រដ្ឋសភាឯកបក្សនៃរបបក្រុងភ្នំពេញ អនុម័តលើសេចក្ដីស្នើវិសោធនកម្មលើមាត្រា៤៥ថ្មី (ស្ទួន១) នៃច្បាប់ស្ដីពីគណបក្សនយោបាយ រួចរាល់ហើយនៅថ្ងៃទី១៣ ខែធ្នូ ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ និងអ្នកឃ្លាំងមើលបញ្ហាកម្ពុជា ចាត់ទុកថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីឲ្យ លោក ហ៊ុន សែន យកទៅប្រើប្រាស់តាមអារម្មណ៍ និងសម្រាប់បំបែកបំបាក់គណបក្សសង្គ្រោះជាតិ មិនមែនដើម្បីដោះស្រាយបញ្ហានយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនោះទេ។
សភាឯកបក្សនៃរបបលោក ហ៊ុន សែន បានការពារទង្វើរបស់ក្រុមខ្លួនថា ការកែប្រែ ឬការធ្វើវិសោធនកម្មលើមាត្រា៤៥ ថ្មី (ស្ទួន១) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលហាមឃាត់ធ្វើនយោបាយ អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនេះ គឺមិនរងសម្ពាធអន្តរជាតិនោះទេ ប៉ុន្តែធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋក្រោមស្មារតីបង្រួមបង្រួមជាតិ។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាឯកបក្ស និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានឡើងការពារក្នុងរដ្ឋសភាថា ការកែប្រែ ច្បាប់នេះ ស្របតាមរដ្ឋធម្មនុញ្ញ ស្របតាមការវិវឌ្ឍរបស់សង្គម និងនយោបាយព្រមទាំងមានបំណងពង្រឹងនីតិរដ្ឋ ធានាពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៖ «ខ្ញុំសូមសម្ដែងការគាំទ្រចំពោះសេចក្ដីព្រាងសេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី ( ស្ទួន ) នៃច្បាប់ស្ដីពីគណបក្សនយោបាយនេះ ដែលធ្វើឲ្យច្បាប់នេះ កាន់តែមានលក្ខណៈល្អប្រសើរឡើង ដើម្បីធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ សង្កត់ភាពនៃប្រព័ន្ធច្បាប់ ជាពិសេសធានានូវភាពសុខដុមនៃសង្គមដើម្បីប្រយោជន៍រួមរបស់កម្ពុជា»។ខ្លឹមសារនៃមាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានអនុម័ត នោះសរសេរថា៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្ស នយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់ តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្ដល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី១២ ធ្នូ ថា លោកនឹងជួយស្នើសុំថ្វាយព្រះមហាក្សត្រ ផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញដល់ថ្នាក់ ដឹកនាំគណបក្សប្រឆាំងមួយចំនួន ដែលគោរពតាមសាលដីកាតុលាការកំពូល ប៉ុន្តែអ្នកដែលប្រឆាំងសាលដីកា នឹងត្រូវជាប់គុកថែម ទៀត។ លោកបញ្ជាក់ថា បើសិនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចង់បានសិទ្ធិធ្វើនយោបាយ ឡើងវិញ ត្រូវសរសេរលិខិតស្នើសុំលោក និងស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ «បើសិនជាគេមានការស្នើសុំមកនាយករដ្ឋមន្ត្រី ហើយបើពិនិត្យឃើញថា គេមិនប្រឆាំងនឹងសាលដីកាកំពូលនោះ នឹងឲ្យធ្វើនយោបាយឡើងវិញ តែបើសិនជាអ្នកប្រឆាំងនឹងសាលដីកាតុលាការកំពូលមិនត្រឹម មិនមានសិទ្ធិធ្វើនយោបាយនោះទេ គឺត្រូវជាប់គុកពីរឆ្នាំកន្លះ»។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវគណបក្សកាន់អំណាច យកទៅធ្វើវិសោធនកម្មពីរបីដងទៅហើយ ដូច្នេះការធ្វើកែប្រែច្បាប់ញឹកញាប់ គឺគ្រាន់តែជាការចង់បានតាមតម្រូវការរបស់ក្រុមគណបក្សកាន់អំណាចប៉ុណ្ណោះ មិនមែនធ្វើឲ្យច្បាប់មានលក្ខណៈល្អប្រសើរទេ។ លោកយល់ថា វិសោធនកម្មច្បាប់នេះ គួរតែលុបចោលវិញទៅ ហើយបើកចំហសេរីភាពនយោបាយឲ្យគ្រប់អ្នក នយោបាយខ្មែរទាំងអស់ ស្របតាមរដ្ឋធម្មនុញ្ញ និងដោយឆន្ទៈនយោបាយស្មោះត្រង់ពិតប្រាកដ ដើម្បីប្រយោជន៍ជាតិ និងប្រជាធិបតេយ្យកម្ពុជា៖ «ការធ្វើវិសោធនកម្មនេះ គឺតាមដែលខ្ញុំមើលឃើញទៅ គឺគ្រាន់តែដើម្បីបន្តការកាន់អំណាចតទៅទៀត មិនមែនធ្វើដើម្បីសម្រាប់មនុស្សទូទៅនោះទេ។ ច្បាប់មួយដែលគេរៀបចំឡើងគឺត្រូវធានាការពារបម្រើដល់ប្រជាពលរដ្ឋ ដល់អ្នកនយោបាយទាំងអស់ មិនមែនធ្វើដើម្បីចងជើងនយោបាយនោះទេ។ ខ្ញុំយល់ចំពោះការលើកឡើង និងការអះអាងថា ធ្វើបម្រើមនុស្សទូទៅទាំងអស់ ប៉ុន្តែបើសិនជាមានមនុស្សក្រុមណាមួយមានឥទ្ធិពលខ្លាំងទៀត គេនឹងយកច្បាប់នេះទៅគាប់សង្កត់ដូចគ្នាដែរ»។
រីឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើសារអំពាវនាវនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក សូមឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទាំងអស់ រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត ពីជនផ្ដាច់ការ ហ៊ុន សែន។
លោក សម រង្ស៊ី ជឿថា ដោយសារតែសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុបរៀបចំដាក់ ទណ្ឌកម្មពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរលើរបបលោក ហ៊ុន សែន ដែលអាចធ្វើឲ្យរបបផ្ដាច់ការនេះដួលរលំ ក្នុងរយៈពេលពី ៦ ខែ ទៅ ១២ ខែខាងមុខនោះ គឺបានធ្វើឲ្យលោក ហ៊ុន សែន មានការភ័យស្លន់ស្លោ យ៉ាងខ្លាំង ដូច្នេះហើយទើបលោក ហ៊ុន សែន មិនដឹងធ្វើយ៉ាងដូចម្ដេច ក៏បែរមកគាបសង្កត់ថែម ទៀតមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង១១៨ រូប។ បំណងរបស់ លោក ហ៊ុន សែន គឺចង់បំបែកគណបក្សសង្គ្រោះជាតិ ដើម្បីទៅប្រាប់សហគមន៍អន្តរជាតិ ថាមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន បានមកចុះចូលរបបលោក ដូច្នេះមិនចាំបាច់តម្រូវឲ្យលោកបើកផ្លូវឲ្យ គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញនោះទេ។
លោកអះអាងថា សហគមន៍អន្តរជាតិ មិនជឿលោក ហ៊ុន សែន នោះទេ ហើយនៅតែទទូចឲ្យមានដំណោះស្រាយរួមចំនួន ៥ចំណុច ចំពោះវិបត្តិនយោបាយ នៅប្រទេសកម្ពុជា។ ដំណោះស្រាយ រួមចំនួន៥ចំណុចនោះ រួមមាន៖ទី១ ដោះលែងលោកប្រធាន កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ទី២ ទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើមន្ត្រី និងសកម្មជនទាំងអស់នៃគណបក្សសង្គ្រោះជាតិ ទី៣បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ។ ទី៤ ត្រូវប្រគល់សងសកម្មជនគណបក្សសង្គ្រោះជាតិ នូវតំណែង និងតួនាទីទាំងអស់ដែលបានមកពីការបោះឆ្នោតដោយប្រជារាស្ត្រ ហើយដែលត្រូវបានរបប ហ៊ុន សែន ប្លន់យកទៅចែកចាយឲ្យបក្ខពួករបស់ខ្លួន និងទី៥ រៀបចំការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយដោយមានការត្រួតពិនិត្យពីសហគមន៍អន្តរជាតិ។
លោក សម រង្ស៊ី បញ្ជាក់ថា បើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ នៅរួបរួមគ្នាជាធ្លុងមួយ គឺនឹងទទួលបានដំណោះស្រាយរួម ទាំង ៥ ចំណុច តែបើគណបក្សសង្គ្រោះជាតិបែកបាក់គ្នានោះ លោក ហ៊ុន សែន នឹងទទួលជ័យជំនះ ដោយគ្រាន់តែប្រើដំណោះស្រាយតែមួយជ្រុង តាមរយៈ ការផ្ដល់សិទ្ធិធ្វើនយោបាយ ឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនតែប៉ុណ្ណោះ។ អ្នកដែលទទួលសិទ្ធិពី លោក ហ៊ុន សែន គឺគ្មានផ្លូវណាធ្វើនយោបាយតទៅទៀត ក្រៅពីទៅបម្រើនយោបាយ លោកហ៊ុន សែន ដោយផ្ទាល់ ឬដោយប្រយោល។
លោកអំពាវនាវឲ្យអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ ត្រូវតែច្រានចោលដំណោះ ស្រាយ តែមួយជ្រុងបែបនេះ ដែលជាដំណោះស្រាយក្លែងក្លាយដែលមាន លោក ហ៊ុន សែន នៅពីក្រោយ។ លោក សម រង្ស៊ី ក៏ប្រកាសរក្សាជំហរ និងពាក្យស្លោក ៖ “ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”។
លោក រ៉ុន ឈុន ទទួលស្គាល់ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺត្រឹមត្រូវ ព្រោះក្នុងកាលៈទេសៈនេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្មានជម្រើសផ្សេង ក្រៅពីប្រកាន់ជំហររឹងមាំ និងចងគ្នាឲ្យជាប់ ហើយជៀសវាងដើរបែកផ្លូវគ្នា។ លោកមានជំនឿថា ប្រសិនបើថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅតែរក្សាសាមគ្គីគ្នាជាធ្លុងមួយ នឹងទទួលបានដំណោះស្រាយជាកញ្ចប់មិនខាន តាមរយៈកិច្ច អន្តរាគមន៍ជាជំហានរបស់សហគមន៍អន្តរជាតិ៖ «យើងមិនចាំបាច់ធ្វើលិខិតសុំសិទ្ធិធ្វើនយោបាយអីទេ ព្រោះថា យើងពុំមានកំហុសឆ្គងអីទេ ដែលគេរំលាយគណបក្សសង្គ្រោះជាតិ គេបង្កកសិទ្ធិយើង មិនឲ្យធ្វើនយោបាយកន្លងមកនេះ គឺពុំមានកំហុសឆ្គងអីទេ។ បើសិនជាយើងទៅសុំសិទ្ធិគេ ស្នើនឹងយើងទទួលកំហុសហើយ»។
លោក គឹម សុខ ថា របបលោក ហ៊ុន សែន កំពុងតែស្ថិតនៅក្នុងភាពទ័លច្រកមួយយ៉ាងខ្លាំង ដែលលំបាកក្នុងការទាញឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ និងជៀសផុតពីទណ្ឌកម្មពីសហភាពអឺរ៉ុប ហើយបញ្ហានេះ លោកគ្មានជម្រើសអ្វីក្រៅពីប្រើយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិឲ្យបែកខ្ញែកគ្នាឡើយ៖ «លោក ហ៊ុន សែន កំពុងទ័លច្រកយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដូច្នេះលោក មិនអាចរកវិធីដោះខ្លួនបានទេ ម៉្លោះហើយដើម្បីឲ្យលោក ហ៊ុន សែន កាន់តែទ័លនៅក្នុងវិធី ដែលត្រូវលំអោនទៅរកដំណោះស្រាយតាមអនុសាសន៍អន្តរជាតិ ដូច្នេះគណបក្សសង្គ្រោះជាតិត្រូវតែរឹងមាំ ហើយកុំធ្វើតាមយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន»។
សម្ពាធអន្តរជាតិ បានកើនឡើងកាន់តែសន្ធាប់លើរបបលោក ហ៊ុន សែន។ សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្ម ដោយបិទទិដ្ឋាការចំពោះមន្ត្រីក្នុងជួរ និងនៅក្រៅជួររបបនេះ រួមទាំងសមាជិកក្រុមគ្រួសារពួកគាត់ផង។ លោក ហ៊ីង ប៊ុនហៀង ដែលជាមេកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលអាមេរិក មិនត្រឹមតែបិទទិដ្ឋាការទេ គឺថែមទាំងនឹងចាត់វិធានការ បង្កកទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រីរូបនេះ បើមាននៅអាមេរិក ឬក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ចំណែកឯសភាសហរដ្ឋ អាមេរិក បានអនុម័តច្បាប់ស្ដីពីការដាក់ទណ្ឌកម្មនេះដែរ និងកំពុងស្ថិតនៅក្នុងដៃព្រឹទ្ធសភា ដែលគ្រោងនឹងពិភាក្សានៅខែមករា ឆ្នាំ២០១៩។ ច្បាប់ H.R ៥៧៥៤ ឬច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៨ នេះ នឹងដាក់ទណ្ឌកម្មបន្ថែមទៅលើមន្ត្រីរបបលោក ហ៊ុន សែន។ ទណ្ឌកម្មផ្សេងទៀត ដែលអាមេរិក បានដាក់កន្លងមក រួមមានការផ្ដាច់ជំនួយទាំងស្រុងទៅគ.ជ.ប និងការផ្តាច់ជំនួយ ទាំងស្រុងទៅរបបលោក ហ៊ុន សែន លើកលែងតែជំនួយមនុស្សធម៌។
ចំណែកសហភាពអឺរ៉ុប ដែលជាបណ្ដុំប្រទេសសេរី និង អភិវិឌ្ឍខ្ពស់ផ្នែកសេដ្ឋកិច្ចទាំង ២៨ប្រទេស បានជូនដំណឹងទៅរបបលោក ហ៊ុន សែន កាលពីដើមខែតុលា ថារបបនេះមានពេល ១២ខែ ដើម្បី កែខ្លួន បើមិនដូច្នេះទេ ពួកគាត់នឹងដកការអនុគ្រោះពន្ធពីកម្ពុជា។ ការដាក់ទណ្ឌកម្ម និងព្រមានចាត់វិធានការបន្ថែមលើរបបលោក ហ៊ុន សែន នេះ គឺដោយសារតែរបបនេះ បានរំលោភសិទ្ធិ មនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីរបបនេះ ចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា រឹតត្បិតសិទ្ធិសេរីភាពក្នុងការតវ៉ាផ្សេងៗ និងការរៀបចំការបោះឆ្នោត ដែលរងការរិះគន់ជុំទិសថា ជាការបោះឆ្នោតក្លែងក្លាយ។
ស្របពេលនេះដែរ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ចាត់ទុកការធ្វើវិសោធនកម្មមាត្រា ៤៥ នៃច្បាប់ស្តីពីគណបក្សនយោបាយនេះថា ជាចេតនា ដើម្បីបន្ទន់ចិត្តសហគមន៍អន្តរជាតិប៉ុណ្ណោះ។
ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក ឆាល សាន់ទីយ៉ាហ្គោ (Chairperson Charles Santiago) ថា មន្រ្តីគណបក្សសង្គ្រោះជាតិ ទាំង ១១៨រូបនេះ មិនត្រូវហាមឃាត់សិទ្ធិនយោបាយ តាំងពីដំបូងមកម្ល៉េះ។ ការធ្វើសម្បទានដ៏ស្តួចស្តើងនេះ គឺដើម្បីបន្ថយកម្ដៅនៃសម្ពាធអន្តរជាតិ ដោយសាររបបលោក ហ៊ុន សែន កំពុងប្រឈមមុខនឹងការបាត់បង់ការអនុគ្រោះពន្ធ។ ដូច្នេះ សហគមន៍អន្តរជាតិ ត្រូវតែបន្តដាក់សម្ពាធឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា រួមទាំងទាំងដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា លើកលែងបម្រាម ដែលហាមមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំងអស់ ផ្តល់សម្បទាឲ្យគណបក្សសង្គ្រោះជាតិ ឲ្យអាចបើកដំណើរការឡើងវិញបានរៀបចំឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ បើមិនដូច្នេះទេ ការអនុម័តច្បាប់ថ្ងៃនេះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់អនាគតកម្ពុជានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
