តុលាការខេត្តកំពត បានបើកសវនាការសកម្មជនបក្សប្រឆាំងម្នាក់ គឹ អ្នកស្រី ប៉ែន មុំ ក្នុងសំណុំរឿង បទចោទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩ នៅថ្ងៃទី២៥ សីហា។
អ្នកស្រី ប៉ែន មុំ ឲ្យដឹងថា ក្នុងសវនាការ អ្នកស្រី និងមេធាវី បានបដិសេធបទចោទម្ដងហើយម្ដងទៀត ដោយអះអាងថា គ្មានគំនិត គ្មានឆន្ទៈ និងមិនបានធ្វើសកម្មភាពវិទ្ធង្សនា ឬរួមគំនិតក្បត់ជាតិ ម្ដងណាឡើយ។ អ្នកស្រីបន្តថា លោកមេធាវី ជួង ជូងី បានអះអាងប្រាប់ចៅក្រមថា អ្នកស្រី ប៉ែន មុំ គ្មានលទ្ធភាពធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលឡើយ ដូច្នេះ មេធាវីសំណូមពរឲ្យចៅក្រមទម្លាក់ការចោទប្រកាន់ប្រឆាំងកូនក្ដី។
ក្រោយពេលស្ដាប់ការឆ្លើយបំភ្លឺរួច ចៅក្រមបានសម្រេចនឹងប្រកាសសាលក្រម នៅថ្ងៃទី៩ កញ្ញា ខាងមុខ។ អ្នកស្រី ប៉ែន មុំ រំពឹងថា ចៅក្រមនឹងទម្លាក់បទចោទប្រកាន់លើរូបអ្នកស្រី ដើម្បីឲ្យអ្នកស្រី មានភាពកក់ក្ដៅក្នុងចិត្ត និងទទួលបានយុត្តិធម៌ មានសិទ្ធិ សេរីភាព ពេញលេញមកវិញ។
ក្នុងពេលសវនាការនោះ ក៏មានការឃ្លាំមើលពីក្រុមអង្គការសិទ្ធិមនុស្ស ក្នុងបន្ទប់សវនាការ និងមានសកម្មជនបក្សប្រឆាំងជាង ១០នាក់ ទៅឃ្លាំមើលដំណើរការសវនាការ នៅខាងមុខសាលាដំបូងខេត្តកំពត។
អ្នកស្រី ប៉ែន មុំ គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត នៅឃុំកណ្ដោល ស្រុកទឹកឈូ។ នគរបាលខេត្តកំពត បានចាប់ខ្លួន អ្នកស្រី កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០១៩ បញ្ជូនទៅតុលាការ ដោយចោទថា អ្នកស្រីបានកៀរគរអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងមូលដ្ឋាន ដើម្បីរង់ចាំទទួលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍វិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។
តំណាងអយ្យការ បានបញ្ជាឆ្មាំពន្ធនាគារឱ្យដោះលែងអ្នកស្រីវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ គឺក្រោយពេលមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយថ្ងៃ ដែលបញ្ជាឲ្យដោះលែង និងបញ្ឈប់ការចាប់ចង សកម្មជនបក្សប្រឆាំង ក្នុងសំណុំរឿងរួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
ក្នុងសំណុំរឿងចូលរួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលនោះ របបក្រុងភ្នំពេញ បានចាប់សកម្មជនបក្សប្រឆាំងជិត ១០០នាក់ និងតាមចាប់សកម្មជនបក្សប្រឆាំងមួយចំនួន ដែលរត់គេចខ្លួន។ ក្នុងចំណោមនោះ តំណាងអយ្យការបានដោះលែងសកម្មជន ៧៦នាក់ ឲ្យនៅក្រៅបណ្ដោះអាសន្ន ដោយមិនទម្លាក់បទចោទតាមបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភាគច្រើននៃអ្នកទាំងនោះ បានកាត់ក្ដីរួចហើយ ដោយចៅក្រម តាមសាលាជម្រះក្ដីនានា បានសម្រេចឲ្យមានទោសតែព្យួរទោស គិតត្រឹមថ្ងៃដោះលែងបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។