គណបក្ស​អំណាច​ខ្មែរ​បន្ត​រក្សា​មេ​ដឹក​នាំ​ដដែល ហើយ​បន្ត​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ

មាន ឫទ្ធិ
2018-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA

គណបក្ស​អំណាច​ខ្មែរ​ប្រកាស​ថា គ្មាន​​ផែនការ​​ផ្លាស់ប្តូរ​​មេដឹកនាំ​កំពូល​នោះទេ ខណៈ​របប លោក ហ៊ុន សែន ដោះ​លែង​​អតីត​​ប្រធាន​​គណបក្ស​​អំណាច​​ខ្មែរ​​លោក​ សួន សេរី​រដ្ឋា​។ គណបក្ស​​អំណាច​​ខ្មែរ ក៏​​​មិន​​​ទទួល​ស្គាល់​​​រដ្ឋាភិបាល​​ថ្មី និង​​​បន្ត​ទាមទារ​​ឲ្យ​​បោះ​ឆ្នោត​​ឡើង​វិញ​​ដែរ​។ អ្នកវិភាគ មើលឃើញថា អ្វីដែល​គណបក្ស​អំណាច​ខ្មែរ​លើកឡើង អាចជា​ការបង្ហាញ​ពី​ការបែកបាក់​ផ្ទៃក្នុង ហើយ​​ការ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ នឹង​គ្មាន​ឥទ្ធិពល និង​មិនបាន​លទ្ធផល​ទេ​។​

គណបក្ស​អំណាច​ខ្មែរ នៅ​ថ្ងៃទី​២៦ ខែសីហា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា គណបក្ស​នេះ នៅតែ​ដឹកនាំ​ដោយ​លោក ​សួង សុ​ភ័​ណ្ឌ និង​គ្មាន​ផែនការ​ធ្វើ​សមាជ​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​កំពូល​នោះទេ ខណៈដែល​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​សួន សេរី​រដ្ឋា ត្រូវ​ដោះលែង​ឲ្យ​មានសេរីភាព​ឡើងវិញ​។​

សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា គណបក្ស​នៅតែមាន​គោលជំហរ​ប្រឆាំង​ដដែល ហើយ​ប្រកាស​​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី ដែល​បង្កើតឡើង​ដោយ​គណបក្សកាន់អំណាច​នោះទេ​។ ទន្ទឹមគ្នានេះ គណបក្ស​អំណាច​ខ្មែរ នៅតែ​ទាមទារ​ឲ្យ​ផ្លាស់ប្តូ​រគ​.​ជ​.​ប បច្ចុប្បន្ន ហើយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។

​ប្រធាន​គណបក្ស​​អំណាច​ខ្មែរ លោក ​សួង សុ​ភ័​ណ្ឌ មានប្រសាសន៍ថា ការចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា គ្មាន​ការផ្លាស់ប្តូរ​មេដឹកនាំ​កំពូល​នេះ មិនមាន​ការបែកបាក់​ផ្ទៃក្នុង ឬ​មានការ​ទាមទារ​អំណាច​មកវិញ​ពី​លោក​ សួន សេរី​រដ្ឋា​ នោះទេ​។ ទោះ​យ៉ាង​ណា​​ក្តី លោក ​សួង សុ​ភ័​ណ្ឌ ថា លោក​សួន សេរី​រដ្ឋា បាន​បង្កើត​កំហុស​មួយ ដែល​គណបក្ស​អំណាច​ខ្មែរ​មិន​​គាំទ្រ គឺ​​ការ​​​អង្វរ​​​សុំ​​ទោស​​លោក ហ៊ុន សែន ជា​​ថ្នូរ​នឹង​ការ​បាន​រួច​ពី​ពន្ធនាគារ​។ «»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក​ សួន សេរី​រដ្ឋា ​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែសីហា ដោយ​​ទូរស័ព្ទ​​មិន​អាច​​ទំនាក់ទំនង​​​បាន​។​

លោក ​សួង សុ​ភ័​ណ្ឌ បញ្ជាក់ដែរថា ចំពោះ​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​នោះ ព្រោះ​​លោក​​យល់​ថា ការ​បោះ​ឆ្នោត​​អាណត្តិ​​ទី​៦ ​កន្លង​ទៅ មិន​មាន​​សេរី និង​​យុត្តិធម៌ ត្រឹមត្រូវ ហើយ​គណបក្ស​អំ​ណាចខ្មែរ​ក៏​មិនបាន​ចូលរួម​ដែរ​។ ​«»

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា លើកឡើងថា ការ​ទាមទារ​​ឲ្យ​​បោះ​ឆ្នោត​​​ឡើង​​វិញ​ គឺ​​​មិន​​អាច​​​ទៅ​​រួច​​​នោះ​​ទេ ហើយ​​ការ​មិន​ទទួល​ស្គាល់​​រដ្ឋា​ភិ​បាល​​ថ្មី គឺ​ជា​​សិទ្ធិ​​របស់​​បុគ្គល​​ «»

​សមាជិក​ក្រុមអ្នកវិភាគ​វ័យក្មេង លោ​ក បុង ​ដែ​ត មើលឃើញថា សេចក្តីថ្លែងការណ៍​​រប​ស់​គណបក្ស អំណាច​ខ្មែរ​នោះ គឺ​​បង្ហាញ​​ពី​​ការ​បែកបាក់​​ផ្ទៃក្នុង​​ជា​​ប្រាកដ បន្ទាប់ពី​លោក ​សួន សេរី​រដ្ឋា ត្រូវបាន​ដោះលែង​។ លោក​បន្តថា លោក​សួង សុ​ភ័​ណ្ឌ ប្រហែល​កំពុងលែង​ល្បែង​ដណ្តើ​ម​យក​បក្ស​អំណាច​ខ្មែរ​មក​គ្រប់​គ្រង​ផ្តាច់មុខ និង​កំពុង​ព្រួយបារម្ភ ខណៈ​លោក ​សួន សេរី​រដ្ឋា មាន​​សេរីភាព​​ឡើង​វិញ​។ ចំពោះ​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​​ថ្មី​នេះ គឺជា​យុទ្ធសាស្ត្រ​​នយោបាយ​។ «»

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ត្រូវបាន​ដោះលែង​កាលពី​យប់​ថ្ងៃទី​២៣ ខែ សីហា ក្រោយ​​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​​ឲ្យ​​លើកលែងទោស នៅ​ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​បាន​សរសេរ​លិខិត​សុំទោស ទៅ​លោក ហ៊ុន សែន សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក​ក្នុង​ថ្ងៃ​ដដែល​។ ក្នុង​លិខិត ចុះ​ថ្ងៃទី​២៣ ខែ សីហា នោះ លោក សួន សេរី​រដ្ឋា ​សុំ​​អភ័យ​ទោស​​ជា​​លើក​​ទី​​ពីរ និង​សោក​ស្ដាយ​​នូវ​​រាល់​​កំហុសឆ្គង​កន្លងមក ហើយ​សន្យាថា ចាប់ពី​ថ្ងៃនេះ​តទៅ លោក​នឹងមិន​សរសេរ ឬ​និយាយ​អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ និង លោក ហ៊ុន សែន ដោយ​គ្មាន​ការពិចារណា​តទៅទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល