បទ​សម្ភាសន៍​ជាមួយ​តំណាងរាស្រ្ត​អូស្រ្តាលី​អំពី​ស្ថានការ​នយោបាយ​ក្រោយ​ការ​ដោះ​លែង​អ្នក​នយោបាយ​មួយ​ចំនួន

0:00 / 0:00

តំណាងរាស្រ្ត របស់ប្រទេសអូស្រ្តាលីអះអាងថា សកម្មភាព ដោះ​លែង​អ្នក​នយោបាយ​របស់​លោក ហ៊ុន​ សែន ថ្មីៗ នេះ មិន​អាច​យក​ជា​លេស ក្នុងការលាងជម្រះ​អំពើ​អាក្រក់​របស់​លោក ដែល​បាន​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ក៏​មិន​អាច​ជៀស​ផុត​​ពី​​ការ​​ដាក់​​សម្ពាធ​របស់​​សហគមន៍​អន្តរជាតិ​ជុំវិញ ការ​បោះ​ឆ្នោត​ដ៏​អាម៉ាស់​នៅ​កម្ពុជា​នោះ​ដែរ។

សួស្តីលោក ម៉ាក បាត់លើរ! សុខសប្បាយទេ?

បាទសួរស្តី ខ្ញុំសុខសប្បាយជាធម្មតាទេ អគុណដែលបានទូរស័ព្ទមក!

សារ៉ាដា៖ របប​លោក ហ៊ុន សែន ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ បាន​ដោះ​លែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ធំ រួម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់​ផង​ដែរ។ តើ​ហេតុ​អ្វី​បាន​ជា​របប​មួយ​នេះ​ធ្វើ​ដូច្នេះ?

ម៉ាក៖ ធ្វើដូច្នេះគឺដើម្បីចៀសវាងការរិះគន់ចំពោះការបោះឆ្នោតដ៏ អាម៉ាស់​របស់​លោក។ លោក ហ៊ុន សែន ធ្វើ​យ៉ាង​ហ្នឹង គឺ​ដើម្បី​ចៀសវាង កុំ​ឲ្យ​មាន​អ្នក​ប្រឆាំង។ គាត់ដឹងយ៉ាងច្បាស់ថា គណបក្សរបស់គាត់​អាចចាញ់ឆ្នោត។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​លោក ហ៊ុន សែន ដោះ​លែង​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​បញ្ចប់​ទៅ។ ប៉ុន្តែ​ការ​ដោះ​លែង​នេះ មិន​​​អាច​​​ផ្លាស់​​ប្តូរ​​ការ​​ពិត​​អំពី​​ការ​​បោះ​​ឆ្នោត​​ក្លែង​​ក្លាយ ឬ​រដ្ឋាភិបាល​​ខុស​​ច្បាប់​​របស់​​លោក ហ៊ុន សែន បាន​នោះ​ឡើយ​ព្រោះ តុលាការ​កំពូល​​​មិន​​​ព្រម​ដោះ​លែង​​លោក កឹម សុខា ហើយ​​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​​តែ​​មិន​​ព្រម​​ផ្តល់​​នីតិ​សម្បទា​​ឡើង​​វិញ។ ស្ថានភាព​​​បែប​​​នេះ ប្រទេស​នេះ នៅ​​តែ​​គ្មាន​​ប្រជាធិបតេយ្យ។

សារ៉ាដា៖ តើ​ប្រទេស​អូស្រ្តាលី​បាន​រួម​ចំណែក​ដាក់​សម្ពាធ​អ្វី​ខ្លះ ដល់​របប​លោក ហ៊ុន​ សែន​ ដែល​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​កន្លង​មក​នេះ?

ម៉ាក៖ បញ្ហានេះខ្ញុំមិនច្បាស់ដែរ ថាតើរដ្ឋាភិបាលរបស់យើងបាន និយាយអ្វីខ្លះជាមួយរបបលោក ហ៊ុន សែន ប៉ុន្តែ​យើង​មាន​​ការ​ពិភាក្សា វែកញែក​​គ្នា​​មួយ​​ចំនួន​​នៅ​​ក្នុង​​រដ្ឋសភា កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ អំពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យើង​បាន​ធ្វើសេចក្តីសំរេចចិត្តមួយក្នុងការទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យ​មានការ​បញ្ឈប់ការធ្វើទុកបុកម្នេញ ដល់​បណ្តាញ​សាព័ត៌មានឯករាជ្យ និងអង្គការ​សង្គម​ស៊ីវិល។ សេចក្តីសំរេចនោះត្រូវបាន អនុម័ត​ថែម​ទៀត​ផង។

សារ៉ាដា៖ ពាក់ព័ន្ធឹការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​នេះ តើ​លោក​យល់​ថា រដ្ឋាភិបាល​អូស្រ្តាលី និង​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​នឹង​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​ពួក​គេ​ពី​ការ​ដក​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ​ដែរ​ទេ?

ម៉ាក៖ ខ្ញុំមិនគិតដូច្នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​អូស្រ្តាលី និង​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត មិន​ធ្វើ​អ៊‍ីចឹង​នោះ​ដែរ។ ខ្ញុំនិងសហសេវឹក របស់ខ្ញុំ សាទរចំពោះការដោះលែងអ្នកទោសនយោបាយ ទាំងនេះឲ្យមាន សេរីភាពឡើងវិញ ប៉ុន្តែការ​ដោះ​លែងនេះមិនមែនមាន​ន័យថា អាចលាង​ជម្រះទង្វើដ៏អាក្រក់​របស់លោក ហ៊ុន សែន ដែលបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុងរយៈពេល ២ឆ្នាំ​កន្លងមកនោះឡើយ។ លោក កឹម សុខា នៅ​បន្ត​ជាប់​ឃុំឃាំង​នៅ​ឡើយ។ ឯ​លោក ហ៊ុន សែន កំពុង​ប្រកាស​អំពី​ជ័យជម្នះ នៃ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​របស់​លោក។ ដូច្នេះ​ការ​ដាក់​សម្ពាធ​លើ​របប​លោក​ ហ៊ុន សែន ត្រូវ​តែ​បន្ត ហើយ​បណ្តា​ប្រទេស​ដទៃ នៅ​លើ​ពិភព​លោក ក៏​ត្រូវ​តែ​បន្ត​ដាក់​សម្ពាធ ចំពោះ​របប​មួយ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បែប​នេះ​ដែរ។

សារ៉ាដា៖ លោក ហ៊ុន សែន​ អះអាងថានឹងមកចូលរួមមហាសន្និបាត របស់​អង្គការ​សហប្រជា​ជាតិ​ក្នុង​បុរីញូយ៉ក សហរដ្ឋ​អាមេរិក​ ហើយ​លោក​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន ដើម្បី​បញ្ចុះបញ្ចូល​អន្តរជាតិ ឲ្យ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ តើ​លោក​យល់​ថា គាត់​អាច​នឹង​ទទួល​ជោគជ័យ​ក្នុង​បេសកកម្ម​នេះ​ទេ?

ម៉ាក៖ ខ្ញុំគិតថាសហគមន៍អន្តរជាតិ គេបានដឹងឮអស់ហើយ នូ​វទង្វើ របស់លោក ហ៊ុន សែន ដែលបានធ្វើទុក្ខបុកម្នេញ ដូចជា​ការ​រឹតត្បិត សេរីភាព​សាព័ត៌មាន អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ការ​ធ្វើ​ឃាត​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ឃុំ​ខ្លួន​លោក កឹម សុខា ការ​បង្ខំ​ឲ្យ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​ដូចជា​អ្នកស្រី មូរ សុខហួរ និង​​មនុស្ស​ជា​ច្រើន​និរទ្ទេស​ខ្លួន​​ទៅ​ក្រៅ​ប្រទេស។ សហគមន៍​អន្តរជាតិ យល់ច្បាស់ណាស់ថា របប​លោក ហ៊ុន សែន ពិត​ជា​បាន​ប្រឆាំង​​រាល់​ទម្រង់ នៃសេរីភាពក្នុងការធ្វើនយោបាយ​នៅកម្ពុជា។ ដូច្នេះ​សកម្មភាព​នៃ​របប​លោក ហ៊ុន សែន ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ មិនអាចផ្លាស់ប្តូរឥរិយាបទ​របស់សហគមន៍​អន្តរជាតិ ពីការបន្តដាក់សម្ពាធ ដល់របបរបស់លោក ហ៊ុន សែន នោះ​ទេ។ ម្យ៉ាង​ទៀត សហគមន៍អន្តរជាតិ មិន​អាច​ទទួល​យក​បាន ការណ៍ដែលរបបនេះ មិនគោរពកិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ផ្តល់អំណាច​ឲ្យ​ពលរដ្ឋ​អាច​ជ្រើសរើស​មេ​ដឹក​នាំ​តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ខ្លួន តាម​រយៈ​ការ​​បោះ​ឆ្នោត​មួយ​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សារ៉ាដា៖ ចុះឧបមាថា លោក ហ៊ុន សែន​ ទទួលជ័យជំនះក្នុងការបញ្ចុះ បញ្ចូលសហគមន៍​អន្តរជាតិ​ទាំង​នោះ​មែន តើ​អ្វី​ដែល​ជា​ឧបសគ្គ សម្រាប់​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ?

ម៉ាក៖ នៅចុងបញ្ចប់សហគមន៍អន្តរជាតិ នឹង​នៅ​តែ​ធ្វើ​ការ​ទាក់ទង​ជាមួយ​របប​លោក ហ៊ុន សែន ដដែលហ្នឹង ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ពួក​គេ​លែង​ខ្វល់ខ្វាយ​អំពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ។

សារ៉ាដា៖ ចុះប្រសិនបើលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាង​មុខ​ទៀតនេះ តើ​សម្ពាធ​សហគមន៍​អន្តរជាតិ អាច​​នឹង​ថមថយ​ដែរ​ទេ?

ម៉ាក៖ បញ្ហានេះខ្ញុំនៅមិនទាន់អាចនិយាយបានទេ ហើយខ្ញុំក៏មិនទាន់ អាចទាយត្រូវថាគាត់នឹងធ្វើអ្វីទៀតនោះដែរ។ ប៉ុន្តែ​​ខ្ញុំ​​សង្ឃឹម​​ថា លោក ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា ឆាប់ៗ នេះ​ឯង ពីព្រោះ​លោក កឹម សុខា មិន​ត្រូ​វ​ឃុំ​ខ្លួន សូម្បី​​តែ​មួយ​​​ថ្ងៃ​​​នោះ​​​ឡើយ។ ឧបមាថា គេ​ដោះ​លែង លោក កឹម សុខា ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានទទួល​ស្គាល់​ឡើង​វិញ ហើយ​ក្រុម​មន្រ្តី​របស់​គណបក្ស​នេះ អាចវិលត្រឡប់ចូលស្រុកកំណើត របស់ពួក​គេវិញដោយគ្មាន​ការ​ចាប់​ខ្លួន ក៏​ដោយ​ចុះ ក៏​ទាំង​​អស់​​​នេះ មិនអាចឲ្យគេទទួលស្គាល់ថា ការបោះឆ្នោតកាលពីថ្ងៃទី​២៩ ខែ​កក្កដា ជា​បោះ​ឆ្នោត​មិន​ក្លែងក្លាយ​បាន​នោះដែរ។

សារ៉ាដា៖ អគុណណាស់លោក ម៉ាក បាត់លើរ ចំពោះពេល​វេលា​របស់​លោក​ជា​មួយ​អាស៊ីសេរី!

ម៉ាក៖ បាទសូមអគុណដែលបានផ្តល់បទសំភាសន៍ដល់លោក ម្តងទៀត !

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។