម្លៃដល់ ៣លានដុល្លារនៅពេលគេដាក់ឲ្យដេញថ្លៃ។ នាឡិកានេះ គឺផលិតចេញពីមាសពណ៌ស ហើយរចនាដោយដៃយ៉ាងពិសេស។ ជាមួយគ្នានេះគេក៏ប្រទះឃើញថាលោក ហ៊ុន សែន ធ្លាប់ពាក់នាឡិកាជាច្រើនដែលមានតម្លៃសរុបដល់ទៅ ៩លានដុល្លារ ក្នុងនោះក៏មាននាឡិកាម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) ដែលជាប្រភេទកម្រ គឺមានតែ ៥៥គ្រឿងលើពិភពលោកទៀតផង។
ក្រោយការផ្សាយអត្ថបទនេះ ប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញមតិថា ជារឿងអាម៉ាស់បំផុតដែលលោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសក្រីក្រមួយ បែរជាមានលទ្ធភាពប្រើប្រាស់នាឡិកាដៃតម្លៃរាប់លានដុល្លារ។ ពួកគេសង្ស័យថា នាឡិកាដៃនេះ បានមកពីអំពើពុករលួយ។
អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ លើកឡើងថា ការដែលលោក ហ៊ុន សែន និងមន្ត្រីរបស់លោក មិនបកស្រាយលម្អិតរឿងនាឡិកាដៃតម្លៃខ្ពស់កប់ពពកនេះ ព្រោះពួកគេ គ្មានលេសសមរម្យ ដើម្បីកុហកពលរដ្ឋនោះទេ ដូច្នេះពួកគេ នៅស្ងៀមល្អជាងនិយាយ។ លោក គឹម សុខ បន្តថា ភាពមានបាន និងភាពហ៊ឺហារបស់លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេសក្រីក្រមួយ មិនអាចចាត់ទុកជារឿងសាមញ្ញ និងរឿងឯកជននោះទេ ប៉ុន្តែលោកជឿថា វាអាចកើតចេញពីអំពើពុករលួយជាច្រើនប្រភព។ បន្ថែមពីនេះ លោកយល់ថា គ្មានកាដូឯណាមានតម្លៃរាប់លានដុល្លារនោះទេ ប្រសិនបើគ្មានការដោះដូរជាសម្ងាត់ណាមួយរវាង លោក ហ៊ុន សែន និងម្ចាស់នាឡិកាដៃនោះ៖ « គ្មានអ្នកជំនួញណា ដែលប្រគល់នូវអំណោយរាប់លានដុល្លារហើយ មិនទទួលបានការអនុគ្រោះណាមួយពីមេដឹកនាំជាតិណាមួយទេ បើអ៊ីចឹងគេចេះតែឲ្យអ្នកនេះអ្នកនោះគ្រប់គ្នាហើយ។ នេះមិនមែនជារឿងឯកជនទេ ប៉ុន្តែគឺជាការប្រើតួនាទីខុសក្នុងឈ្មោះគាត់ជាអ្នកដឹកនាំជាតិ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ជាតិ និងបំផ្លាញផលប្រយោជន៍ជាតិ។ រឿងទាំងអស់នេះក្នុងន័យច្បាប់ទោះបីជាប្រទេសណាក៏ដោយ គេត្រូវមានការស៊ើបអង្កេត។នៅប្រទេសប្រជាធិបតេយ្យធំៗ កុំថាឡើយដល់រាប់លានដុល្លារ សូម្បីតែមានមិនប្រក្រតីត្រឹមតែបន្តិចបន្តួចក្នុងបរិមាណរាប់ពាន់ដុល្លារ គឺគេស៊ើបអង្កេតភ្លាមៗ គឺគេមិនទុកឲ្យនៅយូរទេ ព្រោះវាប៉ះពាល់ដល់ដំណើរការអនុវត្តច្បាប់ និងការអភិវឌ្ឍន៍ស្រុកគេ » ។
ទាក់ទងនឹងភាពមិនប្រក្រតីនៃការប្រើប្រាស់នាឡិកាដៃតម្លៃរាប់លានដុល្លារនេះ ស្ថាប័នមួយចំនួន ដែលបង្កើតឡើងសម្រាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនបានប្រកាសពីវិធានការស៊ើបអង្កេតនៅឡើយទេ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទជាច្រើនលើកទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដែលជាមនុស្សជំនិតយូរមកហើយរបស់លោក ហ៊ុន សែន និងប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ លោក ប៉ែន ស៊ីម៉ន ប៉ុន្តែ ទូរស័ព្ទចូល ត្រូវបានចុចផ្ដាច់ជាបន្តបន្ទាប់។ ចំណែកសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយពីររូបទៀត គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី ក៏មិនទទួលទូរស័ព្ទដែរ។
អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ ថ្លែងថា ក្រុមមេដឹកនាំស្ថាប័នដែលមានតួនាទី ប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងនេះ គឺសុទ្ធសឹងតែជាមនុស្សជំនិតរបស់លោក ហ៊ុន សែន និងត្រូវបានតែងតាំងដោយលោក ហ៊ុន សែន ដូច្នេះលោក យល់ថា ការតវ៉ាទាមទាររបស់សាធារណជនឲ្យបើកការស៊ើបអង្កេត គឺទំនងជាមិនអាចមានប្រសិទ្ធភាពនោះទេ ដោយសារតែបច្ចុប្បន្ននេះ អំណាចគ្រប់គ្រងបែបយ៉ាងកំពុងស្ថិតក្នុងដៃរបស់លោក ហ៊ុន សែន សូម្បីតែបណ្ដាញសារព័ត៌មានក្នុងស្រុកក៏ដោយចុះ៖ « បទអំពើពុករលួយ គឺជាបទឧក្រិដ្ឋ ទាល់តែមានការស៊ើបអង្កេត ឆ្លងកាត់តុលាការមួយយុត្តិធម៌ច្បាស់លាស់ត្រឹមត្រូវ ហើយដើម្បីឆ្លងកាត់តុលាការយុត្តិធម៌ច្បាស់លាស់នេះ គឺទាល់តែប្រទេសយើង វិលទៅកាន់ប្រជាធិបតេយ្យ ដូច្នេះខ្ញុំគិតថា ជាតួនាទីរបស់ប្រជា ពលរដ្ឋនៅពេលនេះ ដើម្បីប្រើសិទ្ធិរបស់ខ្លួន ជំរុញឲ្យមានការផ្លាស់ប្តូរទៅកាន់ប្រជាធិបតេយ្យ » ។
តាមច្បាប់ប្រឆាំងអំពើពុករលួយ គឺមន្ត្រីរាជការស៊ីវិល តាមក្រសួងស្ថាប័នរដ្ឋ ចាប់ពីប្រធាននាយកដ្ឋាន យោធា នគរបាល មន្ត្រីតុលាការ និងអ្នកដែលត្រូវបានតែងតាំងពីការបោះឆ្នោត រួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងក្រុមប្រឹក្សាខេត្ត ក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ២ឆ្នាំម្ដង។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ដើម្បីទប់ស្កាត់អំពើពុករលួយ និងតាមដានភាពស្អាតស្អំរបស់មន្ត្រីរាជការសាធារណៈ។
អ្នកតាមដានបញ្ហាសង្គម និងនយោបាយ គឺព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ ដែលគង់នៅប្រទេសបារាំង មានថេរដីកាថា ក្នុងនាមជាមេដឹកនាំប្រទេសក្រីក្រមួយ ប៉ុន្តែមានទ្រព្យសម្បត្តិមហាសាល ខុសប្រក្រតី និងប្រើប្រាស់គ្រឿងអលង្ការដ៏ប្រណិត និងមានតម្លៃខ្ពស់បែបនេះ គឺមិនអាចចាត់ទុកថា ជារឿងឯកជននោះទេ។ ព្រះតេជព្រះគុណ មានមន្ទិលថា គំនរទ្រព្យសម្បត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺបានមកពីភាពមិនសុចរិតត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ ព្រះតេជព្រះគុណ បន្តថា ប្រសិនបើមេដឹកនាំប្រទេសដែលមានព្រហ្មវិហារធម៌ និងបម្រើប្រជារាស្ត្រ និងប្រទេសជាតិ ដោយស្មោះត្រង់នោះ មិនគួរសប្បាយត្រេកអរជាមួយទ្រព្យសម្បត្តិឡើយ ហើយប្រសិនបើនាឡិកាដៃតម្លៃរាប់លានដុល្លារនោះ គឺជាកាដូរបស់នរណាម្នាក់ក៏ដោយ គួរតែលះបង់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ៖ « បើយើងចង់ធ្វើនយោបាយ ធ្វើអ្នកដឹកនាំអីហ្នឹងកុំគិតពីរឿងទ្រព្យសម្បត្តិ។ បើយើងធ្វើអ្នកជំនួញធ្វើមុខរបរអីដទៃទៀត គឺអាចធ្វើជាសេដ្ឋី ឬមហាសេដ្ឋីអីបាន ប៉ុន្តែអ្នក នយោបាយមិនត្រូវគិតគូរពីរឿងទ្រព្យសម្បត្តិទេ ព្រោះវាខុសតែម្ដង » ។
នៅឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនបង្ហាញជាសាធារណៈនោះទេ។ កាលនោះ លោកនាយករដ្ឋមន្ត្រី បានប្រកាសថា លោកមិនមានប្រភពចំណូលអ្វីផ្សេងទៀតនោះទេ ក្រៅពីប្រាក់បៀវត្សរ៍ចំនួន ៤លាន ៦សែនរៀល ឬស្មើប្រមាណ ២ពាន់ ៥រយ (២.៥០០) ដុល្លារក្នុងមួយខែ។
ទោះជាយ៉ាងណា កាលពីឆ្នាំ២០១៦ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា ត្រកូល "ហ៊ុន" កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗ របស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។ក្នុងរបាយការណ៍នោះ រកឃើញថា គ្រួសារត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ ដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុនចំនួន ១១៤ផ្សេងទៀតនៅក្នុងប្រទេស។ ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ដែលដាក់ចេញអោយឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល "ហ៊ុន" ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លូបល វីតនេស (Global Witness) អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ហើយដែលមិនប្រកាសឲ្យដឹងជាតម្លាភាព ប៉ុន្តែប្រើអ្នកក្លែងក្លាយ និងជ្រកក្រោមផ្លាកក្រុមហ៊ុនផ្សេងៗ។
ព្រះតេជព្រះគុណ យស ហ៊ុតខេមចារោ មានថេរដីកាថា លោក ហ៊ុន សែន តែងវិធី និងប្រើល្បិចកលមិនស្របច្បាប់គ្រប់បែបយ៉ាង ដើម្បីក្រាញនៅក្នុងអំណាច ដោយសារមេដឹកនាំរូបនេះ ដឹងខ្លួនឯងច្បាស់ណាស់ថា លោក មានកំហុសជាច្រើន ហើយនឹងត្រូវប្រឈមចំពោះមុខច្បាប់ ប្រសិនបើលោកបាត់បង់អំណាច។ យ៉ាងណាក៏ដោយចុះ ព្រះតេជព្រះគុណ យល់ថា យូរ ឬឆាប់ គឺ លោក ហ៊ុន សែន នឹងមិនអាចគេចផុតពីការអំពើបាបរបស់លោកនោះទេ៖ «គឺថា អំណាចពលរដ្ឋនោះឯងទើបអាចដោះស្រាយបញ្ហានេះ មិនមានដំណោះស្រាយពីណាមកទេ។ពលរដ្ឋកាន់តែចេះដឹង ពលរដ្ឋកាន់តែភ្ញាក់រលឹក ដឹងការពិត អីទាំងអស់នេះ ហើយមានចិត្តក្លាហានបំពេញករណីយកិច្ចរបស់ខ្លួន ប្រើប្រាស់សិទ្ធិសេរីភាពដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ ហើយរើបម្រះទាំងអស់គ្នាងើបឡើងទាំងអស់គ្នាទាំងលានទាំងលាននាក់ដើម្បីរកយុត្តិធម៌ កុំងើបឡើងម្នាក់ ឬពីរនាក់ វាមិនសូវបានការអីទេ ដូចជាប់អន្ទាក់គេអ៊ីចឹង តែបើងើបឡើងច្រើនលានទាំងអស់គ្នា នឹងបានជោគជ័យហើយអត់មានបញ្ហាអីទេ»។
ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៣០ឆ្នាំមកនេះ ភាពក្រីក្រ និងអំពើពុករលួយនៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា។ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ នេះ ចំនួនអ្នកក្រនៅកម្ពុជានឹងកើនឡើងដល់ ៤លាននាក់ ក្នុងចំណោមពលរដ្ឋសរុបជាង ១៥លាននាក់។ ចំណែកអង្គការតម្លាភាពអន្តរជាតិ (Transparency International) បានដាក់ប្រទេសកម្ពុជានៅក្នុងលំដាប់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលបានប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង។
បើទោះបីជា លោក ហ៊ុន សែន និងមន្ត្រីរបស់លោក សុទ្ធតែចាប់ផ្តើមកសាងជីវភាពពីបាតដៃទទេ ក្រោយរបបខ្មែរក្រហម ហើយទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែទាបក្តី ប៉ុន្តែមន្ត្រីភាគច្រើននៃក្រុមរបស់លោក ហ៊ុន សែន សុទ្ធតែមានទ្រព្យសម្បត្តិដែលសឹងមិនគួរឲ្យជឿ។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ យល់ថា ទ្រព្យសម្បត្តិទាំងនោះ ដោយសារក្រុមលោក ហ៊ុន សែន បានបង្កើតប្រព័ន្ធនយោបាយមួយដែលអាចជួយឲ្យពួកគេកាន់អំណាចបានយូរ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក នោះគឺប្រព័ន្ធនយោបាយ ''បរិបាលកិច្ច គឺ ឯងជួយអញ អញជួយឯង''៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។