ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការធ្វើដំណើរក្នុងប្រទេសកម្ពុជានោះ លើកឡើងថា លោកនៅតែបំណងចង់ជួប ចង់ស្ដាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយពលរដ្ឋបន្តទៀត ឱ្យតែលោកមានឱកាស។ អ្នកវិភាគសង្កេតឃើញថា លោក កឹម សុខា ហាក់មានស្ថាន ភាពធូរស្បើយជាមួយលោក ហ៊ុន សែន ក្រោយប្រធានបក្សប្រឆាំងរូបនេះទៅចូលរួមពិធីបុណ្យសពម្ដាយក្មេកលោក ហ៊ុន សែន។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្ញើសារដ៏កម្ររបស់ខ្លួនអមជាមួយរូបថត ១២សន្លឹកជាមួយប្រជាពលរដ្ឋនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី២០ ខែកក្កដា បង្ហាញការគោរព ការស្រឡាញ់រាប់អាន និងអរគុណចំពោះព្រះសង្ឃនិងពលរដ្ឋមកពីរាជធានីខេត្តមួយចំនួន ដែលបាននិមន្ត និងស្កាត់មកសួរសុខទុក្ខលោកដល់ផ្ទះនាពេលកន្លងមក។ ប្រធានគណបក្សប្រឆាំងរូបនេះ បន្តថា ប្រជាពលរដ្ឋ បានសម្ដែងមនោសញ្ចេតនានឹករលឹកដល់លោកក្រៃលែង នៅពេលដែលលោកធ្វើដំណើរទៅតាមខេត្តមួយចំនួននាពេលថ្មីៗ នេះ បើទោះជាលោកបានជូនដំណឹង ឬមិនបានជូនដំណឹងឱ្យដឹងជាមុនក្ដី។ មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកែប និងខេត្តកំពត លោក យន់ ផល្លី យល់ថា សកម្មភាពលោក កឹម សុខា ជួបពលរដ្ឋ មិត្តភ័ក្ដិ ឬអតីតក្រុមការងាររបស់លោកនៅខេត្តកំពត និងបណ្ដាខេត្តផ្សេងទៀតជាសិទ្ធិរបស់លោក កឹម សុខា ដែលតុលាការបានផ្ដល់ឱ្យ។ លោកបន្តថា បើទោះជាលោក កឹម សុខា ជាអ្នកនយោបាយជាន់ខ្ពស់ ប៉ុន្តែលោកក៏ជាពលរដ្ឋដូចអ្នកដទៃដែរ ដូច្នេះលោកតែងតែមានការនឹករលឹកពលរដ្ឋ ឬមិត្តភ័ក្ដិរបស់ខ្លួន៖ «ការដែលគាត់ ( លោក កឹម សុខា ) សួរសុខទុក្ខជាមិត្តជាភ័ក្ត្រ ឬក៏អតីតកាលជាក្រុមការងាររបស់គាត់ គឺជាសិទ្ធិរបស់គាត់ក្នុងការដើរហើរនៅតាមបណ្ដាខេត្តស្រុកនានា បាទនេះជាការប្រើប្រាស់សិទ្ធិសេរីភាពរបស់គាត់គ្មានអ្នកណាមួយអាចហាមឃាត់បានទេ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលទទួលបានសិទ្ធិដើរហើរក្នុងប្រទេស ប៉ុន្តែហាមឃាត់ធ្វើសកម្មភាពនយោបាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែទើបនៅរយៈពេលចុងក្រោយនេះលោកបានធ្វើដំណើរទៅមើលចម្ការមួយកន្លែងនៅខេត្តត្បូងឃ្មុំ ទៅសួរសុខទុក្ខអតីតសហការីរបស់លោកនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដែលកំពុងមានជំងឺ ហើយលោកក៏បានទៅអុជធូបបួងសួងនៅរមណីយដ្ឋានឧកញ៉ាឃ្លាំងមឿងក្នុងខេត្តពោធិសាត់ ទៅខេត្តកំពង់ចាម រួចក៏បន្តដំណើរឆៀងចូលមើលប្រាសាទបុរាណក្នុងខេត្តសៀមរាបនិងដើរមើលចម្ការស្វាយនៅខេត្តកំពតនិងជជែកសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តបាត់ដំបងជាដើម។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី យល់ថា ទោះលោក កឹម សុខា មិនបានធ្វើសកម្មភាពនយោបាយពេលចេញមកខាងក្រៅក្តី ប៉ុន្តែវត្តមានរបស់លោកអាចធ្វើឱ្យពលរដ្ឋ ឬអ្នកគាំទ្រលោកបានឃើញមុខបានដឹងពីសុខទុក្ខដែលផ្ដល់ផលល្អដល់លោក កឹម សុខា។ លោកយល់ថា នេះជាការសម្រេចចិត្តត្រឹមត្រូវបើទោះជាហាក់យឹតបន្តិចក្ដី។ អ្នកវិភាគរូបនេះយល់ថា ការដែរលោក កឹម សុខា ទើបសម្រេចចេញក្រៅនៅរយៈពេលចុងក្រោយនេះ អាចមកលោក កឹម សុខា ស្ទាបស្ទង់ស្ថានភាពជាមុនសិន មុននឹងសម្រេចចិត្តចេញក្រៅផ្ទះ៖ «ស្ថានភាពហ្នឹងអាចមានការស្ទាបស្ទង់ច្រើនជាងហ្នឹងបើទោះជាទូតមកផ្ទះគាត់ក៏ដោយក៏កាត់ធ្វើសកម្មភាពចុះតាមខេត្តក៏មិនខុសដែរ មិនមែនទូតមករាល់ថ្ងៃឯណា ប៉ុន្តែប្រហែលគាត់អាចស្ទាបស្ទង់បន្ទុករបស់តុលាការ ដែលដាក់មកណា ហើយណាមួយអាចពេលហ្នឹងសិក្សាលើលក្ខខណ្ឌរបស់តុលាការផង »។
រីឯមេធាវីការពារក្ដីលោក កឹម សុខា ម្នាក់ អ្នកស្រី ម៉េង សុភារី ឱ្យដឹងថា ធ្វើការដំណើររបស់លោក កឹម សុខា នៅរយៈពេលចុងក្រោយនេះមានការចាប់អារម្មណ៍ពីពលរដ្ឋ និងអ្នកសារព័ត៌មាននានា។ ប៉ុន្តែអ្នកស្រីថា នេះមិនមែនជាការចម្លែកទេ ត្បិតនេះជាសិទ្ធិរបស់លោក កឹម សុខា។ អ្នកស្រីបន្តថា ការចេញក្រៅផ្ទះ លោក កឹម សុខា ពេលនេះ គឺលោកចង់ឃើញការរស់នៅរបស់ពលរដ្ឋ និងចង់ស្រូបយកខ្យល់អាកាសខាងក្រៅ៖ «
មិនទែនទៅគាត់ ( លោក កឹម សុខា ) គាត់មិនមែនទើបចាកចេញនៅពេលថ្មីៗ នេះបើយើងគិតសេចក្ដីសម្រេចតុលាការដែលធ្វើការកែប្រែកាតព្វកិច្ចតាមផ្លូវតុលាការឯកឧត្តម កឹម សុខា ក៏ធ្លាប់ម្ដងម្កាលយូរៗ ចា គាត់ធ្លាប់ចេញខាងក្រៅផ្ទះដែរ ដើម្បីមើលទេសភាពខាងក្រៅធម្មតា ជាទេមនុស្សយើងនៅក្នុងផ្ទះយូរតប់ប្រមល់ »។
ទោះយ៉ាងណា អ្នកឃ្លាំមើលសង្កេតឃើញថា លោក កឹម សុខា បានធ្វើដំណើរចេញក្រៅផ្ទះ ឬចុះតាមបណ្ដាខេត្តនានា នៅរយៈពេលចុងក្រោយនេះ គឺបន្ទាប់ពីឃើញលោកបានទៅចូលរួមពិធីសពម្ដាយក្មេកលោក ហ៊ុន សែន ហើយពេលនោះក៏ឃើញលោក កឹម សុខា និងលោក ហ៊ុន សែន ជជែកគ្នាមួយសន្ទុះធំដែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានភាគីណាមួយទម្លាយឱ្យដឹងពីការសម្ងាត់នៃការសន្ទនានោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។