ក្រោយពីពលរដ្ឋ និងយុវជនរិះគន់ រដ្ឋាភិបាលបោះបង្គោលព្រំដែនមានភាពមិនប្រក្រតីច្រើន លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យ ប្រធានគណៈកម្មការព្រំដែន លោក វ៉ា គឹមហុង ចុះជួបពលរដ្ឋដោយផ្ទាល់ នៅខេត្តត្បូងឃ្មុំ ដែលអះអាងថា បាត់ដីស្រែចម្ការកេរឪពុកម្ដាយរបស់ខ្លួន។ អ្នកឃ្លាំមើលព្រំដែន គាំទ្រសកម្មភាពនេះ តែស្នើឱ្យលោក ហ៊ុន សែន ចាត់លោក វ៉ា គឹមហុង ចុះចួបពលរដ្ឋគ្រប់ទីកន្លែង ដើម្បីពិនិត្យមើល ភាពមិនប្រក្រតីការនៃការបោះបង្គោលព្រំដែនឡើងវិញ តាំងពីឆ្នាំ២០០៦ រហូតបច្ចុប្បន្ន។
នេះជាលើកទី១ ហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាលោក វ៉ា គឹមហុង ឱ្យចុះចួបពលរដ្ឋជាង ១០៥គ្រួសារ នៅខេត្តត្បូងឃ្មុំ ដែលអ្នកស្រុកនៅទីនោះអះអាងថា បាត់ដីស្រែកេរដូនតា ចំនួន ៦០ហិកតារ ក្រោយពីរដ្ឋាភិបាលកំណត់បង្គោលព្រំដែន ជាមួយភាគីវៀតណាម។លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ កាលពីព្រឹកថ្ងៃទី២៥ ខែសីហានេះ។ ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី មិនបានកំណត់ថ្ងៃបរិច្ឆេទឱ្យ លោក វ៉ា គឹមហុង ចុះជួបពលរដ្ឋនៅទីនោះពេលណាទេ។
ជាមួយគ្នានេះ ក្រុមពលរដ្ឋរស់នៅភូមិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ លោក លុយ ឈុយ សាទរចំពោះចំណាត់ការនេះ និងស្នើឱ្យរដ្ឋាភិបាល ប្រគល់ដីទំហំ ៦០ហិកតារ ជូនពលរដ្ឋ ១០៦គ្រួសារមកវិញ ព្រោះដីនៅតំបន់នោះ ជាដីកេរដូនតារបស់ពួកគេ ដែលអាស្រ័យផល តាំងពីបុរាណកាលមក តែត្រូវបានយោធាវៀតណាមហាមឃាត់មិនឱ្យកាន់កាប់។ លោកថា កន្លងទៅពលរដ្ឋជាង ១០០គ្រួសារ បានផ្ដិតមេដៃ ដាក់ញត្តិ ជូនក្រសួងដែនដី និងក្រសួងមហាផ្ទៃ ដើម្បីឱ្យស្ថាប័នទាំងនេះ ដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែគ្មានលទ្ធផល ជាច្រើនឆ្នាំមកហើយ៖ «ខ្ញុំត្រេកអរណាស់ បានសម្ដេចធ្វើក្រវាត់ព្រំដែនរួច ដីសេសសល់សម្ដេចគិតគូរ ឱ្យប្រជាពលរដ្ឋ គឺខ្ញុំអរគុណណាស់។ ខ្ញុំគ្មានត្រៀមអីទេ បើចួបគាត់ ( លោក វ៉ា គឹមហុង ) សុំគាត់ ធ្វើដំណាំដាំដុះ អំណោយផលវិញ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស ព្រំដែន លោក វ៉ា គឹមហុង ដើម្បីសុំការបំភ្លឺបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២៥ សីហា។
ចំណែកក្រុមអ្នកឃ្លាំមើលព្រំដែន លើកទឹកចិត្តឱ្យ លោក វ៉ា គឹមហុង ទទួលយកក្តីកង្វល់របស់ពលរដ្ឋដែលរងគ្រោះ មកដោះស្រាយ ចៀសវាងកុំអនុវត្តតាមការចង់បានរបស់ភាគីវៀតណាម។ ពួកគេអះអាងថា លោក វ៉ា គឹមហុង និងលោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវនៃអធិបតេយ្យជាតិ ត្រូវតែដោះស្រាយ បញ្ហាព្រំដែន ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ រដ្ឋធម្មនុញ្ញមាត្រា ២ និងមាត្រា ៥៥ និងច្បាប់អន្តរជាតិ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា លោក វ៉ា គឹមហុង ក្រោយពីចុះទៅតំបន់នោះ អាចនឹងនិយាយភូតភរបន្ថែមទៀត ផ្អែកតាមបំណងរបស់លោក ហ៊ុន សែន។ លោកផ្ដាំទៅលោក វ៉ា គឹមហុងថា ពេលត្រឡប់មកវិញ កុំនិយាយថា រដ្ឋាភិបាលបោះបង្គោលព្រំដែនត្រឹមត្រូវឱ្យសោះ ដោយលោកអះអាងថា ការកំណត់ខណ្ឌសីមានៅតំបន់នោះ មានភាពមិនប្រក្រតីច្រើន ដោយសាររដ្ឋាភិបាលផ្អែកតាម សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ផ្ទុយពី បង្គោលព្រំដែនចំនួន ១២៤បង្គោលដែលបន្សល់សម័យបារាំង នៃអនុសញ្ញាកូសាំងស៊ីន ឆ្នាំ១៨៧៣៖ «យើងលើកទឹកចិត្តឱ្យដើរគ្រប់បង្គោល និងសួរពលរដ្ឋគ្រប់ទីកន្លែង នៅជាប់ព្រំដែនហ្នឹង ពីភាពមិនប្រក្រតីហ្នឹង ហើយការបកស្រាយនានា របស់លោក វ៉ា គឹមហុង ដែលនឹងកើតឡើងបន្ទាប់ពីចុះទៅមើលព្រំដែន គាត់នឹងនិយាយតាមបំណង របស់លោក ហ៊ុន សែន ហើយគាត់នឹងនិយាយ ភូតភរពលរដ្ឋ មិននៅជិតព្រំដែនថា ជាការបោះបង្គោលព្រំដែនត្រឹមត្រូវទៀត។ ដូច្នេះយើងច្រានចោល ការបកស្រាយទាំងឡាយណា ដែលនឹងកើតឡើង ក្រោយពី វ៉ា គឹមហុងទៅ » ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់ឱ្យលោក វ៉ា គឹមហុង ត្រូវដោះស្រាយបញ្ហាជូន ពលរដ្ឋនៅតំបន់នោះដោយយុត្តិធម៌ បើពុំដូច្នោះទេ វត្តមានរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ គ្រាន់តែបង្គ្រប់កិច្ចតែប៉ុណ្ណោះ មានន័យថា លោក វ៉ា គឹមហុង និងរដ្ឋាភិបាល បានការពារផលប្រយោជន៍ បរទេសឈ្លានពាន។ លោកបន្ថែមថា លោក ហ៊ុន សែន គួរតែសើរើ ការបោះបង្គោលឡើងវិញ ព្រោះតំបន់ដែលលោក រ៉ុង ឈុនចុះទៅពិនិត្យ មានការបោះបង្គោល ព្រំដែនលយចូលដីខ្មែរ កន្លះគីឡូម៉ែត្រ៖ «លោក វ៉ា គឹមហុង ទៅ កុំនិយាយគំរាមកំហែងពលរដ្ឋបន្ថែមទៀត ត្រូវតែដោះស្រាយ ដីពលរដ្ឋ ៦០ហិកតារ ទៅឱ្យពលរដ្ឋធ្វើស្រែចម្ការទៅ។ ទី៣ បើទៅហ្នឹង ពិនិត្យឃើញថា ការបោះបង្គោលមានភាពមិនប្រក្រតី ត្រូវតែសើរើ ការបោះបង្គោលហ្នឹងឡើងវិញ បោះបង្គោលហ្នឹង ឱ្យស្របតាមអ្វីដែលជាដី ដែលជាមរតក របស់ដូនតាយើងខ្មែរយើង ដែលបារាំង បន្សល់ទុកឱ្យ » ។
អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី ចង់ឃើញ លោក វ៉ា គឹមហុង ចុះជួបពលរដ្ឋរស់នៅតាមព្រំដែនគ្រប់ទីកន្លែង ពុំមែនតែក្នុងខេត្តត្បូងឃ្មុំទេ។ លោកថា រលកនយោបាយសព្វថ្ងៃ ពលរដ្ឋហាក់ខ្លាចញញើត មិនហ៊ានប្ដឹងឱ្យរដ្ឋាភិបាលដោះស្រាយភាពមិនប្រក្រតីបញ្ហាព្រំដែននោះទេ ព្រោះរដ្ឋាភិបាល បានចាប់ខ្លួន និងគំរាមអ្នករិះគន់រឿងព្រំដែន ធ្វើឱ្យពួកគេភ័យខ្លាចមិនហ៊ានបញ្ចេញមតិ៖ «ចាំមើលស្ថានភាពជាក់ស្ដែង តែបើដោះឱ្យដីពលរដ្ឋ បានធ្វើស្រែវិញ អាហ្នឹងយើងគាំទ្រ ព្រោះគាត់ជាម្ចាស់ប្រទេស និងគាត់ជាម្ចាស់ទឹកម្ចាស់ដី នៅទីហ្នឹង ធ្លាប់អាស្រ័យផល ព្រោះដីមិនអាចបំបាត់ភស្តុតាង ដកហូតទៅទីណាបានទេ សំខាន់ប្រវត្តិកាន់កាប់ ជាក់ស្ដែងមក តែគាត់កាន់កាប់ អាស្រ័យផលកន្លងមក ពីដូនពីតា តពីឪពុកម្ដាយ ដីកម្មសិទ្ធិរបស់គាត់ អាហ្នឹងអាស្រ័យផលស្របច្បាប់ ត្រូវផ្តល់កម្មសិទ្ធិឱ្យគាត់ អាហ្នឹងរដ្ឋជាអ្នកផ្តល់ មិនមែនបន្ទោសពលរដ្ឋទេ » ។
កាលពីដើមខែសីហា កន្លងទៅ អាជ្ញាធរនៃរបបក្រុងភ្នំពេញ បានចាប់ខ្លួន សមាជិកប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចោទប្រកាន់ពីបទញុះញង់បញ្ហាព្រំដែន បន្ទាប់ពីពួកគេចុះពិនិត្យភូមិត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ និងអះអាងថា បានរកឃើញភាពមិនប្រក្រតីដូចគ្នាថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ ចូលដីខ្មែរ កន្លះគីឡូម៉ែត្រ និងមានករណីទាហានវៀតណាមមួយក្រុម ពាក់ឯកសណ្ឋានយោធាកាន់កាំភ្លើង ចូលឈ្លានពានកម្ពុជា ដោយរុញច្រាន និងបណ្ដេញអ្នកភូមិត្រពាំងផ្លុង មិនឲ្យធ្វើស្រែ លើដីកេរ្តិ៍ឪពុកម្ដាយ នៅជាប់តំបន់ព្រំដែន។ ក្រៅពីនេះ ក៏បន្ថែមការចាប់ខ្លួន ចំណែកយុវជន និងយុវតី ២នាក់ នៃក្រុមចលនាខ្មែរថាវរៈ ក្រោយពីពួកគេតវ៉ា ឱ្យដោះលែងលោក រ៉ុងឈុន។
ក្រុមអ្នកឃ្លាំមើលព្រំដែនអំពាវនាវឱ្យ លោក វ៉ា គឹមហុង ចុះទៅព្រំដែន ធ្វើឱ្យត្រឹមត្រូវ តាមនីតិវិធីច្បាប់ ចៀសវាងនិយាយ ដោះសាយករួចខ្លួន ធ្វើឱ្យពលរដ្ឋកាន់តែលែងទុកចិត្តរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។