គណបក្សអំណាចខ្មែរប្រកាសថា គ្មានផែនការផ្លាស់ប្តូរមេដឹកនាំកំពូលនោះទេ ខណៈរបប លោក ហ៊ុន សែន ដោះលែងអតីតប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា។ គណបក្សអំណាចខ្មែរ ក៏មិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងបន្តទាមទារឲ្យបោះឆ្នោតឡើងវិញដែរ។ អ្នកវិភាគ មើលឃើញថា អ្វីដែលគណបក្សអំណាចខ្មែរលើកឡើង អាចជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុង ហើយការទាមទារឲ្យបោះឆ្នោតឡើងវិញ នឹងគ្មានឥទ្ធិពល និងមិនបានលទ្ធផលទេ។
គណបក្សអំណាចខ្មែរ នៅថ្ងៃទី២៦ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា គណបក្សនេះ នៅតែដឹកនាំដោយលោក សួង សុភ័ណ្ឌ និងគ្មានផែនការធ្វើសមាជដើម្បីផ្លាស់ប្តូរមេដឹកនាំកំពូលនោះទេ ខណៈដែលអតីតប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា ត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គណបក្សនៅតែមានគោលជំហរប្រឆាំងដដែល ហើយប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលបង្កើតឡើងដោយគណបក្សកាន់អំណាចនោះទេ។ ទន្ទឹមគ្នានេះ គណបក្សអំណាចខ្មែរ នៅតែទាមទារឲ្យផ្លាស់ប្តូរគ.ជ.ប បច្ចុប្បន្ន ហើយរៀបចំការបោះឆ្នោតឡើងវិញ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា គ្មានការផ្លាស់ប្តូរមេដឹកនាំកំពូលនេះ មិនមានការបែកបាក់ផ្ទៃក្នុង ឬមានការទាមទារអំណាចមកវិញពីលោក សួន សេរីរដ្ឋា នោះទេ។ ទោះយ៉ាងណាក្តី លោក សួង សុភ័ណ្ឌ ថា លោកសួន សេរីរដ្ឋា បានបង្កើតកំហុសមួយ ដែលគណបក្សអំណាចខ្មែរមិនគាំទ្រ គឺការអង្វរសុំទោសលោក ហ៊ុន សែន ជាថ្នូរនឹងការបានរួចពីពន្ធនាគារ។ «»
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីលោក សួន សេរីរដ្ឋា បានទេ នៅថ្ងៃទី២៦ ខែសីហា ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
លោក សួង សុភ័ណ្ឌ បញ្ជាក់ដែរថា ចំពោះការទាមទារឲ្យបោះឆ្នោតឡើងវិញនោះ ព្រោះលោកយល់ថា ការបោះឆ្នោតអាណត្តិទី៦ កន្លងទៅ មិនមានសេរី និងយុត្តិធម៌ ត្រឹមត្រូវ ហើយគណបក្សអំណាចខ្មែរក៏មិនបានចូលរួមដែរ។ «»
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា លើកឡើងថា ការទាមទារឲ្យបោះឆ្នោតឡើងវិញ គឺមិនអាចទៅរួចនោះទេ ហើយការមិនទទួលស្គាល់រដ្ឋាភិបាលថ្មី គឺជាសិទ្ធិរបស់បុគ្គល «»
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត មើលឃើញថា សេចក្តីថ្លែងការណ៍របស់គណបក្ស អំណាចខ្មែរនោះ គឺបង្ហាញពីការបែកបាក់ផ្ទៃក្នុងជាប្រាកដ បន្ទាប់ពីលោក សួន សេរីរដ្ឋា ត្រូវបានដោះលែង។ លោកបន្តថា លោកសួង សុភ័ណ្ឌ ប្រហែលកំពុងលែងល្បែងដណ្តើមយកបក្សអំណាចខ្មែរមកគ្រប់គ្រងផ្តាច់មុខ និងកំពុងព្រួយបារម្ភ ខណៈលោក សួន សេរីរដ្ឋា មានសេរីភាពឡើងវិញ។ ចំពោះការទាមទារឲ្យបោះឆ្នោតឡើងវិញ និងមិនទទួលស្គាល់រដ្ឋាភិបាលថ្មីនេះ គឺជាយុទ្ធសាស្ត្រនយោបាយ។ «»
អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានដោះលែងកាលពីយប់ថ្ងៃទី២៣ ខែ សីហា ក្រោយព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យលើកលែងទោស នៅថ្ងៃដដែលនោះ បន្ទាប់ពីបានសរសេរលិខិតសុំទោស ទៅលោក ហ៊ុន សែន សុំអន្តរាគមន៍ឲ្យដោះលែងលោកក្នុងថ្ងៃដដែល។ ក្នុងលិខិត ចុះថ្ងៃទី២៣ ខែ សីហា នោះ លោក សួន សេរីរដ្ឋា សុំអភ័យទោសជាលើកទីពីរ និងសោកស្ដាយនូវរាល់កំហុសឆ្គងកន្លងមក ហើយសន្យាថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងមិនសរសេរ ឬនិយាយអ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិ និង លោក ហ៊ុន សែន ដោយគ្មានការពិចារណាតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។