អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើឲ្យថ្នាក់ដឹកនាំគណបក្ស រៀបចំសិក្ខាសាលាមួយដោះស្រាយការចោទប្រកាន់គ្នាទៅវិញទៅមក។
លោក ញឹក ប៊ុនឆៃ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា ដើម្បីដោះស្រាយការចោទប្រកាន់គ្នាទៅវិញទៅមក គួរគណបក្សរៀបចំសិក្ខាសាលាមួយដែលមានរបៀបវារៈបីសំខាន់ គឺអង្គហេតុដែលនាំឲ្យមានសមាជវិសាមញ្ញថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ការដោះដូរ និងលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច និងមូលហេតុដែលនាំឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសូន្យកៅអីនៅឆ្នាំ២០១៣ ហើយលទ្ធផលសិក្ខាសាលា នឹងបង្ហាញការពិតពីបញ្ហាទាំងនេះ ហើយទុកជាឯកសារប្រវត្តិសាស្ត្ររបស់គណបក្ស។
ការស្នើនេះ លោក ញឹក ប៊ុនឆៃ ហាក់ចង់វាយបក បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចោទប្រកាន់មន្ត្រីរបស់ខ្លួនថា ជាអ្នកស៊ីបាយបោកឆ្នាំង នៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មករា។
លោក ញឹក ប៊ុនឆៃ បានបំភ្លឺទៅនឹងបន្ទូលរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនេះថា លោកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ដែលបង្កើតក្រុមប្រឹក្សាវិន័យសម្រាប់ដាក់វិន័យលើសមាជិកគណបក្ស ប៉ុន្តែសុំកុំយកសមាសភាពតែបក្ខពួកខ្លួន ហើយមកដាក់វិន័យដេញអ្នកហ៊្វុនស៊ិនប៉ិច ចាស់ចេញឲ្យសោះ។ លោកបន្តថា ក្រុមប្រឹក្សាវិន័យគណបក្ស ត្រូវទទួលយកពាក្យសុំរបស់សមាជិកគណបក្សគ្រប់រូប ដើម្បីយកមកវិនិច្ឆ័យឲ្យស្មើភាពគ្នានូវរាល់កំហុសរបស់បុគ្គលក្នុងបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។