គ.ជ.ប៖ បើបក្សប្រឆាំងត្រូវរំលាយ តំណាងរាស្ត្រនិងក្រុមប្រឹក្សាត្រូវអស់តំណែង
2017.09.07

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ចាប់ពីថ្នាក់តំណាងរាស្ត្ររហូតដល់ក្រុមប្រឹក្សារាជធានី-ខេត្ត និងឃុំ នឹងត្រូវបញ្ចប់តំណែង ប្រសិនបើបក្សប្រឆាំងពិតជាត្រូវរំលាយចោលនោះ។ សង្គមស៊ីវិលយល់ថា ពលរដ្ឋនៅមូលដ្ឋាននឹងខកចិត្ត ប្រសិនបើតំណាងដែលពួកគេបោះឆ្នោតឲ្យត្រូវគេដកតំណែង។
ការបញ្ជាក់អំពីការអស់តំណែង និងតួនាទីនៅក្នុងស្ថាប័នរដ្ឋពីសំណាក់ គ.ជ.ប នេះ គឺក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលព្រមានគណបក្សសង្គ្រោះជាតិ ថាអាចនឹងត្រូវរំលាយចោល ប្រសិនគណបក្សនេះនៅតែរឹងទទឹងមិនដូរ ឬដាក់ប្រធានថ្មីជំនួសលោក កឹម សុខា។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងថា តាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ គឺក្រោយពេលរំលាយគណបក្សហើយ សមាជិកទាំងអស់ដែលមានតួនាទីជាប់ដោយការបោះឆ្នោត នឹងត្រូវអស់តួនាទីតាមគណបក្សដែលត្រូវគេរំលាយដែរ៖ «បាទ! ត្រូវរលាយដែរ យោងទៅលើច្បាប់ជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៣៥ ចំណុចង។ ...បាទ! ហ្នឹងហើយ ទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី៦ ខែកញ្ញា មន្ត្រីនាំពាក្យឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងពុំអាចមានវត្តមានធ្វើសកម្មភាពនយោបាយនៅកម្ពុជា បានជាបន្តទៅទៀតទេ ប្រសិនបើគណបក្សនេះរឹងរូសមិនព្រមតែងតាំងប្រធានថ្មីជំនួសលោក កឹម សុខា។ ឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ វិញ ក៏ព្រមានទៀតថា នៅពេលដែលគណបក្សប្រឆាំងត្រូវរំលាយចោល សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតទាំងអស់របស់គណបក្សនេះមានជាង ៥ពាន់នាក់ រួមទាំងក្រុមប្រឹក្សានៅតាមស្រុក ខត្ត និងក្រុង និងសមាជិកព្រឹទ្ធសភា (ប្រសិនបើមាន) ព្រមទាំងតំណាងរាស្ត្ររបស់គណបក្សនេះផងដែរ នឹងត្រូវបាត់បង់តំណែងទាំងអស់។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច (NICFEC) លោក សំ គន្ធាមី បញ្ជាក់ថា នៅពេលសមាជិកបក្សប្រឆាំងបាត់បង់តួនាទីតាមច្បាប់ គឺសមាជិកគណបក្សផ្សេងនឹងត្រូវបំពេញជំនួស។ លោកយល់ថា កាលណាមានតែគណបក្សមួយឈរតែឯងតាំងពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន នឹងធ្វើឲ្យពលរដ្ឋដែលស្រឡាញ់គោលនយោបាយគណបក្សប្រឆាំងខកចិត្ត៖ «វាពាក់ព័ន្ធនឹងការអភិវឌ្ឍគោលនយោបាយគណបក្សដែរ ព្រោះអី អ្នកដែលបោះឆ្នោតឲ្យសង្គ្រោះជាតិ ហ្នឹងគាត់ពេញចិត្តគោលនយោបាយគណបក្សគាត់ហ្នឹង នៅមូលដ្ឋាន នៅឃុំសង្កាត់ហ្នឹង ដល់អ៊ីចឹងទៅ វាពាក់ព័ន្ធរឿងហ្នឹង។ មានការខកចិត្តច្រើនសម្រាប់អ្នកគាំទ្រ សម្រាប់អ្នកបោះឆ្នោត»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីជំហររបស់មន្ត្រីជាន់ខ្ពស់ និងអ្នកនាំពាក្យគណបក្សប្រឆាំងបានទេ នៅថ្ងៃទី៧ ខែកញ្ញា ជុំវិញការព្រមានបញ្ចប់តួនាទីតំណាងរាស្ត្រ និងក្រុមប្រឹក្សារបស់បក្សនេះ បើមិនព្រមដូរប្រធានថ្មីជំនួសលោក កឹម សុខា។
ច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោបាយ ដែលមានតែតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចបានអនុម័តកាលពីពេលថ្មីៗនេះ បានចែងនៅត្រង់វាក្យខណ្ឌទី២ មាត្រា៤៥ថ្មី (ស្ទួន) ថា ត្រូវលុបឈ្មោះគណបក្សនយោបាយចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវសម្រេចផ្អាក ឬត្រូវបានរំលាយដោយស្របតាមច្បាប់នេះ។
សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ម៉េង សុភាវី នៅតែអះអាងថា ច្បាប់ស្ដីពីគណបក្សនយោបាយថ្មីនេះមិនបានបម្រើឲ្យផលប្រយោជន៍ប្រជាជននោះទេ ដោយគណបក្សមួយចំនួនបានរងគំនាបនៃច្បាប់នេះ៖ «ក្នុងសភាបច្ចុប្បន្ន យើងឃើញថា មានតែ២បក្សទេ គឺគណបក្សប្រជាជនកម្ពុជា ហើយនិងគណបក្សសង្គ្រោះជាតិ ហើយបើសិនជា គណបក្សសង្គ្រោះជាតិ ត្រូវរំលាយពិតមែន អាហ្នឹងមានន័យថា បើនៅក្នុងសភាគឺមានឯកបក្សបាត់ទៅហើយ គេលែងហៅថាពហុបក្សដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញបាត់ទៅហើយ»។
បើទោះជាអ្នកគាំទ្រគណបក្សប្រឆាំង អាចនឹងត្រូវខកបំណងក្ដី ក៏ប៉ុន្ដែអ្នកនាំពាក្យ គ.ជ.ប លោកបណ្ឌិត ហង្ស ពុទ្ធា នៅតែអះអាងថា គ.ជ.ប មានតួនាទីតែពីរប៉ុណ្ណោះ គឺអនុវត្តច្បាប់ និងរិះរកបច្ចេកទេសដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការបោះឆ្នោត៕