មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ប្រកួត​ប្រជែង​គ្នា​លើ​គោល​នយោបាយ

ដោយ យ៉ង ចាន់តារា
2017-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page

ប្រមុខ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ប្រកួត​ប្រជែង​គ្នា​លើ​គោល​នយោបាយ ចៀសវាង​ការ​គំរាម​កំហែង ការ​ជេរ​ប្រទេច និង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ដែល​នាំ​ទៅ​រក​ការ​ប្រេះឆា​ជាតិ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង “វេទិកា​ថ្លែង​អំណរគុណ​ម្ចាស់​ឆ្នោត” នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា លោក​ចង់​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​មួយ​នៅ​កម្ពុជា គឺ​ការ​ប្រកួត​ប្រជែង​គ្នា​ផ្នែក​គោល​នយោបាយ​ទាក់ទង​នឹង​អនាគត​របស់​ជាតិ និង​ប្រជាពលរដ្ឋ។ លោក​ចង់​ឲ្យ​គណបក្ស​នីមួយៗ​ដាក់​ចេញ​នូវ​គោល​នយោបាយ​រៀងៗ​ខ្លួន ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោត​គាំទ្រ ដោយ​ចៀសវាង​នូវ​ការ​គាប​សង្កត់ គំរាម​កំហែង និង​ជេរ​ប្រមាថ​ដៃគូ​ប្រកួត​ប្រជែង។

លោក កឹម សុខា បន្ត​ថា នៅ​ក្រោយ​ការ​បោះឆ្នោត ទោះ​បី​ជា​គណបក្ស​ណា​ឈ្នះ​ក្លាយ​ជា​បក្ស​កាន់​អំណាច ឬ​ចាញ់​ក្លាយ​ជា​បក្ស​ប្រឆាំង​ក៏ដោយ គឺ​ត្រូវ​សហការ​គ្នា​បម្រើ​ប្រទេស​ជាតិ។ លោក​យល់​ថា ធ្វើ​បែប​នេះ​ទើប​កម្ពុជា មាន​សន្តិភាព ស្ថិរភាព និង​ការ​រីក​ចម្រើន«សូម​អំពាវនាវ​គ្រប់​គូ​ប្រកួត​ប្រជែង​គណបក្ស​នយោបាយ​ទាំងអស់ ពី​ថ្ងៃ​នេះ​ទៅ​យើង​ប្ដូរ​ពី​វប្បធម៌​គំរាម​គ្នា​ដើម្បី​ឈ្នះ​ចាញ់ បង្កាច់​បង្ខូច​គ្នា​ដើម្បី​ឈ្នះ​ចាញ់ ជេរ​បញ្ចោរ​គ្នា​ដើម្បី​ឈ្នះ​ចាញ់ ប្រើ​អំពើ​ហិង្សា​ដើម្បី​ឈ្នះ​ចាញ់ ចាប់​គេ​ដាក់​គុក​ដើម្បី​ឈ្នះ​ចាញ់ ឈប់​ទៅ​ទង្វើ​ទាំងអស់​ហ្នឹង ឈប់​ទាំងអស់​គ្នា។ យក​ផលិតផល​របស់​យើង គោល​នយោបាយ​របស់​យើង​ជា​ទំនិញ​របស់​យើង យក​មក​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ ហើយ​គាត់​សម្រេច​ដោយ​សេរី​ទៅ»

លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ទៀត​ថា ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​យុត្តិធម៌ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​បង្កើត​ការងារ​ជួយ​ដល់​យុវជន គោល​នយោបាយ​អន្តោប្រវេសន៍ និង​រឿង​ព្រំដែន ការ​ការពារ​ធនធាន​ធម្មជាតិ និង​ការ​ស្វែងរក​ទីផ្សារ​កសិផល ជាដើម។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​សារ​របស់​មេ​បក្ស​ប្រឆាំង ថា​ជា​សំណូមពរ​ដ៏​ល្អ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​គំនិត​នេះ តែ​លោក​ក៏​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង អនុវត្ត​តាម​សំណូមពរ​របស់​ខ្លួន​នេះ​ដែរ«ការ​លាប​ពណ៌ ការ​ជេរ​ប្រមាថ ការ​មួលបង្កាច់​បង្ខូច​កេរ្តិ៍​ផ្សេងៗ គឺ​យើង​មិន​ត្រូវការ​នោះ​ទេ។ អ៊ីចឹង​បើ​ឯកឧត្តម កឹម សុខា មាន​មតិ​អ៊ីចឹង គឺ​ស្រប​ទៅ​តាម​សំណូមពរ​របស់​គណបក្ស​ប្រជាជន​ហើយ ហើយ​យើង​យល់​ថា បើ​សិន​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​នីមួយៗ​ប្រកាន់​ជំហរ​ដូច្នេះ នឹង​មិន​មាន​បដិវាទកម្ម ឬ​បញ្ហា​ស្មុគស្មាញ​ក្នុង​សង្គម​ជាតិ​ដូច​មុន​ទេ»

លោក សុខ ឥសាន មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​សំខាន់ៗ​អ្វី​ខ្លះ​សម្រាប់​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ដោយ​រង់ចាំ​ការ​សម្រេច​ពី​មហា​សន្និបាត​គណបក្ស ដែល​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ជាទូទៅ​ថា ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា និង​ភាព​មិន​ប្រក្រតី​ធំ​ដុំ​ណា​មួយ​កើត​ឡើង​នោះ​ទេ ក៏ប៉ុន្តែ​នៅ​មុន​ការ​បោះឆ្នោត ប្រមុខ​ដឹកនាំ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច បាន​គំរាម​ពី​ភ្លើង​សង្គ្រាម បើ​សិន​ជា​គណបក្ស​របស់​ពួក​គេ​ចាញ់​ឆ្នោត ដែល​ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ និង​អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត ចាត់​ទុក​ថា​ជា​រឿង​ខុស​ច្បាប់។

សមាជិក​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង កត់​សម្គាល់​ថា ការ​គំរាម​កំហែង អំពើ​ហិង្សា ការ​ជេរ​ប្រមាថ និង​ការ​បរិហារ​គ្នា​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​ក្នុង​ចំណោម​អ្នក​នយោបាយ តែងតែ​កើត​មាន​ឡើង​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត។ លោក​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ដើម្បី​អភិវឌ្ឍ​ជាតិ មិន​មែន​បោះឆ្នោត​ដើម្បី​ចង់​បាន​ការ​បែកបាក់​ជាតិ​នោះ​ទេ«ការ​បោះឆ្នោត​ក្លាយ​ជា​ការ​បែកបាក់​ជាតិ គឺ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចង់​បាន​នោះ​ទេ។ យើង​ចង់​ឃើញ​ការ​បោះឆ្នោត​ហើយ គឺ​មាន​ការ​ស្រុះស្រួល​គ្នា គោល​នយោបាយ​បក្ស​ណា​ល្អ​ជាង ពលរដ្ឋ​គាំទ្រ​បក្ស​នោះ​ទៅ។ នេះ​ជា​រឿង​សំខាន់»

លោក​សង្កេត​ឃើញ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គណបក្ស​នីមួយៗ​បាន​ឃោសនា​ផ្ដោត​លើ​គោល​នយោបាយ​របស់​ខ្លួន​ច្រើន ហើយ​ក្រោយ​ការ​បោះឆ្នោត​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធតែ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ដូច្នេះ​លោក​គិត​ថា នេះ​គឺ​ជា​មេរៀន​មួយ​ដ៏​ល្អ​សម្រាប់​យក​ទៅ​អនុវត្ត​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ក្រោយៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ពី USA

well, well one step at a time, first I NEED to see 2 terms limit on prime minister, this the first step. (not 30 years each person it is ridiculous, one of your life time how many people have opportunity to be a leader.)

Jun 13, 2017 02:22 AM

អ្នក​អាន​អនាមិក

ចុះការសន្យាពេលឃោសនានោះ​ យកជាការអត់?សង្ស័យតែទៅជាខ្យល់អស់មែនទេយ៉ាង។

Jun 12, 2017 10:57 PM

គេហទំព័រ​ទាំងមូល