ស្របពេលគ្មានសវនាការជម្រះក្តី និងក្រោយពេលមានការបង្ហោះខ្សែអាត់សំឡេងចាស់ ដែលគេសង្ស័យថា ជាសំឡេងរវាងលោក និងលោកហ៊ុន សែននោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាសាធារណៈជាលើដំបូងនៅឯចម្ការ របស់លោកនៅក្នុងខេត្តត្បូងឃ្មុ។ ការបង្ហាញមុខក្រៅរាជធានីជាលើកដំបូងនេះ គឺក្រោយពេលតុលាការក្រុងភ្នំពេញកាលពីចុងឆ្នាំ២០១៩ សម្រេចឱ្យលោកអាចសិទ្ធិដើរហើរនៅក្នុងប្រទេសតែមិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពនយោបាយ។
គេហទំព័រហ្វេសប៊ុករបស់លោក ចាន់ ចេន មេធាវីការពារក្តីឱ្យលោក កឹម សុខា បានបង្ហោះដោយភ្ជាប់នូវរូបភាពលោក កឹម សុខា ក្នុងសំលៀកអាវពណ៌ផ្ទៃមេឃ ខោពណ៌ទឹកប៊ិច និងមានក្រមាបង់ក បានដើរពិនិត្យមើលចម្ការដែលមានដាំដំណាំស្រកានាគដោយអមជាមួយនឹងមនុស្សពីរនាក់ផ្សេងទៀត។
មេធាវីការពារក្តីលោក កឹម សុខា គឺ លោក ចាន់ ចេន ប្រាប់អាស៊ីសេរីថា ការបង្ហាញមុខរបស់លោក កឹម សុខា ពេលនេះគឺជាការលំហែកាយ ហាត់ប្រាណ ឯកជនរបស់លោក តែប៉ុណ្ណោះ។លោកនិយាយថា ចំណូលចិត្តរបស់លោក កឹម សុខា គឺចម្ការ ដាំដុះ និងកសិកម្ម ហើយលោក មិនមានគម្រោងជួបប្រជាជននៅតាមដងផ្លូវ ឬក៏មានប្រជាជនណាម្នាក់បានជួបលោកនោះដែរ ក្នុងពេលដែលបង្ហាញមុខនៅចម្ការ។
លោក ចាន់ ចេន បញ្ជាក់ទៀតថា នៅពេលមានវត្តមានក្នុងចម្ការនោះមានតែអ្នកមើលថែចម្ការម្នាក់ប៉ុណ្ណោះបានមកស្វាគមន៍លោក កឹម សុខា ក្រៅពីនោះគ្មានប្រជាពលរដ្ឋណាម្នាក់បានជួបលោកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។