អ្នក​វិភាគ​លោក គឹម សុខ បបួល​លោក ហ៊ុន សែន ឲ្យ​ហ៊ាន​ស៊ីសង រឿង​ហ៊ាន​ឲ្យ​លោក​ដឹកនាំ​បាតុកម្ម

0:00 / 0:00

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់ព្រម​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​បញ្ជូន យន្តហោះ​មួយ​គ្រឿង​ទៅ​ដឹក​លោក​វិល​ចូល​ស្រុក​វិញ ដោយ​បើក​ឱ្យ​លោក​អាច​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ ថ្លែង​នៅ​ថ្ងៃ​ទី១៧សីហា​ថា លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​រង់ចាំ​ជិះ​យន្តហោះ​របស់​លោក ហ៊ុន សែន វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​សំណូមពរ​ឱ្យ​កូន​ប្រុស​លោក​ ហ៊ុន សែន ​ទៅ​ដឹក​លោក​ដោយ​ផ្ទាល់​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ពីព្រោះ​លោក​ព្រួយ​បារម្ភ​ខ្លាច​យន្តហោះ​ដឹក​លោក​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃ​ ហើយ​មិន​បាន​ទៅ​ដល់​ភ្នំពេញ​តាម​ការ​គ្រោងទុក៖ « ហើយ​ខ្ញុំ​បាន​ត្រៀមខ្លួន ដើម្បី​ធ្វើ​ពលិកម្ម​ដឹក​នាំ​ចលនា​មហា​បាតុកម្ម​នៅ​កម្ពុជា​បើ​លោក​ ហ៊ុន សែន ពិតជា​រៀបចំ​យក​យន្តហោះ​ដឹក​ខ្ញុំ​ទៅ​ទីក្រុង​ភ្នំពេញ​មែន ហើយ​ខ្ញុំ​ផ្ដាំ​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រៀម​ខ្លួន​ដឹកនាំ​ប្រទេស​ឱ្យ​ហើយពី​ព្រោះ​អំណាច​បច្ចុប្បន្ន​ គឺជា​អំណាច​ដែល​ប្រជារាស្ត្រ​បាន​ផ្ដល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ទៅ​ហើយ​។ ខ្ញុំ​គ្រាន់តែ​លះបង់​ដើរមុខ​គេ ដើម្បី​ចូលរួម​រក​យុត្តិធម៌​ជួន​ប្រជារាស្ត្រ​យក​អំណាច​អ្នក​ដែល​ត្រូវ​ទៅ​ដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​ប្រជារាស្ត្រ ជូន​អ្នក​ទាំង​អស់​នោះ​ ដើម្បី​បម្រើ​ប្រជារាស្ត្រ »

ប្រតិកម្ម​របស់​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ធ្វើឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ​បាន​ប្រកាស​នៅ​ក្នុង​ពិធីសម្ពោធ​សួន​ទឹក​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១៦ សីហា។ លោក ហ៊ុន សែន​បាន​និយាយ​ភាសា​គំរោះគំរើយ​ដែល​ទំនង​សំដៅលើ​លោក គឹម សុខ ថា លោក​សុខចិត្ត​ចំណាយ​ប្រាក់​ជួល​យន្តហោះ​មួយ​គ្រឿង​ទៅ​ដឹក​លោក គឹម សុខ​ពីក្រៅ​ប្រទេស​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាមៗ ប្រសិនបើ​អ្នកវិភាគ​រូប​នេះ​ក្លាហាន​ហ៊ាន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម៖ «អញ​ឱ្យ​រត់​ទេ​បើ​អញ​ចង់​ចាប់​រត់​មិន​រួច​ទេ ព្រោះ​អា​ហែង​ជាប់គុក​រួច​ម្ដង​ហើយ​គេ​តាម​អា​ហែង​ដល់​ទល់ដែន​ណោះ​គេ​សុំ​បញ្ជា​ឱ្យ​ចាប់ តែ​មិនបាច់​ចាប់​ទេ​ឱ្យ​វា​រត់​ទៅ។ អានោះ​អំពាវនាវ​ចេញ​មក​តាំង​កម្មករ តាំងពី​កសិករ​តាំង​ពី​ស្អីៗ នេះ ឱ្យ​ចេញ​មក​ធ្វើបាតុកម្ម​ដើម្បី​ផ្លាស់ប្ដូរ​ក្នុង​ពេល​ហ្នឹង។អា​ហែង​អញ្ជើញ​មក​អា​ហែង​មក​ខ្លួនឯង​មក​អញ​ជួល​យន្តហោះ​មួយ​ទៅ​យក​អា​ហែង​ហើយ​មកដល់​អញ​អត់​ធ្វើ​អី​អា​ហែង​ទេ​ឱ្យ​អា​ហែង​ដឹកនាំ​បាតុកម្ម​អា​ហែង​សុខចិត្ត​ទេ»។

ការប្រកាស​របស់​លោក ហ៊ុន សែន នេះ ក្រោយ​ពេល​លោក គឹម សុខ បាន​អំពាវនាវ​តាម​ហ្វេសប៊ុក (Facebook) និង​តាម​សារព័ត៌មាន ឲ្យ​កម្មករ សកម្មជន​សង្គម សកម្មជន​ព្រំដែន សកម្មជន​នយោបាយ សហជីព ក្រុម​សង្គម​ស៊ីវិល និង​បញ្ញវន្ត​ជា​ដើម ល្មម​ដល់​ពេល​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជាច​រៀង​រាល់​ថ្ងៃ នៅ​មុខ​តុលាការ​គ្រប់​កម្រិត​នៅ​ភ្នំពេញ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ប្រទេស​ជាតិ ជូន​លោក រ៉ុង ឈុន និង​អ្នក​ទោស​មនសិការ​ផ្សេងៗ ទៀត។

លោក​ធ្លាប់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ទម្លាក់​លោក ហ៊ុន សែន ពី​តំណែង​ម្ដង​ហើយ​ម្ដងទៀត ជាពិសេស​ក្នុង​ពេល​លោក ហ៊ុន សែន បណ្ដោយ​ឲ្យ​បាត់បង់ EBA ២០ភាគ​រយ និង​បន្ត​ចាប់ខ្លួន​អ្នក​រិះគន់​បញ្ហា​ព្រំដែន និង​សកម្មជន​សង្គម​ជា​បន្ត​បន្ទាប់​បែប​នេះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ធ្លាប់​ជាប់​ពន្ធ​នា​គារ​អស់​រយៈពេល ១៨ខែ ក្រោយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​តាម​បណ្ដឹង​របស់​លោក​ហ៊ុន សែន។ ក្រោយ​ចេញពី​ពន្ធនាគារ​លោក បាន​សម្រេច​ចិត្ត​នាំ​កូនស្រី​រត់​ភៀសខ្លួន​ចូល​ប្រទេស​ថៃ​មួយ​រយៈ ហើយ​ទទួល​បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ប្រុង​ចាប់​លោក​ដាក់គុក​ម្ដង​ទៀត ដោយសារ​ខឹង​លោក គឹម សុខ បន្ត​រិះគន់​ឥត​សំចៃ​មាត់។

ទោះបីជា​សំណុំរឿង​ទី១ នោះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​នៅ​តុលាការ​ដែរ ដោយ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ដែរ​ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នក​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។

លោក គឹម សុខ មាន​ប្រសាសន៍​ថា បើ​លោក ហ៊ុន សែន ចិត្ត​សឿង​ជា​មនុស្ស​ហ៊ាន​ថា ហ៊ាន​ធ្វើ នោះ​លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន បង្ហាញ​ភាព​ក្លាហាន និង​ការ​ពិត ដោយ​ត្រៀម​យន្តហោះ​នោះ​ឲ្យ​ហើយ និង​ឈប់​ប្រឌិត​រឿង​ចោទ​ប្រកាន់​លោក តាម​ផ្លូវ​តុលាការ​ត​ទៅ​ទៀត៖ « រឿង​ដែល​សំខាន់ ខ្ញុំ​សួរ​តែ​ដដែល​ទេ សម្ដេច​និយាយ​លេង ក៏​និយាយ​មែនទែន ? សម្ដេច​មាន​ប្រសាសន៍​ថា ទៅ​ដល់​កម្ពុជា​អត់​ធ្វើអ្វី​ខ្ញុំ​ទេ ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ថា សម្ដេច​ពិត​ជា​ចង់​ឃើញ​ខ្ញុំ ទៅ​ដឹក​នាំ​ចលនា​បាតុកម្ម​នៅ​ប្រទេស​កម្ពុជា ឬ​ក៏​អត់ ដំបូង​សម្ដេច​ទម្លាក់​ចោល​ឲ្យ​អស់ នៅ​ការ​ប្រឌិត​រឿង​ចោទ​ប្រកាន់​ខ្ញុំ​ទាំង​ឡាយ ដែល​សម្ដេច​បាន​រៀបចំ​បញ្ជូន​ទៅ​តុលាការ ហើយ​មក​ដល់​ពេល​នេះ​នៅ​តែ​យក​រឿង​នេះ មក​បិទ​សិទ្ធិ​សេរីភាព​ខ្ញុំ​ដដែល​ទេ »

ជុំវិញ​ចំណោទ​ថា តើ​លោក ហ៊ុន សែន ចិត្តសឿង​ហ៊ាន​ធ្វើ​តាម​ការ​និយាយ​នោះ ឬ​គ្រាន់​តែ​និយាយ​ឲ្យ​រួច​តែ​ពី​មាត់ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ក៏ប៉ុន្តែ​លោក​យល់ថា​លោ​កគឹម សុខ នឹង​មិន​ហ៊ាន​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ៖ «អា​ព្រម​របស់​ក្មួយ គឹម សុខ ហ្នឹង ក៏​វា​មិន​ច្បាស់​ដែរ។ អ៊ីចឹង​ទេ យើង​អត់មាន​សិទ្ធ​អី​ទៅ​បក​ស្រាយ​សំដី​គាត់​ទេ​ព្រោះ​គាត់​និយាយ​វា​មិនដែល​ពិត​តាំង​ពី​ដើម​មក​គាត់​និយាយ​តែ​ពី​រឿង​ចងកំហឹង​ចងគំនុំ​ហើយ​លំអៀង​ខាង​នយោបាយ។ អ៊ីចឹង​ទេ យើង​សួរ​ថា លោក គឹម សុខ ហ្នឹង​ដែល​និយាយ​ពិត​ពី​កាល​ណា​មក? ក្នុង​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ញឹកញាប់​ហ្នឹង​និយាយ​វា​អត់​ពឹត​ហ្នឹង​ណាស់»។

ទាក់ទិន​នឹង​រឿង​នេះ ពុំ​មែន​មានតែ​អ្នក​វិភាព​នយោបាយ​ម្នាក់​ទេ ដែល​ត្រៀម​វិល​ចូល​ស្រុក​នោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ ក៏​បាន​ត្រៀម​ខ្លួន​ធ្វើ​មាតុភូមិ​និវត្តន៍​ជាមួយ​លោក គឹម សុខ ដែរ បន្ទាប់​ពី​ពួក​គេ ខឹង​សម្បារ​រដ្ឋាភិបាល លោក ហ៊ុន សែន កាន់​តែ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ៅ វិបុល វិញ ប្រាប់​អាស៊ី​សេរី​ថាស​កម្ម​ជន​គណបក្ស​ប្រឆាំង​ទាំងអស់​នឹង​វិល​ចូល​ស្រុក​ប្រសិនបើ​រដ្ឋាភិបាល​បើក​ច្រក​ទ្វារ​ព្រំដែន​ឱ្យ​ពួក​គេ​ចូល​ទៅ​កម្ពុជា​ធ្វើបាតុកម្ម​ដោយសេរី​និង​ពុំ​មានការ​ចាប់ចង​ដូចសព្វថ្ងៃ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មជ្ឈដ្ឋាន​មួយ​ចំនួន កត់​សម្គាល់​ឃើញ​ថា លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ​មួយ​រូប​ដែល​មាន​ភាព​ពុតត្បុត និង​មិន​ហ៊ាន​គោរព​តាម​ការសន្យា​របស់​ខ្លួន​នោះ​ទេ ព្រោះ​កន្លង​មក​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​វិល​ត្រឡប់​ចូល​ប្រទេស​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ ដោយ​ធានា​ថា គ្មាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ទៀត​នោះ​ទេ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ឡើងវិញ​ជាបន្តបន្ទាប់។

លោក ហ៊ុន សែន ក៏​ធ្លាប់​ក្បត់​សន្យា​នេះ​ដែរ ទោះ​លោក​អះអាង​ថា ស្វាគមន៍​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ពេល​ណា​ក៏​បាន តាម​ច្រក​ណា​ក៏បាន ប៉ុន្តែ​ពេល​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ទៀត ត្រៀមខ្លួន​ចូល​មក​ស្រុកខ្មែរ​កាលពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បែរ​ជា​លោក ហ៊ុន សែន រក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាង​ណា រារាំង​មិន​ឲ្យ​អ្នក​ទាំង​នោះ អាច​ចូល​មក​ស្រុក​ខ្មែរ​វិញ​បាន៕