អ្នកវិភាគសង្គម និង​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ​ថា ព្រះអង្គ​ពិបាក​ក្នុង​ការ​បំពេញ​ព្រះរាជកិច្ច​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

ដោយ សេក បណ្ឌិត
2018-10-30
Share
សឺន ស៊ូប៊ែរ្តិ៍  ៦២២ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA

អ្នកវិភាគសង្គម និង​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ មើល​ឃើញ​ថា ព្រះអង្គ​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​ព្រះរាជ​កិច្ច​ឲ្យ​មាន​ប្រសិទ្ធិភាព ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ការលើកឡើងបែបនេះ នៅ​ក្រោយ​មាន​ការ​រិះគន់​អំពី​សិទ្ធិ​អំណាច​ព្រះករុណា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ឱកាស​ខួប​ឡើង​គ្រង​រាជសម្បត្តិ ១៤ឆ្នាំ​កន្លង​មក​នេះ។

ឧត្តមប្រឹក្សាព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ មើល​ឃើញ​ថា សិទ្ធិ​អំណាច​របស់​ព្រះមហាក្សត្រ​នៅ​មាន​កម្រិត ហើយ​ស្ថានភាព​នៅ​ពេល​នេះ គឺ​ខុស​គ្នា​នឹង​ស្ថានភាព​កាល​ពី​ព្រះបិតា​ព្រះអង្គ គឺ​ព្រះបរម​រតនកោដ​សម្តេច​ព្រះ នរោត្តម​ សីហនុ កាល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នោះ។

លោក​លើក​ឧទាហរណ៍ នៅ​ក្រោយ​សម័យ​បារាំង​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​វិញ សម្តេច​ព្រះ នរោត្តម​ សីហនុ មាន​កងទ័ព​គ្រប់គ្រង​ដោយ​ផ្ទាល់ ចំណែក​ស្តេច​នៅ​ប្រទេស​ថៃ ក៏​មាន​កងទ័ព​ផ្ទាល់​ព្រះអង្គ​ដែរ៖ «យើង​គ្រាន់​តែ​ប្រៀបធៀប​ទៅ​ស្ថានភាព​​វា​យ៉ាងម៉េច ដល់​តែ​លោក​អត់​មាន​អំណាច​អ្វី​ទាំង​អស់​ឲ្យ​ធ្វើ​យ៉ាងម៉េច? មាន​តែ​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ គេ​ថ្វាយ​ករណីកិច្ច​ទាំង​ប៉ុន្មាន​លោក​បំពេញ ដូច​មាន​ការ​អត្ថាធិប្បាយ​ថា ប្រជា​ពលរដ្ឋ​ចង់​ជួប​ព្រះមហាក្សត្រ​គ្រាន់​តែ​លោក​ចង់​យាង​ទៅ​ណា ក៏​ត្រូវ​មាន​អ្នក​រៀបចំ​ថ្វាយ​ព្រះរាជ​ដំណើរ​ទៅ​ស្រុក​ណាៗ លោក​អត់​អាច​ចេញ​ពី​វាំង​តាម​ព្រះទ័យ​បាន​នោះ​ទេ»

ក្នុងព្រះរាជឱកាសនៃ​ព្រះរាជ​ពិធី​គម្រប់​ខួប ១៤ព្រះវស្សា នៃ​ការ​យាង​គ្រង​ព្រះបរម​សិរី​រាជ​សម្បត្តិ​របស់​សម្ដេច​ព្រះបាទ សម្ដេច​ព្រះ នរោត្តម សីហមុនី ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ គ្នា នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រៅ​ពី​ថ្វាយ​ព្រះ​ពរ​ព្រះមហាក្សត្រ។

ពលរដ្ឋ​ភាគ​ច្រើន​បាន​បញ្ចេញ​មតិ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​និង​ស្ថានភាព​នយោបាយ ដែល​ពួក​គេ​ទាមទារ​ឲ្យ​ព្រះអង្គ បំពេញ​ព្រះរាជ​តួនាទី​ដូច​ព្រះបិតា​របស់​ព្រះអង្គ​ដែរ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ដើម្បី​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​នយោបាយ​ចាស់​វស្សា លោក​ព្រឹទ្ធាចារ្យ លឺ ឡាយ ស្រេង រួម​នឹង​បណ្ឌិត ៤រូប​ទៀត គឺ​បណ្ឌិត ឡៅ ម៉ុងហៃ បណ្ឌិត មាស នី បណ្ឌិត សេង សារី និង​បណ្ឌិត ប៉ា ចាន់រឿន ជា​ដើម បាន​ដាក់​ញ្ញតិ​រួម​គ្នា​ថ្វាយ​ព្រះមហក្សត្រ កាល​ពី​ខែ​ឧសភា​ឆ្នំា២០១៨ សុំ​ឲ្យ​ព្រះអង្គ​ជួយ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​សព្វថ្ងៃ ក្នុង​បំណង​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ។

ក្រុមលោក​បណ្ឌិត​ទំាង​នេះ មាន​ជំនឿ​ថា មាន​តែ​អង្គ​ព្រះមហាក្សត្រ​ទេ ដែល​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ​បាន។ ប៉ុន្តែរហូតមកដល់ពេលនេះ មិន​ទាន់​មាន​ព្រះរាជ​តម្រិះ​ជា​ការ​ឆ្លើយ​តប​ពី​អង្គ​ព្រះមហាក្សត្រ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ចំណែក​អ្នក​នយោបាយ​ខាង​បក្ស​កាន់​អំណាច​វិញ តែងតែ​អះអាង​ថា អង្គ​ព្រះមហាក្សត្រ មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់ និង​មិន​អាច​ប្រមាថ​បាន។

ជាង​នេះ​ទៅ​ទៀត មន្រ្តី​នៃ​របប​ក្រុង​ភ្នំពេញ​តែង​ចោទ​ប្រកាន់​អ្នក​រិះគន់ ទៅ​លើ​ការ​តែង​តាំង ឬ​ដំឡើង​ឋានៈ​មន្រ្តី​ក្នុង​របប​នេះ​ថា ជា​ការ​ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​ទៅ​វិញ ដោយសារ​ព្រះមហាក្សត្រ បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ពាក្យ​ស្នើសុំ​នោះ។

ប៉ុន្តែ​អ្នក​វិភាគ​សង្គម និង​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ​ថា ករណី​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ស្នើសុំ​ឡើង ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​ ដែល​ជា​អ្នក​ពិនិត្យ​សម្រេច​មុន​ព្រះមហាក្សត្រ។

បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​បុគ្គល​ដែល​បាន​ឡើង​ឋានៈ​ថា មាន​សមត្ថភាព ឬ​មិន​មាន​នោះ លោក​យល់​ថា មិន​ពាក់ព័ន្ធ​ដល់​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​ឡើយ៖ «ព្រះអង្គ​គ្រាន់​តែ​ជា​អ្នក​ចុះ​ព្រះហស្ត​លេខា​ចុង​ក្រោយ។ អ៊ីចឹង​ការ​រើស​មន្រ្តី​ចូល​ទៅ​ទាំង​អ្នក​បក្ខ​ពួក​និយម អ្នក​មាន​សមត្ថភាព​ ឬ​អសមត្ថភាព​អី​ អា​ហ្នឹង​ជា​តួនាទី​របស់​រដ្ឋាភិបាល​ទេ»

ទន្ទឹម​នឹង​ការ​គំរាម​ដល់​អ្នក​រិះគន់​របប​លោក ហ៊ុន សែន​ ដោយ​ចង​ភ្ជាប់​ទៅ​ព្រះមហាក្សត្រ​នោះ ក៏​មាន​ការ​លើក​ឡើង​អំពី​ការ​មិន​គោរព និង​មិន​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ព្រះរាជក្រឹត្យ និង​ព្រះរាជ​បន្ទូល​មួយ​ចំនួន ដែល​របប​ក្រុង​ភ្នំពេញ​មិន​ដែល​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​នោះ​ឡើយ ដូចជា បញ្ហា​ព្រៃ​ឈើ និង​បញ្ហា​ផ្សេងៗ ជា​ច្រើន​ទៀត។

ជាពិសេសរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខណៈ​កម្ពុជា​មាន​វិបត្តិ​នយោបាយ គេ​ឃើញ​ព្រះអង្គ​បាន​ចេញ​ព្រះរាជ​សារ​ស្នើសុំ​ទៅ​កាន់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ដោះ​ស្រាយ​​នយោបាយ​​​ដោយ​សន្តិវិធី និង​ត្រូវ​មាន​​ដំណោះ​ស្រាយ​នយោបាយ​ដោយ​គោរព​​តាម​​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​ព្រះរាជសារ​របស់​ព្រះអង្គ មិន​ត្រូវ​បាន​បក្ស​កាន់​អំណាច ដោះ​ស្រាយ​ធ្វើ​ឲ្យ​វិបត្តិ​នយោ​បាយ​នោះ​អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល