លោក ហ៊ុន សែន ថា ​លោក​គឺ​ជា​អ្នក​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

0:00 / 0:00

លោកហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ក្នុង​គំរប់​ខួប ២៧ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា រូប​លោក​ផ្ទាល់គឺ​ជា​អ្នក​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​ឡើង។

ថ្លែងនៅចំពោះមុខអ្នក​គាំទ្រ​នៅ​ទីក្រុង​ហ្សឺណែវប្រទេស​ស្វីសកាល​ពី​ថ្ងៃ​អង្គារ ទី២៣ ខែ​តុលា លោក ហ៊ុន សែន អះអាង​ថារូប​លោក​ផ្ទាល់គឺ​ជា​គន្លឹះ​សំខាន់ក្នុង​ការ​សម្រេច​ឲ្យ​បាន​ចេញ​កិច្ច​ព្រមព្រៀង​នេះ។ លោក​បន្ត​ថាប្រសិន​បើ​លោក​មិន​យល់​ព្រម​ទេក៏​កិច្ច​ព្រមព្រៀង​នេះមិន​​អាច​​ចេញ​​ទៅ​​បាន​​ឡើយ៖ «មាន​តែ ហ៊ុន សែន មួយ​គត់ ដែល​មាន​សិទ្ធិ​នា​ពេល​នោះ បើ​ហ៊ុន សែន មិន​​ព្រម​​ទេ កិច្ច​ព្រមព្រៀង​មិន​អាច​ចេញ​បាន​ទេ អ៊ីចឹង​សូម​កុំ​ឲ្យ​ភាន់​ច្រឡំ ពេល​ចរចា ត្រូវ​តែ​មាន​កុងសង់សឹស អ្នក​ដើរ​តួ​សំខាន់​​​នា​​​ពេល​​នោះ គឺ​​រដ្ឋកម្ពុជា។ អ្នក​​ដែល​​សំខាន់​​នា​​ពេល​​នោះ គឺ ហ៊ុន សែន ហើយ​អគ្គលេខាធិការ អ.. តេ​មក​ខ្ញុំ ខ្ញុំ​ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ព្រម »

ក៏ប៉ុន្តែអ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ បាន​ប្រាប់​អាស៊ី​សេរីកាលពីយប់មិញថាតាម​​ពិត​​ទៅ​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសកើត​ឡើង​ដោយសារមានការប្រែប្រួលចរន្ត​នយោបាយ នៃ​ការ​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ប៊្លុក​ប្រទេស​សេរី និង​​កុម្មុយនិស្តកាល​​ពី​​ទសវត្ស ឆ្នាំ៨០។ លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន មិនអាចនិយាយថា សមិទ្ធិផល​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ដោយសារតែរូបលោកតែម្នាក់ឯងប៉ុណ្ណោះទេ៖ «គេដាក់កំហិត ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ ដែល​ពេល​នោះ​បន្តុប​ដោយ​យួន ហើយ​​ទណ្ឌកម្ម​​ហ្នឹង​​ហើយ ឈាន​​ដល់​​ការ​​ជជែក​​គ្នា​​រវាង​​ភាគី​​ខ្មែរ និង​​អន្តរជាតិ ប្រមូល​​ផ្តុំ​​គ្នា រហូត​​ដល់​មាន​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា។ ប្រសិនបើប្រទេស​មហាអំណាច​​មិន​​ជួយ​​ជ្រោមជ្រែង​​ទេ នោះ​​មាន​​ន័យ​​ថា កម្ពុជា​​មិន​​អាច​​ដក​​ដៃ​​រួច​​ពី​​យួន​​ទេ ហើយ​​លោក ហ៊ុន សែន ថា នេះ​​ជា​​សមិទ្ធិផល​​តែ​​ឯង នេះ​​គ្រាន់​​តែ​​ជា​​ភាសា​​និយាយ​​នៃ​​អ្នក​​ដឹក​​នាំ​​ការ​​ទូត​​បែប​​ក្មេង​​ទេ »

នៅក្នុងខួប ២៧ឆ្នាំ កាលពីថ្ងៃ​ម្សិលមិញ​នោះ លោក ​ហ៊ុន​ សែន​ ក៏​បាន​លើក​ឡើង​ដែរ​ថា ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​មាន​តម្លៃ​ជា​ប្រវត្តិសាស្រ្ត និង​មរតក​របស់​លោក​ ក្នុង​ចំណោម​មរតក​ជា​ច្រើន​ទៀត ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​ជាង៣០ឆ្នាំ​មក​នេះ។ លោក​ថា ស្មារតី​កិច្ចព្រមព្រៀង​នេះបាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​រួច​ហើយដែល​របប​លោក​កំពុង​អនុវត្ត​តាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។