លោក ញឹក ប៊ុនឆៃ នឹង​ដឹកនាំ​ធ្វើ​សមាជ​ពង្រឹង​បក្ស​ក្រោយ​ការ​រង្គោះរង្គើ

ដោយ វ៉ាន វណ្ណដេត
2017-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ ជា​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដំបូង។ RFA/Tha Kitya
RFA/Tha Kitya

លោក ញឹក ប៊ុនឆៃ នឹង​ធ្វើ​សមាជ​ដើម្បី​ពង្រឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃ​ទី​១២ សីហា គឺ​ក្រោយ​ពី​គណបក្ស​រាជា​និយម​មួយ​នេះ​បាន​រង្គោះរង្គើ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រួច​មក។ ទីប្រឹក្សា​អះអាង​ថា ជំហរ​លោក ញឹក ប៊ុនឆៃ គ្មាន​បំណង​រំលាយ​បក្ស ឬ​ចុះ​ចូល​ជាមួយ​បក្ស​ណា​មួយ​នោះ​ទេ។

សមាជ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ដឹកនាំ​ដោយ​ប្រធាន​គណបក្ស គឺ​លោក ញឹក ប៊ុនឆៃ។ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ញឹក ប៊ុនឆៃ លោក ម៉ៅ សុផាន់ណា បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មក មាន​សមាជិក​គណបក្ស​ចំនួន ២៣​នាក់ ចាប់​ពី​ឋានៈ​អគ្គលេខាធិការ​បក្ស ដល់​សមាជិក បាន​ចាកចេញ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ម៉ៅ សុផាន់ណា មិន​បាន​ដឹង​ថា មាន​សកម្មជន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​អត់​នោះ​ទេ៖ «ឃើញ​ហើយ​ស្ថានការណ៍​នយោបាយ​តាំង​ពី​បោះឆ្នោត​ឃុំ​មក ឃើញ​ថា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ការ​រង្គោះរង្គើ​ខ្លះ មាន​អ្នក​ខ្លះ​ដើរ​ចេញ​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅ​គណបក្ស​ដទៃ ទៅ​គណបក្ស​ផ្សេងៗ ទៅ​គណបក្ស​តូច គណបក្ស​ធំ​ខ្លះ»

ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​ដក​តំណែង​លោក ញឹក ប៊ុនឆៃ ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​រួច​មក អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា​ក្បត់​សម្ពន្ធភាព​ជាមួយ​បក្ស​កាន់​អំណាច ហេតុ​នេះ​មិន​អាច​បន្ត​ឲ្យ​មាន​ទំនាក់ទំនង​អ្វី​តទៅទៀត​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា លោក សុខ ឥសាន បាន​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ ស្រប​ពេល​នោះ មន្ត្រី​មួយ​ចំនួន​របស់​លោក ញឹក ប៊ុនឆៃ ដែល​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ដែរ។

បើ​ទោះ​ជា​មាន​សមាជិក​ចាកចេញ និង​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​កាន់​អំណាច​ក្ដី ទីប្រឹក្សា​របស់​លោក ញឹក ប៊ុនឆៃ នៅ​តែ​សង្ឃឹម​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រឹងមាំ ក្រោយ​ធ្វើ​សមាជ​រួច។ លោក ម៉ៅ សុផាន់ណា បាន​បដិសេធ​ព័ត៌មាន​ដែល​ថា លោក ញឹក ប៊ុនឆៃ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ១៨​នាក់ បាន​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មាន​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ទៀត។ ចំណែក​ករណី​លោក ញឹក ប៊ុនឆៃ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា គ្រប់​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ សុទ្ធតែ​អាច​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន លើកលែង​លោក ញឹក ប៊ុនឆៃ ប្រសិន​បើ​ចង់​ត្រឡប់​មក​វិញ ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​មុន​សិន៖ «អត់​ទាន់​មាន​ព័ត៌មាន​អី​ទេ! យើង (គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សួរ​គ្នី​សួរ​គ្នា​ដែរ តែ​អត់​ទាន់​មាន ទុក​ឲ្យ​សម្ដេច​ព្រះ​ប្រធាន ពីព្រោះ​សម្ដេច​ព្រះ​ប្រធាន​ទ្រង់​ព្រះ​រាជតម្រិះ​របៀប​ម៉េច អី​ម៉េច? អា​ហ្នឹង​បុព្វសិទ្ធិ​ព្រះ​ប្រធាន។ តែ​យើង​ខ្ញុំ​អត់​ឃើញ​មាន...អត់ (ដែល​បោះ​ដៃ​រក​គ្នា​ទេ) ដែល​មាន​ទេ អត់​ទេ»

អតីត​មេ​ទ័ព និង​ឧបនាយករដ្ឋមន្ត្រី​កូតា​មក​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ អះអាង​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទុក​ចិត្ត​លោក ដោយសារ​លោក​បាន​ច្រឡំ​លេខ​ទូរស័ព្ទ ហើយ​បាន​ហៅ​ដោយ​ចៃដន្យ​ទៅ​លេខ​របស់​អនុប្រធាន​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង កាល​ពី​អំឡុង​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

អ្នក​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ធ្វើ​សមាជ​របស់​លោក ញឹក ប៊ុនឆៃ ជា​ជម្រើស​ល្អ​ក្នុង​ការ​ស្វែងរក​ប្រជាប្រិយភាព​ឡើង​វិញ ឬ​ក៏​ការ​រក​ដៃគូ​គណបក្ស​ផ្សេង​ទៀត​ដើម្បី​សហការ៖ «ភារកិច្ច​ចំពោះ​មុខ​ត្រូវ​ធ្វើ​សមាជ​មួយ ពង្រឹង​ផ្ទៃក្នុង ឬ​ក៏​ជំនួស​កន្លែង​អ្នក​ចេញ​ពី​បក្ស ហើយ​ប្រកាស​អំពី​គោល​នយោបាយ​បក្ស​ទៅ​ដល់​មហាជន​ដែល​ជា​អ្នក​គាំទ្រ។ នេះ​ជា​ការ​ស្វែងរក​ប្រជាប្រិយភាព​ពី​មហាជន ឬ​ក៏​រក​ដៃគូ​គណបក្ស​ដទៃ​ទៀត ដើម្បី​សហការ។ នេះ​ជា​យន្តការ​ទូទៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ»

លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា ចាប់​តាំង​ពី​ផ្ដាច់​សម្ពន្ធភាព គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ សុទ្ធតែ​មិន​ទទួល​បាន​ផល​ចំណេញ​ទាំង​ពីរ ដោយ​មួយ​បាត់​សំឡេង​គាំទ្រ និង​បាត់បង់​ការ​សហការ ឯ​បក្ស​មួយ​ទៀត គឺ​សមាជិក​បាត់​ប្រាក់ខែ និង​តួនាទី​ក្នុង​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

be smart vote and pick the best candidate as pm

Stupid man"lesson of life"tough u for life,but u stupid man didn't learn from your stupid strategy in the past to correct it and now time too late for u to survive or to rebuild the new house"party",and who gonna believe u and supporting u?those pple who gone through experienced with u are hopeless,too old,too tired or exhausted,too lazier,too clumsy,too distrust u worthless,but don't loss your hopeless in 2018,if u like to change a leader and new country era...please look at the a few days end final campaign and tell your pple supporters please vote to a best political party who can defeat dictatorship regime...that's the smart thing"keep in your mind/khmer help khmer".

Jul 30, 2017 11:44 AM

គេហទំព័រ​ទាំងមូល