អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងរិះគន់លោក ហ៊ុន សែន ថា ការនិយាយពីការថែរក្សាសន្តិភាព ដូចលោកកំពុងលើកឡើងសព្វថ្ងៃនេះគឺ ជាសន្តិភាពក្លែងក្លាយ ឬជាសន្តិភាពផ្នូរខ្មោច ។ ប្រតិកម្មបែបនេះធ្វើឡើងក្រោយ ពេលលោក ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹម ថ្ងៃទី០៩ ខែសីហានេះ អំពាវនាវឱ្យបណ្ដាប្រទេសនានារួមគ្នាថែរក្សា និងការកសាង សន្តិភាព និងសន្តិសុខ ដែលលោកថា គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសនីមួយៗ
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ការថែរក្សាសន្តិភាពដោយការរំលាយគណបក្សប្រឆាំង និងចាប់មនុស្ស ដាក់គុកដោយគ្មានមូលដ្ឋានច្បាប់ ដូចដែលរដ្ឋាភិបាលកំពុងធ្វើសព្វថ្ងៃនេះ មិនមែនដើម្បីថែរក្សាសន្តិភាពនោះទេ ផ្ទុយទៅវិញគឺដើម្បីរក្សាអំណាចលោក ហ៊ុន សែន និងបក្សរបស់លោកប៉ុណ្ណោះ។
អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា សង្គមមួយដែលមានសន្តិភាពពិតប្រាកដត្រូវមានយុត្តិធម៌សង្គម សេរីភាព និងប្រជាធិបតេយ្យ ប៉ុន្តែលោកថា សង្គមកម្ពុជាសព្វថ្ងៃពោរពេញដោយអយុត្តិធម៌សង្គម សិទ្ធិពលរដ្ឋកំពុងរងការរំលោភបំពានពីក្រុមអាជ្ញាធរ ហើយព្រំដែនក៏ត្រូវប្រទេសជិតខាងរំលោភបំពាន ដូច្នេះកម្ពុជាសព្វថ្ងៃគ្មានសន្តិភាពពិតប្រាដកនោះទេ។ លោកថា មេដឹកនាំផ្ដាច់ការតែងយកពាក្យសន្តិភាព និងអធិបតេយ្យមកបន្លំពលរដ្ឋ។ «»
លោក គឹម សុខ រិះគន់បែបនេះ ក្រោយពីលោក ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹមដោយប្រាប់ទៅមេដឹកនាំក្នុងពិភពលោកថា ការកសាង និងការថែរក្សាសន្តិភាព និងសន្តិសុខនៅលើសកលលោកទាំងមូលគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ មេដឹកនាំដែលរងការរិះគន់ថា រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរូបនេះលើកឡើងទៀតថា ការកសាង និងថែរក្សាឱ្យខាងតែសន្តិភាព គឺជាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសនីមួយៗ។
រីឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេស លោក អ៊ុំ សំអាន យល់ថា សន្តិភាពដែលលោក ហ៊ុន សែន ទាមទារឱ្យថែរក្សានោះគឺជាសន្តិភាពផ្នូរខ្មោចប៉ុណ្ណោះ ដោយសារពលរដ្ឋគ្មានសិទ្ធិបញ្ចេញមតិ បាត់បង់ដីធ្លី និងត្រូវបង្ខំចិត្តចំណាកស្រុករកការងារនៅក្រៅប្រទេសជាដើម។ លោកបន្តថា សន្តិភាពសព្វថ្ងៃនេះគឺមានសម្រាប់តែគ្រួសារ និងបក្សពួកលោក ហ៊ុន សែន មួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែពលរដ្ឋស្ទើរមួយប្រទេសកំពុងជួបគ្រោះថ្នាក់។ តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះស្នើទៅលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញបើចង់រក្សាសន្តិភាពមែននោះ។
អ្នកវិភាគលើកឡើងថា សន្តិភាព របស់កម្ពុជា ធ្វើឲ្យពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាច និងទុក្ខព្រួយ។ សន្តិភាពពិតប្រាកដនោះ គឺ មិនមែននិយាយផ្ចង់ឆ្ពោះទៅត្រឹមតែការទម្លាក់អាវុធតែម្យ៉ាងទេ វាមានន័យ “ ជ្រាលជ្រៅដល់ ការរក្សាក្ដីស្ងប់ សតិអារម្មណ៍ មិនក្ដៅក្រហល់ក្រហាយរបស់ប្រជារាស្ត្រនៃសង្គមជាតិ “ ថែមទៀតផង។ ភាពស្ងប់សុខក្នុងសង្គមមួយ ដែលអាចកើតមានឡើងបាន លុះត្រាតែ “ មេដឹកនាំ ឈប់លោភលន់ ឈប់ល្មោភអំណាច ឈប់ដើរតួកាចសាហាវ ហើយងាកមកប្រកាន់នូវទសពិធរាជធម៌ “ ដែលជាធម៌ទាំង១០ ក្នុងគម្ពីរភាពជាអ្នកដឹកនាំ។ល។ ម្យ៉ាងវិញទៀត ន័យសន្តិភាព តាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត វិញ គឺមានន័យថា សេចក្ដីស្ងប់ សេចក្ដីសាន្តត្រាណ ដំណើរសះជានឹងគ្នា។
ប៉ុន្មានឆ្នាំចុងក្រោយនេះលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស វាយបង្ក្រាបចាប់ដាក់គុកសកម្មជនប្រឆាំង ឬអ្នករិះគន់ឥតស្រាកស្រាន្ត។ កាលពីថ្ងៃទី១២ ខែកុម្ភៈ សហគមន៍អឺរ៉ុបបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ បើគ្មានការប្រែប្រួលទេ ថ្ងៃទី១២ ខែសីហាខាងមុខនេះ កម្ពុជានឹងបាត់ EBA ២០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។