ភរិយា​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ ខកចិត្ត​ដែល​តុលាការ​បន្ត​ឃុំខ្លួន​ប្ដី​លោកស្រី

ដោយ អាស៊ីសេរី
2020.08.03
គង់ ម៉ាស់ ៦២២ លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។
Provided photo

ភរិយា​សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ សម្តែង​ការ​ខកចិត្ត​ជា​ខ្លាំង ដែល​តុលាការ មិន​ព្រម​ដោះលែង​ប្តី​លោកស្រី​ពី​ពន្ធនាគារ បន្ទាប់ពី​ប្តី​លោកស្រី បាន​អនុវត្ត​ទោស​ចប់​សព្វគ្រប់​រួចហើយ​ត្រឹម​ថ្ងៃ​ទី​៣ ខែ​សីហា។ មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​ការពារ​ក្តី យល់​ថា ការ​បន្ត​ឃុំខ្លួន​លោក គង់ ម៉ាស់ នេះ គឺជា​រឿង​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។

ភរិយា​សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ថ្លែងថា លោកស្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្តី​លោកស្រី​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ទី៣ ខែ​សីហា​នេះ ហើយ លោកស្រី ខំ​ទៅ​រង់ចាំ​ទទួល​ប្តី​នៅមុខ​ពន្ធនាគារ​ព្រៃស ពេញ​មួយថ្ងៃ ប៉ុន្តែ​ទីបំផុត លោកស្រី បាន​ទទួល​ដំណឹង​ថា ប្តី​លោកស្រី​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ដើម្បី​ធ្វើ​សំណុំរឿង​រៀបចំ​ដោះលែង​នៅ​ទីនោះ​។ លោកស្រី​បន្ត​ថា លោកស្រី​មិន​ស្នើសុំ​អ្វី​ច្រើន​នោះ​ទេ សុំ​ត្រឹមតែ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ភាព​ត្រឹមត្រូវ​ដល់​ប្តី​លោកស្រី​តែប៉ុណ្ណោះ៖ «បើសិនជា​ប្រទេស​ខ្មែរ​យើង បើ​គិត​ថា សន្តិភាព គឺថា​ធ្វើ​អ្វី​ទៅតាម​ច្បាប់ តាម​ថ្ងៃ​កំណត់​ដូច​ថា គាត់​ទោស​ប៉ុន្មាន​ថ្ងៃ ហើយ​ចំ​ថ្ងៃ​គេ​ត្រូវ​ឱ្យ​គេ​ចេញ។ អត់​ចង់បាន​អី​ទេ ចង់​បានតែ​ម៉ា​ត្រឹមត្រូវ​របស់​ប្តី​ខ្ញុំ»

ចំណែក​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក គង់ ម៉ាស់ មិន​ត្រូវ​បាន​ដោះលែង​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ទេ ដោយ​លោក​អះអាង​ថា សមាជិក​បក្ស​ប្រឆាំង​រូប​នេះ មិនទាន់​អនុវត្ត​ទោស​ចប់​។ លោក​បន្ត​ថា លោក គង់ ម៉ាស់ នឹង​ត្រូវ​អនុវត្ត​ទោស​រហូតដល់​ថ្ងៃ​ទី៨ ខែ​សីហា ទើប​ត្រូវ​ដោះលែង៖ «ករណី​គាត់​ហ្នឹង​ដូចជា​មានទោស​បន្ថែម​ប៉ុន្មាន​ថ្ងៃ​ទៀត​ទាល់​ថ្ងៃ​០៨ បាន​ត្រូវ​ដោះលែង​។ ដូចជា​មានការ​ដាក់ទោស​ទណ្ឌ​ពី​តុលាការ​មក​បន្ថែម ប៉ុន្តែ​ខ្ញុំ​ទាល់​ឆែក​មើល​ឯកសារ​សិន»

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន លោក គង់ ម៉ាស់ ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩​។ លោក​ជាប់ទោស ២​ករណី គឺ​ទី​១ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨​ខែ ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន។ ចំណែក​ករណី​ទី​២ តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​១៥ ថ្ងៃ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​អ្នករាជការ​សាធារណៈ តាម​បណ្ដឹង​របស់​អតីត​អភិបាលស្រុក​រមាសហែក លោក ពេញ ជា។ សំណុំរឿង​ប្រឆាំង​លោក គង់ ម៉ាស់ នេះ កើតឡើង​ក្រោយពេល​លោក​បង្ហោះ សា​រលើ​ហ្វេសប៊ុក (Facebook) ទាក់ទង​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ និង​មតិ​រិះគន់​ជុំវិញ​ការដឹកនាំ​បែប​អសកម្ម​របស់​រដ្ឋាភិបាល និង​មន្ត្រី​របប​លោក ហ៊ុន សែន​។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​រូប​នេះ គឺ​លោក សំ សុខគង់ បញ្ជាក់​យ៉ាង​ច្បាស់​ថា កូន​ក្តី​របស់​លោក បាន​អនុវត្ត​ទោស​សំណុំរឿង​ទី​១​គ្រប់​ចំនួន​កំណត់ តាំងពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា និង​បន្ត​អនុវត្ត​ទោស ក្នុង​សំណុំរឿង​ទី​២ គ្រប់​ចំនួន​កំណត់ ត្រឹម​ថ្ងៃ​ទី៣ ខែ​សីហា។

លោក​បន្ត​ថា បើ​សិន​បើ​ថ្ងៃ​ផុត​កំណត់​ទោស ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​នៅតែ​ឃុំខ្លួន​លោក​បន្ត​នោះ គឺជា​ការ​ឃុំ​ខ្លួន​មនុស្ស​ខុសច្បាប់ ហើយ​ប៉ះពាល់​សិទ្ធ​កូន​ក្តី​របស់​​​​​​លោក​ជា​ខ្លាំង៖ «លោក គង់ ម៉ាស់ ត្រូវ​បាន​គេ​ដឹក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​នៅ​រសៀល​ថ្ងៃនេះ ហើយ​នឹង​ធ្វើ​នីតិវិធី​ដោះលែង​នៅ​ខេត្ត​ស្វាយរៀង​វិញ​។ បើ​ខ្ញុំ​គិត​អំពី​ការ​ថ្កោលទោស​របស់​គាត់​នោះ ត្រូវ​ចប់​ថ្ងៃ​ទី​០៣ ខែ​០៨​នេះ​។ អាហ្នឹង​បើ​យើង​គិត​ចាប់​ពី​ថ្ងៃ​ចាប់ខ្លួន​ហ្នឹង នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩​មក គឺ​វា​ត្រូវ​ផុត​នៅ​ថ្ងៃ​ហ្នឹង​តែម្តង អ៊ីចឹង​បើជា​គោល​ការ​ច្បាប់ ហើយនឹង​នីតិវិធី​ព្រហ្មទណ្ឌ ត្រូវ​តែ​មាន​ការ​ដោះលែង​នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​គិត​ថា ប្រហែលជា​អាច​មាន​ការ​គិត​ថ្ងៃ​ខុស​ខាង​តុលាការ ឬ​ខាង​ពន្ធនាគារ ហើយក៏​យើង​អាច​ថា គិត​ទៅ​វា​មានការ​ភ័នច្រឡំ​ថ្ងៃ​។ បើសិនជា​ខាង​ពន្ធនាគារ​មិន​ព្រម​ដោះលែង​គាត់ នៅតែ​បន្ត អាហ្នឹង​វា​ជា​រឿង​មួយ ដែល​គេ​ហៅថា ឃុំខ្លួន​មនុស្ស​ខុសច្បាប់ រំលោភ​ទៅ​នឹង​ច្បាប់​ទាក់ទង​នឹង​សិទ្ធ​របស់​ជនជាប់ចោទ ឬក៏​អនីតិជន​ហ្នឹង»

រីឯ ប្រធាន​ផ្នែក​ស៊ើប​អង្កេត សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា មន្ត្រី​ពន្ធនាគារ​គួរ​ពិនិត្យ​មើល​ករណី​នេះ និង​ជជែក​គ្នា​ជាមួយ​មេធាវី​ឡើងវិញ ដើម្បី​កុំ​ឱ្យ​មានការ​ភ័ន្តច្រឡំ។ លោក​បន្ត​ថា ប្រសិនបើ​ករណី​លោក គង់ ម៉ាស់ ដល់​ថ្ងៃ​ផុត​កំណត់​ទោស​ហើយ តែ​នៅ​បន្ត​ការ​ឃុំខ្លួន លោក​យល់ថា នេះ​ជា​ករណី​មួយ​ខុសច្បាប់ និង​ជា​ការ​ធ្វេស​ប្រហែស​បំផុត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។