សកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ និងតំណាងពលករខ្មែរនៅប្រទេសនេះសម្រេចផ្អាកពិធីរម្លឹកខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពិធីបុណ្យផ្កាប្រាក់ដើម្បីរៃអង្គាសប្រាក់ជួយពលរដ្ឋដោយគ្រោះទឹកជំនន់ ដោយសារបញ្ហានយោបាយប្រទេសថៃឡើងកម្តៅខ្លាំង។
ប៉ុន្តែពួកគេនៅតែអះអាងថា នឹងព្យាយាមធ្វើពិធីនេះដដែលនៅពេលស្ថានការណ៍នយោបាយប្រទេសថៃបានធូរស្រាលឡើងវិញ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកធ្វើការងារជាមួយពលករចំណាកស្រុកប្រទេសនេះ លោក លី រតនរស្មី ឱ្យអាស៊ីសេរី ដឹងកាលពីថ្ងៃទី៣០ ខែតុលា ថា ការសម្រេចចិត្តផ្អាកពិធីនេះ ដោយសារអាជ្ញាធរថៃស្នើផ្អាកធ្វើពិធីនានា ឬការជួបជុំគ្នាក្នុងពេលប្រទេសកំពុងផ្ទុះការទាមទារធ្វើបាតុកម្មរបស់ក្រុមយុវជនថៃ។ កាលពីថ្ងៃទី២៣ ខែតុលា រម្លឹកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែចំថ្ងៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលករនៅប្រទេសថៃ ធ្វើការងារពួកគេមិនបានប្រារព្ធពិធីនេះទេ ដោយត្រូវលើកធ្វើថ្ងៃទី១ ខែវិច្ឆិកា ដែលជាថ្ងៃឈប់សម្រាក។
លោកស្នើទៅពលករ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ មានការយោគយល់ចំពោះការលើកពេលនេះ ប៉ុន្តែលោកថា នៅពេលប្រទេសថៃធូរស្រាលវិបត្តិនយោបាយឡើងវិញក្រុមអ្នករៀបចំកម្មវិធី នឹងរៀបចំកម្មវិធីនេះឡើងវិញ។
លោក លី រតនរស្មី រំពឹងថា នៅពេលស្ថានការណ៍នយោបាយប្រទេសថៃវិលមកធម្មតាវិញ ខ្មែរនៅប្រទេសថៃ នឹងអាចពិធីរម្លឹកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពិធីបុណ្យផ្កាប្រាក់ដូចការគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។