លោក ហ៊ុន សែន ចោទ​លោក កឹម សុខា ថា​ជា​ក្រុម​បាត​ដៃ​ទី​បី​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​រក​មុខ​អ្នក​នៅ​ពី​ក្រោយ​ក្រុម​បាតដៃ​ទី​បី​ឃើញ​ហើយ គឺ​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ស្រប​ពេល​គ្នា​នេះ លោក​ប្រកាស​ថា នឹង​ស្នើ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជុំវិញ​ករណី​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៨ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ថា លោក កឹម សុខា ជា​អ្នក​ដែល​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​កន្លង​មក តែ​មិន​បាន​សម្រេច។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លោក កឹម សុខា បាន​សារភាព​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) នៃ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ មីនា ថា ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​គម្រោង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​បរាជ័យ ហើយ​លោក​បាន​សុំ​ទោស​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។ លោក ហ៊ុន សែន ប្រៀប​ប្រដូច​អនុប្រធាន​គណបក្ស​ប្រឆាំង​ទៅ​នឹង​មេ​ចោរ ហើយ​ថា បើ​មេ​ចោរ​បាន​សារភាព​បែប​នេះ​ទៅ​ហើយ តើ​យើង​គួរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ទៅ?៖ «អា​បាត​ដៃ​ទី​បី​ក៏​មាន អា​បាត​ដៃ​ទី​២ គេ​ថ្លែង​នៅ​ឯ​ទីក្រុង​ឡុងប៊ិច ឥឡូវ​គិត​យ៉ាង​ម៉េច? ការ​ស្លាប់​ប៉ុន្មាន​អី​ប៉ុន្មាន? គេ​បាន​សារភាព​ខ្លួន​គេ មិន​ចាំបាច់​នរណា​ទេ។ ហើយ​កុំ​ថា​និយាយ​នៅ​អាមេរិក លាក់​អ្នក​នៅ​ស្រុក​ខ្មែរ​បាន​នោះ គេ​បង្ហោះ​តាម​ហ្វេសប៊ុក​ពេញ​ទឹក​ពេញ​ដី​អស់​ហើយ។ រឿង​តុលាការ​ទុក​ឲ្យ​តុលាការ រឿង​ខ្ញុំ​គឺ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ជាប់​គុក គឺ​នៅ​បន្ត​ក្នុង​គុក​ហ្នឹង​ទៅ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​មក​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​និយាយ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ឡើយ។ លោក​ថា ក្នុង​ករណី​នេះ លោក ហ៊ុន សែន ចង់​ឲ្យ​មហាជន​យល់​ច្រឡំ​ទៅ​វិញ​ទេ៖ «ខ្ញុំ​យល់​ឃើញ​ថា ក្រែង​អ្នក​ស្ដាប់​គាត់​យក​ទៅ​បំភ្លៃ​បន្ថែម​ទេ ក៏ប៉ុន្តែ​ដូច​ខ្ញុំ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម កឹម សុខា យើង​កំណត់​ក្នុង​នាម​គណបក្ស​យក​គោលការណ៍​មួយ ដោយ​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី និង​អហិង្សា តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌ នោះ​ជា​ពាក្យ​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​និយាយ​បាទ»

អ្នក​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ថ្នាក់​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នេះ គ្រាន់​តែ​ជា​ការ​និយាយ​លាប​ពណ៌​ដាក់​គ្នា​ប៉ុណ្ណោះ ហើយ​ការ​និយាយ​ឌឺដង​ដាក់​គ្នា​នេះ បាន​ក្លាយ​ជា​វប្បធម៌​របស់​អ្នក​នយោបាយ​របស់​ខ្មែរ​ទៅ​ហើយ៖ «រដ្ឋាភិបាល​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​ត្រូវ​ប្រកាន់​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ទេ សំខាន់​គឺ​ទង្វើ​ទៅ​វិញ​ទេ ដែល​អាច​យក​មក​ធ្វើ​ការ​ចោទ​ប្រកាន់។ ហើយ​ការ​ចោទ​ប្រកាន់​ដោយ​យក​តុលាការ​ក្នុង​ការ​ចាប់​ខ្លួន គឺ​រឿង​មិន​ល្អ​ឡើយ ហើយ​គួរ​តែ​បោះ​បង់​ចោល​ក្នុង​ទីលាន​ប្រកួត​ប្រជែង​ចេញ»

នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នា​ពេល​កន្លង​ទៅ គណបក្ស​ប្រឆាំង​តែង​ប្រើ​ពាក្យ​ថា ដូរៗ​ទៅ​ដល់​សាធារណជន​ទូទៅ គឺ​មាន​ន័យ​ថា ដូរ​មេ​ដឹក​នាំ​ចាស់​ចេញ ដាក់​មេ​ដឹក​នាំ​ថ្មី​ជំនួស តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​មិន​បាន​សម្រេច​នៅ​ឡើយ។ គណបក្ស​ប្រឆាំង​ធ្លាប់​អះអាង​ថា ខ្លួន​មិន​អស់​ចិត្ត​ចំពោះ​ការ​ចាញ់​ឆ្នោត​នា​ពេល​កន្លង​ទៅ​នេះ​ទេ។ ក្រោយ​មក គណបក្ស​នេះ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​កែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ល្អ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ឈ្នះៗ​ដោយ​យុត្តិធម៌ និង​អ្នក​ចាញ់ៗ​ដោយ​អស់​ចិត្ត។

លោក ហ៊ុន សែន បដិសេធ​មិន​អន្តរាគមន៍​ដោះ​លែង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ យន់ សាមៀន

លោក ហ៊ុន សែន ប្រកាស​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី និង​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អះអាង​ថា អាច​នឹង​មាន​ការ​សម្រប​សម្រួល​នយោបាយ​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ទេ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​នឹង​ជួប​ជាមួយ លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​កំពុង​ជាប់​ពន្ធនាគារ។ លោក កឹម សុខា អះអាង​ថា ដំណោះស្រាយ​នយោបាយ​នៅ​មិន​ទាន់​បញ្ចប់​ទេ នៅ​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ផ្នែក​នយោបាយ និង​ជាប់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​លូក​ដៃ​ចូល​ប្រព័ន្ធ​តុលាការ​ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ទេ ហើយ​ថា ការ​អះអាង​ពី​ជំនួប​លោក និង​លោក សម រង្ស៊ី ក៏​មិន​មែន​ជា​ការ​ពិត​ឡើយ៖ «ម្សិលមិញ​ថា​ឲ្យ លោក សម រង្ស៊ី លើក​ជាមួយ​ខ្ញុំ​ក្រោយ​បោះ​ឆ្នោត។ ថា​គ្មាន​ទេ​រឿង​តុលាការ ទុក​ឲ្យ​តុលាការ​រឿង​ខ្ញុំ គឺ​ខ្ញុំ។ កុំ​បោក​គេ​ទៀត អ្នក​ណា​ជាប់​គុក​បន្ត​ជាប់​គុក​ហ្នឹង​ទៅ។ ខ្ញុំ​មិន​ធានា​ជូន​ទេ អត់​ធានា​ជំងឺ​ទេ។ អ្នក​ឯង​រក ហ៊ុន សែន ស្អី រឿង​ហ្នឹង​ជា​រឿង​តុលាការ»

ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) វិញ លោក ហ៊ុន សែន ស្នើ​ឲ្យ​តំណាង​រាស្ត្រ​ពី​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ឲ្យ​ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មីនា នេះ។ លោក ហ៊ុន សែន ក៏​រិះគន់​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង លោក សម រង្ស៊ី និង​លោក កឹម សុខា ជុំវិញ​ការ​គាំទ្រ​សេចក្តី​ព្រាង​ទាំង​ពីរ​នោះ៖ «ស្អែក​នេះ​ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​អនុម័ត​ច្បាប់​ពីរ ស្អែក​គណបក្ស​ទាំង​ពីរ​ស្រុះស្រួល​គ្នា ឯកឧត្តម សម រង្ស៊ី ថា​គាត់​ពេញ​ចិត្ត ដល់​អនុប្រធាន​គាត់​ថា​អត់​ពេញ​ចិត្ត​ទេ។ រឿង​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​រឿង​របស់​គាត់​ទេ។ ខ្ញុំ​អត់​ដឹង​ផ្ទៃ​ក្នុង​គាត់​ទេ។ ត្រង់​បុគ្គល​អត់​ពេញ​ចិត្ត​បែប​ណា​នោះ សមាជិក​សភា​ត្រូវ​ប្រជុំ​ទាល់​តែ​ចប់​ហ្នឹង។ នាំ​គ្នា​វេច​បាយ​ទៅ​ប្រជុំ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន បន្ថែម​ទៀត​ថា លោក​កំពុង​ធ្វើ​ការ​នឹង លោក សម រង្ស៊ី ដើម្បី​រៀបចំ​សមាជិក គ.ជ.ប ថ្មី ដែល​គ្រោង​បង្កើត​ឲ្យ​បាន​នៅ​ថ្ងៃ​ទី​១៣ មេសា ខាង​មុខ។

ក្នុង​ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​ចិត្ត​ខ្លួន​ឯង​ថា លោក​មាន​ប្រៀប​ជាង​ដៃគូ​នយោបាយ​របស់​លោក បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ព្រម​ចូល​ក្នុង​សភា​ជាតិ​បំពេញ​ភាព​ស្រប​ច្បាប់​ពេញ​លេញ​ជូន​លោក​ហើយ។ លោក​ក៏​មិន​ភ្លេច​ផ្តែផ្តាំ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រៅ​ស្រុក និង​ក្នុង​ស្រុក​ថា ពួក​គេ​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋសភា​ខ្មែរ ដែល​លោក​អះអាង​ថា ជា​ស្ថាប័ន​មួយ​គត់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។