តំណាងសហជីព សង្គមស៊ីវិល និងអ្នកវិភាគ រិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃរបបឯកបក្ស ដែលបានផ្តល់គំនិតដល់ប្រទេសក្រីក្រដទៃ ដែលលោកអះអាងថា ដើម្បីបន្តកសាងអនាគតប្រកបដោយចីរភាព ស្របពេលដែលកម្ពុជាក្រោមការដឹកនាំរបស់លោក អនុវត្តមិនបានភាគច្រើននៃចំណុចទាំងនោះនោះឡើយ។ ប្រតិកម្មនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលថាការរីករាលដាលនៃជំងឺកូវីដ-១៩ ជាបញ្ហាប្រឈមផង ជាឱកាសផង។
គំនិតដែលលោក ហ៊ុន សែន ថ្លែងនៅក្នុងសុន្ទរកថាកម្រាស់បីទំព័រ សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងតាមបណ្តាញអ៊ីនអើណិត កាលពីរសៀលថ្ងៃទី ២២ ខែ កញ្ញានោះ លោកថា ដើម្បីជួយប្រទេសក្រីក្រដូចកម្ពុជា ទប់ទល់នឹងវិបត្តិដោយសារជំងឺកូវីដ-១៩ គឺត្រូវធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាស សម្រាប់ការកែទម្រង់នៅក្នុងប្រទេស និងរក្សានូវភាពជាដៃគូជាសកល សំដៅធានាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ជាដើម។
ជុំវិញការអះអាងអំពីរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មជ្ឈដ្ឋានទូទៅ ជាពិសេសតំណាងកសិករ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកធ្វើការតាមផ្ទះ និងក្លិបកំសាន្ត កម្មកររោងចក្រ និងកម្មករវិស័យផ្សេងទៀត ថារបបក្រុងភ្នំពេញ មិនបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅឡើយទេ។ ពួកគាត់ត្រូវរស់នៅយ៉ាងវេទនា និងជំពាក់បំណុលធនាគារវណ្ឌក។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ដែលតំណាងកសិករក្រីក្រជាច្រើនសហគមន៍ ថាបញ្ហាដីធ្លីដែលមិនទាន់ដោះស្រាយ រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ បន្ថែមមួយជាន់ទៀត ធ្វើឲ្យកសិកររងផលប៉ះពាល់យ៉ាងខ្លាំង។ ជាងនេះទៅទៀត កសិករក្រីក្រជាច្រើន ត្រូវបានគេមើលរម្លង ដោយមិនបានទទួលជំនួយឧបត្ថម្ភ ពីគម្រោងចែកប្រាក់របស់រដ្ឋទេ ដែលទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់លំនឹងជីវភាពរបស់ពួកគាត់យ៉ាងខ្លាំង <<ជាក់ស្ដែងអ្នកដែលរងគ្រោះដោយសារបញ្ហាដីធ្លី ជាងប្រាំពីរពាន់គ្រួសារ ដែលមានបញ្ហាទៅលើជីវភាពនិងទាមទារឲ្យរដ្ឋាភិបាលបំពេញបន្ថែមទៅលើបញ្ហារបស់ពួកគាត់ និងតម្រូវការជាមូលដ្ឋានផ្នែកជីវភាព ធ្វើយ៉ាងម៉េចរៀបចំឲ្យមានសុវត្ថិភាពដីធ្លី និងដោះស្រាយបញ្ហាជីវភាព ឬតម្រូវការផ្សេងៗទៀត>>។
តំណាងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធឯណោះ ត្អូញត្អែរថា រដ្ឋមិនបានយកចិត្តទុកដាក់ពួកគាត់ឲ្យបានត្រឹមត្រូវ ជុំវិញបញ្ហាជីវភាពនេះ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គ្មានលំនឹងផ្នែកជីវភាពទាល់តែសោះ ក្នុងស្ថានភាពអាក្រក់បែបនេះ។ លោកសោកស្តាយដែលរដ្ឋ មិនបានជួយដើម្បីសម្រាលបន្ទុកពួកគាត់ទេ ថែមទាំងបន្ថែមបន្ទុកទៅទៀត <<ក្រឡេកមកមើលវិស័យក្រៅប្រព័ន្ធ ប្រាក់ចំណូលធ្លាក់ចុះស្ទើរតែដល់កម្រិតសូន្យ ហើយមិនមានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀត។ សេដ្ឋកិច្ចអត់មានលំនឹងទេ ប្រាក់ចំណូលពួកគាត់ធ្លាក់ចុះយ៉ាងខ្លាំង។ រដ្ឋមិនត្រឹមតែ មិនជួយទេ ថែមទាំងបញ្ឈប់នូវការធ្វើប័ណ្ណមូលនិធិសមធម៌ ដែលជាបណ្ណមួយធានានូវការពិនិត្យ និងព្យាបាលសុខភាព ពីសំណាក់ពេទ្យរដ្ឋ របស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ>>។
ក្រុមកម្មករធ្វើការផ្នែកសេវាកម្សាន្តឯណោះ ក៏រងផលប៉ះពាល់ជីវភាពយ៉ាងដំណំ និងគ្មានអន្តរាគមន៍ដោះស្រាយណាមួយពីខាងរដ្ឋាភិបាលនោះដែរ។ អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថាក្រុមកម្មករធ្វើការផ្នែកសេវាកម្សាន្ត បានដាក់ញត្តិ ដាក់លិខិតទៅក្រសួងការងារ ដាក់ញត្តិទៅរដ្ឋាភិបាល និងរហូតមានដាក់លិខិតថ្វាយទៅព្រះមហាក្សត្រ គ្រាន់តែស្នើសុំប្រាក់ឧបត្ថម្ភ ៤០ ដុល្លារ និងស្នើឱ្យជួយសម្រួលទៅម្ចាស់ផ្ទះជួល បន្ថយថ្លៃផ្ទះ ក្នុងអំឡុងពេលពួកគេបាត់បង់ការងារដោយបញ្ហាពីជំងឺកូវីដ-១៩ ប៉ុន្តែ គ្មានដំណោះស្រាយអ្វីទាំងអស់ <<មិនមានដំណោះស្រាយអ្វីទេ ក្រៅពីក្រោយមក រដ្ឋាភិបាលហ្នឹង គ្រាន់តែប្រកាសអនុញ្ញាត បើកឲ្យមានឡើងវិញ ប៉ុន្តែមិនមែនបើកជាខារ៉ាអូខេទេ មានន័យថាប្តូរពីខារ៉ាអូខេ ទៅជាភោជនីយដ្ឋាន។ រហូតមកដល់ឥឡូវនេះ ថៅកែខ្លះក៏អត់ទាន់ប្រថុយប្រថានក្នុងការបើកដែរ>>។
កម្មករផ្នែកកាស៊ីណូ ក៏ខ្វះខាតជីវភាព និងគ្មានជំនួយគ្រប់គ្រាន់ ពីរដ្ឋាភិបាលនោះដែរ។ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថាប្រាក់ឧបត្ថម្ភមានតិចតួចបំផុត និងបែងចែកមិនយុត្តិធម៌ទៀត <<បងប្អូននៅក្នុងវិស័យទេសចរណ៍ដូចគ្នា ខាងសណ្ឋាគារហ្នឹង គាត់បានខ្លះដែរ តែការបែងចែកហ្នឹងធ្វើឲ្យខាតទៀត។ ឧទាហរណ៍ជាក់ស្ដែង ដូចជាករណី ណាហ្គា វើលដ៍ហ្នឹង គឺក្រុមហ៊ុនបិទតាំងពីថ្ងៃទី ០១ ខែ មេសា ប៉ុន្តែប្រាក់ដែលពួកគាត់បាន គឺចាប់ផ្តើមពីពាក់កណ្តាលខែ ឧសភា។ អ៊ីចឹង គ្រាន់តែជាការចាប់ផ្តើមមួយ គឺកម្មករគាត់ខាតបាត់ទៅហើយ។ ម្យ៉ាងទៀត បើយើងនិយាយពីចំនួនទឹកប្រាក់ ៤០ ដុល្លារ នៅក្នុងមួយខែនេះ គឺវាតិចមែនទែន ដែលអាចនិយាយបានថា គាត់សឹងតែពិបាកក្នុងការចំណាយលើអាហាររូបត្ថម្ភចាំបាច់ផង>>។
កញ្ញា ឈម ស៊ីថរ បន្ថែមថា ឥឡូវនេះកាស៊ីណូ និងសណ្ឋាគារ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការវិញហើយ ប៉ុន្តែ គ្មានភ្ញៀវ ឯការងារក៏គ្មាន អ្នកខ្លះត្រូវព្យួរស្ទើរតែទាំងស្រុង ដែលធ្វើឲ្យពិបាកជាងពេលបិទទៅទៀត ព្រោះមិនអាចសុំប្រាក់ឧបត្ថម្ភអ្វីបាន ដោយសារគេចាត់ទុកថាពួកគាត់ ចាប់ផ្តើមចូលធ្វើការវិញហើយ។
នៅឯផ្នែករោងចក្រ និងវិស័យទេសចរណ៍មួយចំនួន កម្មករដែលបាត់ការងារ បានទទួលប្រាក់ឧបត្ថម្ភខ្លះដែរ ប៉ុន្តែប្រាក់នេះតិចតួចខ្លាំង។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាក់ខែកម្មករគឺ ១៩០ ដុល្លារ ប៉ុន្តែប្រាក់ព្យួរការងារ បានតែ ៤០ ដុល្លារ ឬប្រហែល ២០% នៃប្រាក់ពេញប៉ុណ្ណោះ។ ជាងនេះទៅទៀត ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារមួយខែនេះ បានតែកម្មករប្រមាណពាក់កណ្តាលប៉ុណ្ណោះ ក្នុងចំណោមកម្មកររោងចក្រ សហគ្រាសដែលបានព្យួរនៅទូទាំងប្រទេស <<ទន្ទឹមនឹងនេះ កម្មករយើងក៏រងនូវការបាត់បង់ប្រយោជន៍ជាច្រើន ដូចជាការកាត់ថ្ងៃធ្វើការ និងការមិនផ្តល់សិទ្ធិឲ្យមានការតវ៉ាជាដើម ដូចជាមានបញ្ហាច្រើនដែរ>>។
ចំណែកឯអ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក គឹម សុខវិញ លោកយល់ថា លោកហ៊ុន សែន កំពុងបង្កើតទ្រឹស្ដីមេរៀននយោបាយបញ្ច្រាសទិស បោកប្រាស់ប្រជាពលរដ្ឋ។ លោកថា តាមពិតលោក ហ៊ុន សែន កំពុងនិយាយអំពីការប្រឹងរកល្បិចកល រក្សាលំនឹងអំណាចផ្ទាល់ខ្លួនសោះ តែប្រឹងផ្សាយថា រក្សាលំនឹងជីវភាពប្រជាពលរដ្ឋឯណាឯណីឯណោះទៅវិញ។ ការបោកប្រាស់នេះ លោកសំដៅលើការក្បត់សន្យា ដែលថាបញ្ចេញកញ្ចប់ថវិកា ២ ពាន់លានដុល្លារ ដើម្បីជួយសម្រាលបន្ទុករាស្រ្ត ការមិនបញ្ចុះការប្រាក់ធនាគារ ការមិនផ្តល់ទុនបង្កើនផលិតភាពតាមសហគម៍ និងការមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីឲ្យស្ថានការណ៍នយោបាយធូរស្រាលជាដើម។
ចំណែកឯបញ្ហាប្រឈមនេះ ក៏មិនមែនជាឱកាសក្នុងការកែទម្រង់ ដូចអ្វីដែលលោក ហ៊ុន សែន អះអាងនោះដែរ ព្រោះអំពើពុករលួយ វប្បធម៌និទណ្ឌភាព និងភាពអយុត្តិធម៌សង្គម ជាដើម នៅតែមិនអាចកែបាន។
ជាងនេះទៅទៀត លោក ហ៊ុន សែន បានធ្វើឲ្យបាត់ឱកាសធំមួយក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចកម្ពុជា ដោយធ្វើឲ្យបាត់បង់ការអនុគ្រោះពន្ធ EBA ២០% មកពីការមានះមិនព្រមស្តារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនោះ។
រីឯភាពជាដៃគូជាមួយពិភពលោក ក៏ជួបបញ្ហាដែរ ដោយសារតែកម្ពុជាងាកខ្លាំងទៅរកចិនកុម្មុនិស្ត រហូតសហរដ្ឋអាមេរិក និងពិភពលោក សង្ស័យអំពីការណ៍ដែលកម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពចិន ដែលប្រការនេះប៉ះពាល់ដល់សន្តិសុខតំបន់ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសប្រជាធិបតេយ្យជាច្រើន។ ដោយសារតែបញ្ហានេះ សហរដ្ឋអាមេរិក ថ្មីៗនេះ ទើបតែដាក់ទណ្ឌកម្មក្រុមហ៊ុនធំមួយរបស់ចិន ដែលរកស៊ីនៅកម្ពុជា ឈ្មោះ UDG។
មិនតែប៉ុណ្ណោះ ស្ថានភាពរំលោភសិទ្ធិមនុស្ស កាន់តែធ្លាក់ចុះដុនដាបជាលំដាប់ ក្រោយរបបក្រុងភ្នំពេញ បើកយុទ្ធនាការចាប់ក្រុមយុវជន និងព្រះសង្ឃ ដែលជាសកម្មជនសង្គម។
លោក គឹម សុខ ថាទាំងនេះ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ <<កាលណាមានបញ្ហាកាន់តែធំជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកហើយ ពុំមានអ្នកវិនិយោគល្អៗណា គេទៅដាក់ទុនរកស៊ីទេ ពីព្រោះទីមួយប្រព័ន្ធធនាគារធំៗ នៅទូទាំងពិភពលោក នៅក្រោមឥទ្ធិពលរបស់អាមេរិកាំង អឺរ៉ុប និងសម្ពន្ធមិត្ត។ ម្យ៉ាងវិញទៀត ការមានទំនាស់ជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺស្មើនឹងការមានទំនាស់ជាមួយទីផ្សារដ៏ធំនិងបានផលចំណេញច្រើន នៅលើពិភពលោក>>។
មតិទូទៅ ស្នើឲ្យកម្ពុជា ស្តារស្ថានភាពប្រទេសខ្លួន ឲ្យបានល្អសិន មុននឹងឈានទៅផ្តល់អនុសាសន៍ទៅប្រទេសដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។