លោក រ៉ុង វិជ្ជា ក្មួយប្រុសរបស់លោក រ៉ុង ឈុន ឱ្យអាស៊ីសេរីដឹងថ្ងៃទី០៧ ខែតុលា ថា លោកមិនមានប្រតិកម្មអ្វីចំពោះលិខិតព្រមានរបស់គ.ជ.ប នោះទេ។ លោកអះអាងថា សកម្មភាពទាមទារឱ្យដោះលែង លោក រ៉ុង ឈុន កន្លងមក គឺលោកប្រើសិទ្ធិក្នុងនាមជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះ ដោយមិនពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះទេ៖ «ដោយក្នុងនាមជាប្រជាពលរដ្ឋយើងមានសិទ្ធិបញ្ចេញមតិមានសិទ្ធិស្នើទៅការសម្រេចរបស់រាជរដ្ឋាភិបាល ក៏ដូចជាតុលាការនៅរឿងអ្វីដែលកើតឡើងជាសេសរឿងអយុត្តិធម៌កន្លងមក»។
ការលើកឡើងនេះ ក្រោយពេលអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប គឺលោក ទេព នីថា បានចេញលិខិតមួយច្បាប់ព្រមានលោក រ៉ុង វិជ្ជា ថា ការបង្ហោះរូបភាព និងសារនយោបាយ លើបណ្ដាញសង្គមហ្វេសប៊ុក (Fecebook) របស់មន្ត្រី គ.ជ.ប រូបនេះ ធ្វើឱ្យប៉ះពាល់ដល់គោលការណ៍អព្យាក្រិត្យភាពរបស់មន្ត្រីបោះឆ្នោត។ លិខិតចុះកាលពីថ្ងៃទី០២ ខែតុលា របស់លោក ទេព នីថា ព្រមានថា បើលោក រ៉ុង វិជ្ជា នៅតែបន្តប្រព្រឹត្តកំហុសឆ្គងទៀត គ.ជ.ប នឹងចាត់វិធានការដាក់ទណ្ឌកម្មខាងវិន័យស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។
លោក រ៉ុង វិជ្ជា គឺជាមន្ត្រីនៃនាយកដ្ឋានព័ត៌មាន និងកិច្ចការសាធារណៈរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទីដែលឪពុកមារបស់លោក គឺលោក រ៉ុង ឈុន ធ្លាប់ធ្វើជាសមាជិកជាន់ខ្ពស់ មុនពេលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។ លោក រ៉ុង វិជ្ជា បានធ្វើសកម្មភាពការទាមទារឱ្យអាជ្ញាធរដោះលែងពូរបស់លោក ទាំងនៅមុខតុលាការ និងលើបណ្ដាញសង្គមហ្វេសប៊ុក ចាប់តាំងពីពេលដែលអាជ្ញាធរចាប់ខ្លួនលោក រ៉ុង ឈុន ពីបទញុះញង់ កាលពីចុងខែកក្កដា រហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។