ប្រមុខរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យព្រះសង្ឃ ជួយទេសនាពន្យល់ពលរដ្ឋឱ្យចូលរួមថែរក្សាសុខសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ន។ រីឯព្រះសង្ឃ យល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើង គឺមានចេតនាចង់ឱ្យព្រះសង្ឃទេសនាបម្រើផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយខ្លឹមសារសន្តិភាពរបស់លោក ហ៊ុន សែន និងព្រះពុទ្ធសាសនា មានលក្ខណៈផ្ទុយគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសរសើរគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ លោកជាង៤០ឆ្នាំមកនេះថា បានធ្វើប្រទេសកម្ពុជាមានសុខសន្តិភាព ហើយផ្តល់ឱកាសឱ្យគ្រប់សាសនាទាំងអស់មានការរីកចម្រើន ស្របពេល ដែលជីវភាពពលរដ្ឋកាន់តែល្អប្រសើរ និងមានសេរីភាពពេញលេញក្នុងជំនឿសាសនា។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានថ្លែងក្នុងន័យបង្គាប់បញ្ជាទៅព្រះសង្ឃឱ្យជួយទេសនា ពន្យល់ប្រជាពលរដ្ឋឱ្យ ចូលរួមថែរក្សាសុខសន្តិភាពក្នុងពេល បច្ចុប្បន្ន ខណៈលោកក៏ទើបតែបានចេញបញ្ជាឱ្យក្រសួង និងមន្ទីររដ្ឋគ្រប់ស្ថាប័ន ធ្វើយុទ្ធនាការបិទពាក្យស្លោក "អរគុណសន្តិភាព" នៅទូទាំងប្រទេសរួចមកហើយដែរ៖ «ព្រះពុទ្ធសាសនាក៏ត្រូវមានចំណែកដើម្បីអប់រំឱ្យពុទ្ធបរិស័ទ ចូលរួមចំណែកការពារសន្តិភាព ការពារនូវអ្វីដែលបាននឹងកំពុងមានហើយខិតខំអភិវឌ្ឍន៍ជា បន្តទៀត។ ដូច្នេះនេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមករវាងពុទ្ធចក្រ និងអាណាចក្រ។ អាណាចក្រទទួលបានផលប្រយោជន៍ពីសាសនារួមមានពុទ្ធចក្រនិងសាសនាដទៃទៀត»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីស្រោចទឹក ឬស្រោចព្រះសុគន្ធវារី ប្រគេន សម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលទើបតែងតាំងថ្មី នៅវត្តចំពុះក្អែក ក្រុងភ្នំពេញ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ លោក ហ៊ុន សែន ក៏ឆ្លៀតឱកាសបញ្ចេញសារនយោបាយដែរ ថា ប្រសិនបើគណបក្សថ្មីឡើងដឹកនាំប្រទេស មិនប្រាកដថា មានគោលនយោបាយបើកទូលាយសិទ្ធិសេរីភាពជំនឿសាសនា ដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលតែងចូលរួមតវ៉ាយ៉ាងសកម្មជាមួយសកម្មជនដីធ្លី និងផ្ទះសម្បែង និងធ្លាប់ទទួលពានរង្វាន់ផ្នែកសិទ្ធិមនុស្សផងនោះ មានថេរដីកាថា ការលើកឡើង របស់លោក ហ៊ុន សែន បែបនេះ គឺមានបំណងចង់យកស្ថាប័នព្រះពុទ្ធសាសនា ជួយផ្សព្វផ្សាយសារនយោបាយ ដើម្បីបម្រើផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយទង្វើបែបនេះគឺខុសនឹងច្បាប់ព្រះពុទ្ធសាសនាទាំងស្រុង។ ព្រះសង្ឃអង្គនេះ បន្តថា តាមពិតព្រះសង្ឃខ្មែរ បានដើរតួនាទីត្រឹមត្រូវរួចហើយក្នុងការអប់រំមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់ កុំឱ្យធ្វើអំពើបាប ត្រូវធ្វើអំពើជាកុសល និងធ្វើចិត្តឱ្យស្អាតផូរផង់ ដែលជាទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបង្កប់ដោយអត្ថន័យ សន្តិភាព អហិង្សា និងការគោរពសិទ្ធិមនុស្សដែលពិភពលោកកំពុងប្រតិបត្តិតាម។ ព្រះតេជព្រះគុណ មានថេរដីកាទៀតថា ប្រសិនបើលោក ហ៊ុន សែន ចង់ឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញពិតប្រាកដ គួរតែធ្វើជាមេដឹកនាំដែលប្រកាន់នូវទសពិធរាជធម៌ ដែលជាគុណធម៌ និងសីល ធម៌ទាំង ១០ រួមមាន ភាពស្មោះត្រង់ មិនលោភលន់ ចេះចែករំលែក មិនប្រើអំពើហិង្សា មិនបំពានច្បាប់ មិនបៀតបៀនអ្នកដទៃ ចេះអត់ធ្មត់ ត្រូវមានសីលធម៌ក្នុងខ្លួន ត្រូវចេះសមាទានសីលរកផ្លូវល្អ និងត្រូវប្រកាន់នូវចរិតសុភាពរាបសាជាដើម៖ «ទោះបីជាឱ្យព្រះសង្ឃទេសនាអរគុណនូវសន្តិភាពក្តី ទោះបីជាសរសេរនូវពាក្យអរគុណសន្តិភាពមួយលានដងក្តី តែបើការអនុវត្ត ការធ្វើនូវអំពើប្រាសចាកពីផ្លូវសន្តិភាពហើយ គឺអត់មានសន្តិភាពទេ ។ សន្តិភាពមិនមែនមានន័យថា សន្តិភាពតែផ្លូវវាចា ផ្លូវកាយទេ គឺសំដៅលើផ្លូវចិត្តផងដែរ។ សន្តិភាពរបស់ព្រះសម្មាសម្ពុទ្ធ គឺទាល់តែចិត្តមានសន្តិភាព ទើបធ្វើឱ្យកាយនិងវាចាមានសន្តិភាពដែរ»។
ព្រះតេជព្រះគុណ លួន សុវ៉ាត កត់សម្គាល់ឃើញថា ប្រទេសកម្ពុជា ថ្វីត្បិតតែគ្មានសង្គ្រាមប្រដាប់អាវុធក្ដី ក៏ប៉ុន្តែពោរពេញដោយអសន្តិសុខមនុស្សជាតិ មានអំពើហិង្សា ការរំលោភដីធ្លី អយុត្តិធម៌សង្គម អំពើពុករលួយ ការរំលោភបំពានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករជាដើម ដូច្នេះ អ្វីដែលកើតឡើងទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជាពុំទាន់មានសុខសន្តិភាពពេញលេញនៅឡើយទេ។ ព្រះអង្គយល់ថា អត្ថន័យនៃពាក្យសន្តិភាពរបស់ព្រះពុទ្ធសាសនា និងអ្នកនយោបាយខ្មែរខុសគ្នា។ ខុសគ្នាត្រង់ថា ពាក្យសន្តិភាពរបស់អ្នកនយោបាយខ្លះ ឱ្យតែអត់សង្គ្រាមប្រដាប់អាវុធបង្ហូរឈាមនោះទើបមានសន្តិភាពហើយ ប៉ុន្តែសម្រាប់ព្រះពុទ្ធសាសនា គឺអប់រំ មនុស្សឱ្យទម្លាក់អាវុធចុះ ចាប់យកធម៌អហិង្សា កុំបៀតបៀនគ្នា ហើយធ្វើអំពើល្អដាក់គ្នា ទាំងផ្លូវចិត្តផ្លូវកាយ ទើបមានសន្តិភាព៖ «សន្តិភាពរបស់ព្រះពុទ្ធគឺសន្តិភាពទាំងអស់គ្នា សុខទាំងអស់គ្នា សុខទាំងយើងសុខទាំងគេ សុខទាំងមនុស្ស រហូតដល់ដល់សុខទាំងទេវតាទៅទៀត តែបើសារ សន្តិភាពក្នុងន័យអ្នកនយោបាយវិញ គឺយើងមើលរាល់ថ្ងៃ ភាគីម្ខាងទៀត អត់មានសេចក្ដីសុខ អត់មានសន្តិភាពទេ អ្នកខ្លះជាប់គុក អ្នកខ្លះរត់ចោលស្រុក ហើយអ្នកខ្លះដេកភ័យនៅ ផ្ទះ ពេលដើរទៅណាទៅណី ក៏មានគេតាមឃ្លាំមើលដែរ។ សួរថាសន្តិភាពកើតដែរកន្លែងនេះ។ អ្នកដែលមានអំណាចគេសន្តិភាពហើយ ព្រោះគេចង់ទៅណាក៏មានអង្គរក្ស ចង់ធ្វើអីនិយាយអី បានតាមអំពើចិត្តអត់មានទាស់ខុស»។
ស្រដៀងគ្នានេះដែរ ព្រះតេជព្រះគុណ យស ហ៊ុតខេមចារោ ដែលគង់នៅប្រទេសបារាំង ប្រាប់អាស៊ីសេរីថា តាមពិតទៅ ព្រះសង្ឃ គួរតែទេសនាពន្យល់លោក ហ៊ុន សែន ទៅវិញទេ ដើម្បីឱ្យលោកមានសន្តិភាពក្នុងចិត្ត វាចានិងកាយជាគំរូ ត្រូវយកធម៌យកច្បាប់ជាធំ ត្រូវគោរពរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរី ពហុបក្ស ត្រូវគោរពសិទ្ធិមនុស្ស ត្រូវគោរពគោលការណ៍បែងចែកអំណាច ត្រូវគោរពឯករាជ្យភាព នៃតុលាការជាដើម។ លុះណាតែមេដឹកនាំប្រទេស មានមេត្តាករុណា ការគោរពនូវតម្លៃនិងសេចក្ដី ថ្លៃថ្នូររបស់មនុស្ស និងការផ្ដល់ យុត្តិធម៌ដ៏ពេញលេញទើបអាចមានសន្តិភាព។ ព្រះអង្គយល់ថា សន្តិភាពដោយគ្មានយុត្តិធម៌ គឺជាសន្តិភាពក្លែងក្លាយ ឬសន្តិភាព សិប្បនិម្មិត។
លោក ហ៊ុន សែន ត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថា ជាមេដឹកនាំផ្ដាច់ការ ក្រោមការដឹកនាំរបស់លោកពោរពេញដោយអំពើហិង្សា អំពើពុករលួយ ការកាប់សម្លាប់ និងបិទសេរីភាពប្រជា ពលរដ្ឋរបស់ខ្លួន។ និយាយអំពីការធ្វើបុណ្យធ្វើទានវិញ គេមើលឃើញថា លោក ហ៊ុន សែន ធ្វើឡើងដោយមិនស្មោះត្រង់ឡើយ គឺធ្វើបុណ្យដើម្បីបានចំណេញ។ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ព្រមានថា ប្រសិនគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត លោកនឹងឈប់ធ្វើបុណ្យ ឈប់ហែកឋិនចូលវត្ត រាល់គម្រោងបុណ្យទាំងអស់ ត្រូវដកចោល ហើយសូម្បីតែម៉ាស៊ីនបូមទឹកដាក់ស្រែកសិករ ក៏ដកចេញដែរដោយទុកឱ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។