តាំងពីគណបក្សកាន់អំណាចរម្លាយគណបក្សប្រឆាំង ប្រជាពលរដ្ឋម្ចាស់ឆ្នោតពាក់កណ្ដាលប្រទេស បាត់តំណាងស្របច្បាប់របស់ខ្លួន។ ទុក្ខកង្វល់ទាំងឡាយរបស់ពួកគាត់ ដែលកន្លងមក ធ្លាប់បានដោះស្រាយ តាមរយៈតំណាងទាំងនោះ ត្រូវបានកប់ចោល។
តើអ្វីខ្លះជាផលវិបាកនៃអវត្តមានសំឡេងប្រឆាំង ក្នុងសង្គមប្រជាធិបតេយ្យ?
ក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គណបក្សប្រឆាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយឲ្យមានអភិបាលកិច្ចល្អ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ តួនាទីនេះ បើនៅក្នុងប្រទេសប្រជាធិបតេយ្យ ដូចជា ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក គឺជាតួនាទីចែងច្បាស់ គ្មាននរណាហ៊ានរំលោភបាននោះឡើយ។
នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ទាំងក្នុងបុព្វកថា និងមាត្រា ១ និង ៥១ សុទ្ធតែចែងច្បាស់អំពីគោលការណ៍ប្រជាធិបតេយ្យនេះ ដោយកំណត់ថា ប្រទេសកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប៉ុន្តែ អ្វីដែលមានចែងនោះ គឺមានតែនៅលើក្រដាសប៉ុណ្ណោះ។ ការអនុវត្តជាក់ស្តែង គណបក្សប្រឆាំងជាផ្លូវការ និងស្របច្បាប់តែមួយគត់ ដែលមានអសនៈក្នុងរដ្ឋសភា ត្រូវបានគណបក្សកាន់អំណាចរម្លាយចោល ជាងពីរឆ្នាំកន្លះហើយ (រម្លាយខែវិច្ឆិកា ឆ្នាំ២០១៧)។
អវត្តមានគណបក្សប្រឆាំង ដែលមានពលរដ្ឋបោះឆ្នោតគាំទ្រ ជាង ៣លាននាក់ (ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០១៧) ធ្វើឲ្យរាស្ត្រម្ចាស់ឆ្នោត រងាគ្មានអ្នកតំណាងព្រោះតំណាងរាស្ត្រទាំង ៥៥រូប ត្រូវជាប់បម្រាមនយោបាយរយៈពេល ៥ឆ្នាំ។ រីឯមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ក្នុងជួរក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំង ក៏ជាប់បម្រាមនេះដែរ។ ជាងនេះទៅទៀត តំណាងពលរដ្ឋនៅមូលដ្ឋាន ៥០០៧ នាក់ ដែលជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់នៅជិត ៥០០ (៤៨៩) ឃុំសង្កាត់ ក៏បាត់បង់ឱកាសបម្រើរាស្ត្រម្ចាស់ឆ្នោតដែរ ដោយសារតែគេដកហូតមុខតំណែងពួកគាត់។
តាំងពីពេលគណបក្សសង្គ្រោះជាតិ ត្រូវបានគេរម្លាយរួចមក រាល់បញ្ហាទុក្ខកង្វល់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបានគេមើលរំលង។ រាល់ការតវ៉ា ការជួបជុំ ការប្រមូលផ្តុំគ្នា ដើម្បីលើកពីកង្វល់ផ្សេងៗ ត្រូវរងការបង្ក្រាប និងចោទលាបពណ៌ថា បង្កើតចលនាបដិវត្តពណ៌ ឬចលនាឧទ្ទាមជាដើម។ តំណាងនៅមូលដ្ឋាន ជាច្រើនជាប់ពន្ធនាគារ និងអ្នកខ្លះទៀត រត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុតពីការតាមធ្វើទុក្ខបុកម្នេញ។
ប្រធានគណបក្សនេះ គឺលោក កឹម សុខា ដែលប្ដេជ្ញាមិនរត់ចោលស្រុក ក៏ត្រូវចំណាយពេលនៅក្នុងគុក និងការឃុំឃាំក្នុងផ្ទះ។ ឥឡូវនេះ រឿងក្តីក្តាំនៅតុលាការ ក៏មិនទាន់ដឹងពេលណាបិទបញ្ចប់ដែរ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីបន្តសកម្មភាពនយោបាយ ប្រាប់អាស៊ីសេរី អំពីផលវិបាក ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោត ត្រូវរងអំពើអយុត្តិធម៌សង្គម និងបញ្ហាជាច្រើន ដែលមិនអាចរកអ្នកជួយជាតំណាង ក្នុងការដោះស្រាយបាន ដោយសារតែអវត្តមានគណបក្សប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខ ហួរ សោកស្តាយយ៉ាងខ្លាំង ដែលគណបក្សកាន់អំណាច ប្រព្រឹត្តបំពានរដ្ឋធម្មនុញ្ញ ហ៊ានរម្លាយគណបក្សសង្គ្រោះជាតិទាំងកម្រោល និងធ្វើឲ្យពលរដ្ឋជាច្រើនបាត់ភាពកក់ក្តៅ និងបាត់ផលប្រយោជន៍ ដែលពួកគាត់ធ្លាប់មាន និងធ្លាប់ទទួលបាន កាលនៅមានតំណាងពួកគាត់៖ «មេឃុំ និងចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិ បានបំពេញតួនាទីដ៏សំខាន់ នៅមូលដ្ឋាន។ នេះបង្ហាញឲ្យឃើញថា នៅពេលដែលមានវត្តមាននៃគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់នោះ ប្រជាពលរដ្ឋហ៊ានមានមតិ ព្រោះមានតំណាង ដែលហ៊ានតវ៉ា យកផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានជាធំ»។
អ្នកស្រីបន្ថែមថា ក្នុងស្ថានភាពនៃវិបត្តិដោយសារជំងឺកូវីដ-១៩ នេះទៀតសោត ប្រជាពលរដ្ឋរឹតតែត្រូវការតំណាងរបស់ពួកគាត់ ក្នុងការទាមទារ និងតវ៉ាឲ្យរដ្ឋផ្តល់ជំនួយផ្សេងៗ និងរកវិធីដោះស្រាយបញ្ហាជីវភាពខ្វះខាតរបស់ពួកគាត់ ឲ្យទាន់ពេលវេលា មានប្រសិទ្ធភាព និងមិនរើសអើងនយោបាយ។
ប៉ុន្តែ អ្នកស្រីបន្តថា ដំណោះស្រាយរបស់របបក្រុងភ្នំពេញ មានភាពយឺតយ៉ាវ និងគ្មានតម្លាភាព ដែលធ្វើឲ្យពលរដ្ឋជាច្រើន មិនទទួលបានជំនួយពីរដ្ឋនោះឡើយ។ ជាងនេះទៅទៀត ភាពខ្វះតំណាងពីបក្សប្រឆាំងនេះ ប្រជាពលរដ្ឋមូលដ្ឋាន ពិបាកតវ៉ារកយុត្តិធម៌ណាស់។
ជុំវិញភាពខ្វះការចូលរួមនេះ មន្រ្តីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលកិច្ចការសង្គម ក៏មើលឃើញពីបញ្ហាជាច្រើនដែរ។ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថាដើម្បីលុបបំបាត់ភាពមិនប្រក្រតី អំពើពុករលួយ ពង្រឹងយុត្តិធម៌សង្គម និងកាត់បន្ថយការរើសអើងនយោបាយ និងអំពើបក្សពួកនិយមជាដើម ជាពិសេស ក្នុងពេលចែកលុយគ្រួសារអ្នកក្រ រដ្ឋត្រូវយកចិត្តទុកដាក់ ក្នុងការអនុញ្ញាតឲ្យតួអង្គពាក់ព័ន្ធចូលរួម ក្នុងដំណើរការនេះ៖ « តួអង្គពាក់ព័ន្ធមានតំណាងសហគមន៍ មានអង្គការសង្គមស៊ីវិលនៅមូលដ្ឋាន និងមានតួអង្គនៅថ្នាក់ជាតិ ជាក្រុមគណៈកម្មការចម្រុះជាដើម ដើម្បីពិនិត្យមើលទៅលើនីតិវិធី។ បើគ្រាន់តែបណ្ដែតបណ្ដោយឲ្យមានការសម្រេចចិត្ត មិនឆ្លងកាត់ការឃ្លាំមើល ការស្ដាប់សំឡេងពីគ្រប់ភាគី ជាពិសេសក្រុមងាយរងគ្រោះនោះទេ នឹងខាតប្រយោជន៍ពលរដ្ឋ»។
ភាពខ្វះតំណាង និងការចូលរួមនេះ បានធ្វើឲ្យរាស្ត្រម្ចាស់ឆ្នោតរងាមួយជាន់ហើយ ឥឡូវពួកគាត់ត្រូវរងការគំរាម និងលាបពណ៌ថា ជាមនុស្សក្រុមប្រឆាំងទៅទៀត បើគាត់ហ៊ានតវ៉ា។ ថ្មីៗ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមរឹបអូសទ្រព្យសម្បត្តិពលរដ្ឋទាំងឡាយណា ដែលគ្មានលទ្ធភាពសងលុយធនាគារ ដោយលោកអះអាងថា ធ្វើតាមការអូសទាញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៖ «ខ្ញុំនឹងគាំទ្រឲ្យធនាគារប្ដឹងទៅតុលាការដើម្បីរឹបអូស។ អ៊ីចឹងសាកមើល៍ ! គ្រួសារណាដែលញុះញង់ធ្វើអាហ្នឹង ហើយជំពាក់ធនាគារ យើងគាំទ្រឲ្យមានការរឹបអូសតែម្ដង»។
ប្រធានស្តីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី រួមទាំងតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើន បាននិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចផុតពីការធ្វើទុក្ខបុកម្នេញរបស់របបក្រុងភ្នំពេញ។
លោក សម រង្ស៊ី តែងផ្ញើសារពីក្រៅប្រទេស ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក ក្រោកតវ៉ា ទាមទាររកយុត្តិធម៌។ ដូចជាពេលថ្មីៗ នេះ លោកបានអំពាវនាវឲ្យពលរដ្ឋ ផ្អាកសងប្រាក់ជំពាក់ធនាគារ មួយរយៈពេលមានបញ្ហាជំងឺកូវីដ-១៩ នេះ។
មន្រ្តីគណបក្សសង្គ្រោះជាតិស្ទើរតែទាំងអស់ អាចបន្តសកម្មភាពនយោបាយរបស់ខ្លួនបាន តែក្នុងករណីពួកគាត់រត់ភៀសខ្លួនទៅក្រៅប្រទេសប៉ុណ្ណោះ។
អវត្តមានរបស់គណបក្សប្រឆាំងនៅកម្ពុជា ដោយសារបក្សកាន់អំណាចរម្លាយ និងធ្វើទុក្ខបុកម្នេញនេះ ធ្វើឲ្យសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថ្កោលទោសរបបក្រុងភ្នំពេញយ៉ាងដំណំ។ សហភាពអឺរ៉ុប នឹងដកការអនុគ្រោះពន្ធ EBA 20% នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ។ ទណ្ឌកម្មនេះ កើតឡើងដោយសារការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះឯង។
ជាលទ្ធផល ការរម្លាយគណបក្សប្រឆាំង គឺជាការបំពានឆន្ទៈរាស្ត្រម្ចាស់ឆ្នោត បំពានរដ្ឋធម្មនុញ្ញ និងធ្វើឲ្យពលរដ្ឋប្រមាណពាក់កណ្ដាលប្រទេស ដែលមានសិទ្ធិបោះឆ្នោត ខ្វះអ្នកតំណាងស្របច្បាប់ ហើយកម្ពុជាឯកោពីសហគមន៍អន្តរជាតិទាំងនយោបាយ និងសេដ្ឋកិច្ច។ ឯជនរងគ្រោះពិតប្រាកដ គឺរាស្ត្រម្ចាស់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។