ភរិយាបណ្ឌិត កែម ឡី បន្តទាមទារយុត្តិធម៌ពិតពីរដ្ឋាភិបាល លោក ហ៊ុន សែន ដោយមានការស៊ើបអង្កេតដ៏ត្រឹមត្រូវមួយលើសំណុំរឿងឃាតកម្មនេះ។ តំណាងរាស្ត្រអូស្ត្រាលី សង្ស័យថា ករណីឃាតកម្មលើបណ្ឌិត កែម ឡី មានជាប់ទាក់ទងនឹងក្រុមអ្នកកាន់អំណាចនៅប្រទេសកម្ពុជា។ តំណាងរាស្ត្រដដែល ទាមទារឱ្យមានការស៊ើបអង្កេតករណីឃាតកម្មនេះជាលក្ខណៈអន្តរជាតិ។
ថ្លែងក្នុងខួប៤ឆ្នាំនៃអំពើឃាតកម្មលើ អ្នកស្រី ប៊ូ រចនា អះអាងថា ចាប់តាំងពីស្វាមី ត្រូវឃាតកបាញ់សម្លាប់រហូតមកដល់ពេលនេះ សមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន តែងរារាំងការប្រារព្ធពិធីបុណ្យខួបស្វាមីលោកស្រីជារៀងរាល់ឆ្នាំ។ អ្នកស្រីយល់ថា ការរារាំងរបស់អាជ្ញាធរនេះ ប្រៀបដូចជាយកម្ជុលរាប់ម៉ឺនដើមមកចាក់បេះដូង អ្នកស្រី យ៉ាងដូច្នេះដែរ៖ «គាត់អ្នករដ្ឋាភិបាលមួយដែលគ្រប់គ្រងប្រទេសកម្ពុជា គួរតែបើកការស៊ើបអង្កេតរកយុត្តិធម៌ដែលយុត្តិធម៌ការពិតពិតជាក់ស្ដែងគឺមិនមែនយុត្តិធម៌ក្លែងក្លាយមិនមែនជាយុត្តិធម៌សិប្បនិមិត្តដូចសព្វថ្ងៃនេះ យុត្តិធម៌សិប្បនិមិត្តនេះគឺនាងខ្ញុំអត់ទទួលយកបានទេ»។
ថ្លែងទាំងយំសោកសៅ អ្នក ស្រី ប៊ូ រចនា ឱ្យដឹងថា រយៈពេលបួនឆ្នាំមកនេះ អ្នកស្រីមិនដែលទទួលបានយុត្តិធម៌នោះទេ។ អ្នកស្រីបន្តថា ការបាត់បង់ស្វាមីនេះធ្វើឱ្យកូនពៅរបស់ អ្នកស្រីមានជំងឺអូទីហ្សឹម (Autism) ដែលធ្វើឱ្យការលូតលាស់យឺតជាងក្មេងដទៃទៀត។ ស្ត្រីមេម៉ាយដែលកំពុងចិញ្ចឹមកូនទាំងប្រាំនាក់តែម្នាក់ឯង បន្ថែមថា ថ្ងៃណាមួយអ្នកសម្លាប់ស្វាមី អ្នកស្រីនឹងបានស្គាល់រសជាតិនៃការឈឺចាប់ដូចអ្នកស្រីជាមិនខាន៖ «សម្លាប់ប្ដីខ្ញុំហើយមកប៉ះពាល់ដល់កូនខ្ញុំទៀត កូនពៅខ្ញុំគាត់មានជំងឺដោយសារអី ដោយសាររឿងហ្នឹង ខ្ញុំឈឺចាប់កូនក្នុងពោះ ខ្ញុំឈឺចាប់រហូតដល់ផ្លូវអារម្មណ៍របស់កូន កូនខ្ញុំអាយុបីបួនឆ្នាំហើយ ប៉ុន្តែការលូតលាស់គាត់ដូចក្មេងទើបអាយុពីរឆ្នាំអ៊ីចឹងសួរថា ឈឺអត់សម្រាប់ខ្ញុំ ទទួលរងអំពើអយុត្តិធម៌នេះខ្លាំងណាស់»។
អ្នកស្រី ប៊ូ រចនា លាតត្រដាងទុក្ខសោកនេះក្នុងពេលប្រារព្ធខួប៤ឆ្នាំនៃការបាញ់សម្លាប់ បណ្ឌិត កែម ឡី នៅប្រទេសអូស្ត្រាលី ថ្ងៃទី១១ ខែកក្កដា ធ្វើនៅវត្តពុទ្ធរង្សីម៉ែលប៊ន (Wat Buddharangsi Melboune) ហៅវត្តធំ។ ការប្រារព្ធពិធីឆ្នាំនេះ មិនបានធ្វើធំដុំ ឬមានមនុស្សចូលរួមច្រើនដូចឆ្នាំមុនៗទេ ព្រោះរដ្ឋាភិបាលអូស្ត្រាលីហាមមិនឱ្យពលរដ្ឋចេញពីផ្ទះដើម្បីបង្ការជំងឺកូវីដ-១៩។
អតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី លោក ជា យូហ៊ន និងជាអ្នករៀបចំពិធីនេះឱ្យអាស៊ីសេរីដឹងថា ពិធីបុណ្យនេះអនុញ្ញាតឱ្យមានអ្នកចូលរួមបានត្រឹម១០នាក់ប៉ុណ្ណោះ ឱ្យស្របតាមបម្រាមរបស់រដ្ឋាភិបាលអូស្ត្រាលី។ លោក ជា យូហ៊ន ដែលជាប្រធានសមាគមខ្មែរ ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ផងនោះបន្តថា ក្រៅពីធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅវត្តហើយ ក៏មានការភ្ជាប់វីដេអូតាមប្រព័ន្ធអ៊ីនធឺណិត(Zoom) ជាមួយសមាជិកសភាអូស្ត្រាលី និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតផងដែរ៖ «កម្មវិធីនៅក្នុងវត្តហ្នឹងគ្រាន់តែមានតាមប្រពៃណីសាសនា លោកសូត្រធម៌អីចឹងទៅរួច ហើយបន្ទាប់មកទៀតលោកឆាន់ដល់ឆាន់ហើយអត់មានធ្វើអីទៀតទេ»។
សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៃរដ្ឋវិកតូរីយ៉ា (Victoria) ថ្លែងតាមវីដេអូ(Zoom)ថា កាលពីឆ្នាំមុន លោកបានធ្វើដំណើរទៅប្រទេសកម្ពុជាទៅពិនិត្យកន្លែងដែលឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី និងជួបអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ លោក ជូលៀន ហ៊ីល សង្ស័យថា ករណីឃាតកម្មលើបណ្ឌិត កែម ឡី មានជាប់ទាក់ទងនឹងអាជ្ញាធរដែលកំពុងកាន់អំណាចនៅប្រទេសកម្ពុជា។ តំណាងរាស្ត្ររូបនេះ ទាមទារឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ៖ «កិច្ចការរបស់បណ្ឌិត កែម ឡី គឺពិតណាស់មានសារៈសំខាន់ទាក់ទងនឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដែលលោក ( លោក ជូលៀន ហ៊ីល ) ហៅឱ្យមានការស៊ើបអង្កេតអន្តរជាតិ ឯករាជ្យ ពិតប្រាកដទៅនៅពីក្រោយនៃការសម្លាប់បណ្ឌិត កែម ឡី»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងបែបនេះ ថាជារឿងគ្មានមូលដ្ឋានច្បាប់ និងជាការកេងចំណេញនយោបាយពីសពបណ្ឌិត កែម ឡី។ លោកអះអាងថា អ្វីៗបានដំណើរការតាមច្បាប់អស់ហើយ ហើយយុត្តិធម៌ដែលផ្តល់ជូន គឺជាយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនតាមផ្លូវអារម្មណ៍ និងការចង់បានរបស់ជនណាម្នាក់ឡើយ។
បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ រយៈពេលបួនឆ្នាំមកនេះ អាជ្ញាធរ ឬតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ ហើយបានកាត់ទោសជននេះឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ទោះជាយ៉ាងណា មហាជនទូទៅរិះគន់ថា នេះមិនមែនជាយុត្តិធម៌ពិតប្រាកដឡើយ។ សាធារណជននៅតែទាមទារឱ្យរបបលោក ហ៊ុន សែន ស៊ើបអង្កេតរឿងនេះដោយឯករាជ្យ ហើយនាំខ្លួនអ្នកបញ្ជាពីក្រោយខ្នង និងអ្នកពាក់ព័ន្ធផ្សេងទៀតមកកាត់ទោសតាមច្បាប់ ដើម្បីលុបលាងការចោទប្រកាន់ថា របបនេះមានជាប់ពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។