សមាជិក​បក្សប្រឆាំង លោក គង់ ម៉ាស់ ទាមទារ​យក​សម្ភារៈ​​ដែល​តុលាការ​ដក​ហូត

0:00 / 0:00

អតីត​អ្នក​ទោស​នយោបាយ និង​ជា​សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ស្នើសុំ​ឲ្យ​តុលាការ ក្រុង​ភ្នំពេញ ប្រគល់​សម្ភារៈ និង​ទ្រព្យសម្បត្តិ ដែល​ដកហូត​ក្នុង​​​​​​​​ពេល​ចាប់ខ្លួន​នោះ ប្រគល់​​​​​​​​​​​​​​​​​​​​​​​​​​ជូន​លោក វិញ ព្រោះ​លោក​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​កន្លះ​រួចរាល់​ហើយ​។ មន្ត្រី​សិទ្ធិមនុស្ស យល់​ថា តាម​ច្បាប់​តុលាការ​គួរតែ​ប្រគល់​វត្ថុ​ចាប់​យក​ទាំងនោះ ជូន​ម្ចាស់​ដើម​វិញ ហើយ​បើ​នៅតែ​រក្សា​ទុក គឺជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។

សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ សោកស្ដាយ​ដែល សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ព្រម​ប្រគល់​សម្ភារៈ​និង​វត្ថុ​ចាប់​យក​ជូន​លោក​វិញ ទោះបីជា​លោក អនុវត្ត​ទោស​រួចរាល់​ហើយ​ក្តី​។ លោក​អះអាង​ថា លោក បាន​ដាក់​ពាក្យ​ស្នើសុំ​យក​សម្ភារៈ​និង​វត្ថុ ចាប់​យក​ទាំងនោះ​៤​លើក​មក​ហើយ ប៉ុន្តែ​តុលាការ​តែងតែ​បដិសេធ​ដោយ​លើក​ហេតុផល​ផ្សេងៗ​។ លោក គង់ ម៉ាស់ បញ្ជាក់​​​​ថា សម្ភារៈ​និង​វត្ថុ​ទាំងនោះ មាន​​​​​ដូចជា​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង ទូរស័ព្ទ​ពីរ​គ្រឿង នាឡិកាដៃ មួយ​គ្រឿង លុយ​ជាង​១​រយ​ដុល្លារ លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត៖ « ខ្ញុំ​បាន​ទៅ​ជួប​ខាង​ការិយាល័យ​វត្ថុ​តាង​នោះ​ពីរ​បី​លើក​ហើយ ។ យើង​យក​ដីកា សាលក្រម​របស់​តុលាការ​ទៅ​ដែរ តែ​គេ​អត់​ឲ្យ ដោយ​គេ​ថា​ខ្វះ​នេះ​ខ្វះ​នោះ​​​​គេ​ចង់​បាន សាលក្រម​ស្ថាពរ​អីចឹង​ទៅ។ ខ្ញុំ​ក៏បាន​ទៅ​ជួប​ក្រឡាបញ្ជី​តុលាការ​កំពូល ក៏​គេ​ធ្វើ​អស់​ហើយ​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​យល់ថា តើ​សាលាដំបូង​កន្លែង​ការិយាល័យ​វត្ថុ​ចាប់​យក​នោះ ធ្វើ​ម៉េច​ឲ្យ​ត្រូវ​ព្រោះ​ខ្ញុំ​ទៅ យក​៤​ដង​ហើយ​។ ខ្ញុំ​ត្រូវ​ការ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ប្រកប​ការងារ​និង​អាជីវកម្ម​ផ្សេងៗ ដល់​ពេល​យើង​អត់​មាន​អ៊ីចឹង គឺ​ពិបាក​ហើយ​រាល់ថ្ងៃ​នេះ ខ្ញុំ​អត់​មានការ​ងារ​ធ្វើ​នៅ​ឡើយ»។

លោក គង់ ម៉ាស់ ឲ្យ​ដឹង​ថា សម្ភារៈ​និង​ទ្រព្យសម្បត្តិ​របស់​លោក ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ ដកហូត ក្នុង​​​​​​ពេល​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ចោទ​ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពី​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

​អតីត​អ្នក​ទោស​នយោបាយ​រូប​នេះ យល់ថា តុលាការ គួរតែ​ប្រគល់​វត្ថុ​ចាប់​យក​ទាំងនោះ​ជូន​លោក តាម​ការ​ស្នើសុំ​វិញ ព្រោះ​លោក បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​អស់​រយៈពេល​១៨​ខែ​និង ១៥​ថ្ងៃ​រួចហើយ​។ លោក ចាត់ទុកថា ប្រសិនបើ​តុលាការ នៅតែ​រក្សាទុក​វត្ថុ​ចាប់​យក​ទាំងនោះ គឺ​មាន​ន័យថា តុលាការ មាន​ចេតនា​បន្ត​ទុក​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​លោក៖ «​រឿង​​នេះ ពាក់ព័ន្ធ​នឹង​នយោបាយ ព្រោះ​ខ្ញុំ​ចេញ​មក​វិញ​នៅតែ​រក្សា​ជំហរ​ដូចដើម ហើយ​នៅតែ​រិះគន់​អ្វី​ដែល​ជា​ភាព​អសកម្ម​នៅ​ក្នុង​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដូច្នេះ​គេ​អត់​សប្បាយចិត្ត គេ​មិន​ចង់​ឲ្យ​យើង​នូវ​ឯកសារ​ដែក​គេ​ចាប់​យក ព្រោះ​គេ​ខ្លាច​យើង​ជើងវែង​ដើរ​បាន​ឆ្លា​យ»។

ទាក់ទង​នឹង​ករណី​នេះ អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។​

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍ថា ការ​ប្រគល់​វត្ថុ​ចាប់​យក​ជូន​ម្ចាស់​ដើម​វិញ គឺជា​រឿង​ងាយស្រួល មិន​គួរ​ក្លាយ​ជា​រឿង​ស្មុគស្មាញ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​តុលាការ បង្ក​ភាព​លំបាក​បែបនេះ នឹង​នាំ​ឲ្យ​សាធារណជន សង្ស័យ​និង​រិះគន់​តុលាការ​បន្ថែម​ទៀត​។ លោក បន្ត​ថា ផ្អែក​តាម​នីតិវិធី​ច្បាប់ គឺ តុលាការ គួរតែ​ប្រគល់​វត្ថុតាង​ទាំងឡាយ​ដែល​ដកហូត​នោះ ជូន​ដល់​គ្រួសារ​លោក គង់ ម៉ាស់ ភ្លាម បន្ទាប់​ពី​វត្ថុ​ទាំងនោះ អស់​តម្លៃ​ជា​ភស្តុតាង មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ចាប់​តាំង​ពី​ដំណាក់កាល តុលា​ការ​បិទ​បញ្ចប់​ការស្រាវជ្រាវ និង​ការ​ស៊ើបសួរ​មក​ម្ល៉េះ​។ លោក បន្ត​ថា ប្រសិនបើ​តុលាការ នៅតែ​រក្សាទុក គឺ​នឹង​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់ និង​ការអនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ប្រើប្រាស់​សម្ភារៈ​និង​ទ្រព្យ​សម្បតិ្ត​ទាំងនោះ​ជា​ចាំបាច់៖ « ការ​ជាប់ទោស​របស់​គាត់​ទោះជា​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ វា​ហួសពេល​ហើយ​ឥឡូវ​នេះ​គឺថា សំខាន់​គឺ​ការអនុវត្ត​ទោស​របស់​គាត់ បាន​ចប់​ទៅ​ហើយ​ដូច្នេះ​វត្ថុតាង​ទាំង ឡាយ​ណា​ដែល​តុលាការ​ចាប់​យក​កន្លង​មក ដើម្បី​ទុកជា​ភស្តុតាង​នោះ វា​លែង​មាន​តម្លៃ​អី​ជា​ភស្តុតាង​ទៀតហើយ​ព្រោះថា​រឿង​នេះ វា​បាន​ចប់​​សព្វគ្រប់​ទៅ​ហើយ​ដូច្នេះ​តុលាការ គួរតែ​ធ្វើ​យ៉ាង​ណា ប្រគល់​នូវ​វត្ថុ​ឬ​របស់របរ​គេ​នោះ ជូន​ម្ចាស់​ដើម​វិញ ។​បើ​និយាយ​ឲ្យ​មែនទែន​ទៅ វត្ថុ​មួយ​ចំនួន​នោះ​គឺ​ត្រូវ​ប្រគល់​ឲ្យ​តាំងពី​តុលា​ការ​បិទ​ការ​ស៊ើបសួរ​នោះ​បាទ មិន​គិត​ថាដល់​ពេល​នេះ​ផង​ទេ»។

​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ត្រូវ​បាន​តុលាការ សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ រយៈពេល​ជិត​៣​ខែ​មក​ហើយ ចាប់​តាំង​ពី​ព្រលប់​ថ្ងៃ​ទី​៤ ខែ​សីហា ក្រោយពី​លោក បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ចំនួន​១៨​ខែ និង ១៥​ថ្ងៃ​។ លោក គង់ ម៉ាស់ ធ្លាប់​ត្អូញត្អែរ​ថា ទោះបីជា​លោក ត្រូវ​បាន​ដោះលែង​ហើយ​ក្តី ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយរៀង តែងតែ​ជិះ​ម៉ូតូ​តាមដាន និង​ថតរូប​លោក នៅ​ពេល​លោក ជួបជុំ​បងប្អូន មិត្ត ភក្តិ និង​ក្រុម​គ្រួសារ​ជាដើម ដែល​ធ្វើ​ឲ្យ លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​លោក​ជា​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។