គណបក្ស​ខ្មែរ​ឈ្នះ ដាក់​ញត្តិ​​ស្នើសុំ​ស្ថានទូត​ជួយ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​លោក សួង សុភ័ណ្ឌ​

0:00 / 0:00

គណបក្ស​ខ្មែរ​ឈ្នះ ដាក់​ញត្តិ​តាម​ស្ថានទូត​ប្រទេស​ធំៗ មួយ​ចំនួន​ប្រចាំ​កម្ពុជា​​​ដើម្បី ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង លោក សួង សុភ័ណ្ឌ ខណៈ​សាខា​គណបក្ស​នៅ​ក្រៅ​ប្រទេស​ កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល តាម​ប្រទេស​នានា​។ មន្ត្រី​រដ្ឋាភិបាល​ ថា ការ​ដាក់​ញត្តិ​​​​ ជា​សិទ្ធិ​ ប៉ុន្តែ​គ្មាន​​ឥទ្ធិពល​ លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទេ។

អ្នកនាំ​ពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន ប្រាប់​ថា ការ​ដាក់​ញត្តិ​ ផ្ដើម​​ចេញ​ពី​​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី១៧ សីហា ហើយ​មន្ត្រី​ប្រចាំ​ការ​នៅ​ស្ថាន​ទូត​បាន​ទទួល​ញត្តិ និង​បាន​សន្យា​ថា នឹង​ឆ្លើយ​តប​វិញ នៅ​ថ្ងៃ​ទី២០ ខាង​មុខ។ លោក អះអាង​ថា ទោះ​បី​ជា​មន្ត្រី​គណបក្ស​ខ្មែរ​ឈ្នះ មាន​គ្នា​​២នាក់​គត់ ដែល​យក​ញត្តិ​​ទៅ​ដាក់​តាម​ស្ថានទូត ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​ និង​ការ​ចោទ​ប្រកាន់​នានា​ក្តី​ ប៉ុន្តែ នៅ​តែ​មាន​ប៉ូលិស តាម​​សួរ​នាំ​ពី​​ការ​ដាក់​ញត្តិ​នេះ។

លោក យិន ឈឿន ប្រាប់​ថា នៅ​សប្ដាហ៍​ក្រោយ​ គណបក្ស​ខ្មែរ​ឈ្នះ នឹង​បន្ត​​ដាក់​ញត្តិ​ តាម​បណ្ដា​ស្ថាន​ទូត​​លោក​សេរី ​ជា​ម្ចាស់​ហត្ថលេខី​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ថែម​ទៀត​ ដើម្បី​សុំ​កិច្ច​អន្ត​រាគមន៍​ដោះលែង ប្រធាន​គណបក្ស​។ ក្នុង​ញត្តិ​នោះ គណបក្ស​ខ្មែរ​ឈ្នះ រៀបរាប់​​ថា ការ​ចាប់​ខ្លួន មេ​បក្ស គឺ​ជា​ការ​បំបិទ​សិទ្ធិ​នយោបាយ ហើយ​ទង្វើ​នេះ បាន​គំរាម​កំហែង​ដល់​សិទ្ធិ​នយោបាយ​ធ្ងន់ធ្ងរ និង ជះ​ឥទ្ធិពល​ដល់​ពលរដ្ឋ​ លែង​ហ៊ាន​​​ប្រើប្រាស់​សិទ្ធិ សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន។ លោក អះអាង​​ថា សាខា​គណបក្ស​ខ្មែរ​ឈ្នះ នៅ​​ប្រទេស​ថៃ សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន ក៏​កំពុង​​ ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​រដ្ឋាភិបាល​តាម​ប្រទេស​នីមួយៗ​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ​រូប​នេះ ​ ប្រាប់​ថា គណបក្ស រក្សា​ជំហរ​ថា សួង សុភ័ណ្ឌ មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​ភាព​អយុត្តិធម៌ ដូច្នេះ​គណបក្ស​ មិន​បាន​គិត​ពី​ការ​ប្ដូរ​ប្រធាន​គណបក្ស​បណ្ដោះ​អាសន្ន​ ដើម្បី​បញ្ចៀស​ការ​រំលាយ​គណបក្ស​ឡើយ។ តែ​យ៉ាង​ណា គណបក្ស​នេះ នឹង​រក្សា​ភាព​ស្ងប់​ស្ងាត់​ ផ្អាក​សកម្មភាព​​ចុះ​ឃ្លាំមើល​ព្រំដែន និង​​ផ្អាក​គម្រោង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​មួយ​រយៈ​សិន ដោយ​សារ​ ​ជាប់​ដៃ​​ទាមទារ​រក​យុត្តិធម៌ សម្រាប់​ប្រធាន​គណបក្ស៖ « មូលហេតុ​ទី​១ យើង​យល់​​ថា ស្ថានទូត​ទាំង​អស់​ហ្នឹង ជា​ម្ចាស់​ហត្ថលេខី​ទី​ក្រុង​ប៉ារីស​នោះ​ណា ដែល​ឲ្យ​កម្ពុជា​ គោរព​នូវ​របប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ ប៉ុន្តែ​យើង​ឃើញ​ជាក់ស្ដែង​ ករណី​លោក សួង សុភ័ណ្ឌ វា​ខុស​ពី​ករណី​ លោក រ៉ុង ឈុន​ បន្តិច។ លោក សួង​ សុភ័ណ្ឌ គាត់​និយាយ​ពី​បញ្ហា​​ព្រំដែន ក្នុង​នាម​ជា​គណបក្ស​នយោបាយ ហើយ​បើ​គណ​បក្ស​នយោបាយ​មួយ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ បញ្ហា​ជាតិ​មិន​អាច​បញ្ចេញ​មតិ​បាន​ផង អ៊ីចឹង​មិន​បាច់​និយាយ​ដល់​ពលរដ្ឋ មិន​បាច់​និយាយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទេ គឺ​វា​លែង​ហៅ​ថា ប្រទេស​សង្គម​ប្រជាធិបតេយ្យ​ហើយ ព្រោះ​គណបក្ស​មួយ​មិន​អាច​បញ្ចេញ​មតិ​បាន​ផង​ហ្នឹង​ ទម្រាំ​ពលរដ្ឋ​ធម្មតា។ អ៊ីចឹង យើង​គិត​ថា អា​នេះ ជា​​រឿង​មួយ ដែល​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​​ខ្លាំង​មែន​ទែន សម្រាប់​ប្រទេស​កម្ពុជា»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​រដ្ឋាភិបាល​ បាន​ទេ នៅ​ថ្ងៃ​ទី១៧ សីហា​ ជុំវិញ​សកម្មភាព​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​នេះ។ ប៉ុន្តែ​ទាំង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​អះអាង​ថា ការ​ដាក់​ញត្តិ ឬ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​​ទាំង​ឡាយ គ្មាន​ឥទ្ធិពល ដល់​ដំណើរ​ការ​រឿង​ក្ដី​នៅ​ក្នុង​តុលាការ​ទេ។

ចំណែក​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី១៦ ខែសីហា​ថា លោក​គឺ​ជា​អ្នក​បញ្ជា​ឲ្យ​ចាប់​ខ្លួន លោក សួង សុភ័ណ្ឌ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​សង្គ្រាម​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។ ថ្លែង​ក្នុង​​ពេល​លោក​ ទៅ​សម្ពោធ​​កន្លែង​កម្សាន្ត​ឯកជន​ កាល​ពី​ថ្ងៃ​ទី១៦ សីហា លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក សួង សុភ័ណ្ឌ ដូច​គ្នា​នឹង​ករណី​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន និង​ដូច​ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន ដែរ ដោយសារ​បទ​ល្មើស​ជាក់​ស្ដែង ញុះញង់​បញ្ហា​ព្រំដែន ដោយ​បាន​ចោទ​រដ្ឋាភិបាល​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ដី ទៅ​ប្រទេស​វៀតណាម៖ « ឥឡូវ មាន​ប៉ុន្មាន​ចេញ​មក​ទៀត។ សូម​ផ្ញើ​សារ ចេញ​មក​​ប៉ុន្មាន​ចាប់​ប៉ុណ្ណឹង រឿង​ទល់​ដែន អត់​មាន​រញ៉េរញ៉ៃ។ កុំ​ថា រដ្ឋាភិបាល​ហ៊ុន សែន ផ្ដាច់ការ។ នេះ​មិនមែន​ជា​ការ ​តស៊ូ​មតិ​ទេ។ អ្នក​ខ្លះ ចេញ​មក​ថា នេះ​ជា​ការ​តស៊ូ​មតិ អត់​តស៊ូ​មតិ​ទេ។ នេះ​ជា​រឿង​ផ្លូវ​ច្បាប់​សុទ្ធសាធ នេះ​ជា​រឿង​ផ្លូវ​ច្បាប់​សុទ្ធសាធ»

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​លោក សួង សុភ័ណ្ឌ ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ ហើយ​បញ្ជូន​លោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ល្ងាច​ថ្ងៃ​ទី១៥ សីហា។ មុន​ការ​ចាប់ខ្លួន​នេះ លោក សួង សុភ័ណ្ឌ បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ចន្លោះ​លេខ​១១៤ ដល់​១១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ការ​រក​ឃើញ​របស់​លោក រ៉ុង ឈុន ដែរ ។ លើស​ពី​នេះ លោក សួង សុភ័ណ្ឌ តែងតែ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​យុវជន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ហើយ​ថែម​ទាំង​មាន​គម្រោង ដឹក​នាំ​ពលរដ្ឋ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ផង​ដែរ។ ក្រៅ​ពី​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​នោះ អាជ្ញាធរ​រដ្ឋាភិបាល ក៏​បាន​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ចំនួន ៥នាក់​ទៀត ក្នុង​នោះ​រួម​មាន​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ គឺ​លោក ហ៊ុន វណ្ណៈ​និង​អ្នកនាង ឈឿន ដារ៉ាវី ព្រម​ទាំង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ខណៈ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​ជា​មនុស្ស​ជំនិត​របស់​លោក រ៉ុង ឈុន គឺ​អ្នកស្រី អ៊ុក ឆាយ៉ាវី ត្រូវ​ជន​បិទ​មុខ​ទាញ​ផ្ដួល​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា​ ការ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា ការ​​ចេញ​សេចក្ដី​ថ្លែងការណ៍​​ថ្កោលទោស​ ឬ​​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​ ​​គ្មាន​ប្រសិទ្ធិ​ ក្នុង​ការ​ជំរុញ​ឲ្យ​​មាន​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ។ ឯ​ការ​តតាំង​ក្ដី តាម​ផ្លូវ​តុលាការ​ក៏​មិន​អាច​ឈ្នះ​រដ្ឋាភិបាល​ដែរ ដោយសារ​ប្រព័ន្ធ​តុលាការ​ខ្វះ​ភាព​ឯករាជ្យ។លោក​បណ្ឌិត​ សេង សារី យល់​ថា មាន​តែ​​ជម្រើស​ការ​ធ្វើ​បាតុកម្ម ឬ​ជម្រើស​​​បោះ​ឆ្នោត​ទម្លាក់​រដ្ឋាភិបាល​ទេ ដែល​មាន​ប្រសិទ្ធិ​ភាព។ តែ​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល បាន​ប្រើ​ប្រាស់​មធ្យោបាយ​គំរាម​កំហែង ពលរដ្ឋ​ ជា​បន្ត​បន្ទាប់ ដើម្បី​បំបាក់​​​ស្មារតី​ កុំ​ឲ្យ​ហ៊ាន​ចេញ​តវ៉ា៖ « វា​ជា​រឿង​កើត​ឡើង​យូរ​ហើយ ហើយ​​ជា​រឿង​ដដែលៗ​ទេ ហើយ​ក៏​ជា​យន្តការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ដែរ។ មាន​ន័យ​ថា ខ្ជិល​ដោះស្រាយ​តាម​អ្វី​ ដែល​ជា​សំណើ​របស់​ពលរដ្ឋ ឬ​ក៏​ប្រើ​យន្ត​ការ​អ្វី ដែល​សមស្រប​ជាង​ហ្នឹង គឺ​ព្រមាន វា​ឆាប់​ហើយ​លឿន។ មានន័យ​ថា ព្រមាន​ទៅ ដោះស្រាយ​បញ្ហា​បាន​លឿន ហើយ​យើង​ឃើញ​ថា រដ្ឋាភិបាល​ចូលចិត្ត​ប្រើ​ណាស់​ យន្ត​ការ​មួយ​ហ្នឹង​ណា។ សម្រាប់​ខ្ញុំ​ យល់​ថា វា​មិនមែន​ជា​រឿង​ថ្មី​ទេ ក្នុង​ការ​ព្រមាន​ហ្នឹង ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ​បែប​នេះ​​ទៅ វា​ជោគជ័យ​ គ្រប់​ពេល មាន​ន័យ​ថា រដ្ឋាភិបាល​ ក៏​មិន​បោះបង់​របៀប​ក្នុង​ការ​ធ្វើការ​ងារ​​ដែរ គឺ​នៅ​តែ​បន្ត​ព្រមាន​គ្រប់​រឿង​ទៀត នៅ​អនាគត​។ កន្លង​មក​ យើង​ឃើញ​ថា ដូចជា​ជោគជ័យ​បាន​យូរ​ដែរ តែ​បង្ក​ភាព​ក្ដៅ​ក្រហាយ​ដល់​ពលរដ្ឋ»

បើ​ទោះ​យ៉ាង​ណា​គណបក្ស​ខ្មែរ​ឈ្នះ រំពឹង​ថា ស្ថានទូត​ទាំង​អស់ នឹង​រួម​គ្នា​ជួយ​អន្តរាគមន៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ លោក សួង សុភ័ណ្ឌ និង​ក្រុម​អ្នក​សម្ដែង​មតិ​ទាំង​អស់ ដោយ​គ្មាន​លក្ខខណ្ឌ​ ឲ្យ​ស្រប​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ធានា​ដល់​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ និង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។