លោក សម រង្ស៊ី នឹង​វិលចូល​ស្រុក​លើកទី២​ នៅពេល​ឆាប់ៗ​ខាងមុខនេះ

0:00 / 0:00

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេសខ្លួន​នៅ​ប្រទេស​បារាំង​បញ្ជាក់​ជាថ្មីថា​ផែនការ​មាតុភូមិនិវត្ត​របស់​លោកជា​លើកទី២​នឹងកើតមាន​ជាថ្មី​ម្ដងទៀត​នៅពេលខាងមុខ ដើម្បី​ជួយសង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​រួចពីការគ្រប់គ្រង​បែបផ្ដាច់ការ​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ។ ប៉ុន្តែ អ្នកនាំពាក្យ​បក្សកាន់​អំណាចថា​មិនជឿថា លោក លោក សម រង្ស៊ី ក្លាហាន​ហ៊ានជាន់ដី​ខ្មែរឡើយ​ដោយនេះ​គ្រាន់តែ​លេស​រកលុយ​របស់លោក សម រង្ស៊ី។

លោក សម រង្ស៊ី អះអាងថា​ផែនការ​មាតុភូមិនិវត្ត​លើកទី២នេះ​គឺ​លោកមិន​ប្រាប់​ពី​មធ្យោបាយ ឱ្យដឹង​មុនទេ​ដូចលើកទី១ឡើយ​ដោយលោក​នឹង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​តែម្ដង។ លោក​ក៏ស្នើ​អ្នកគាំទ្រ​លោក ត្រៀមខ្លួន​រួមកម្លាំង​កម្ចាត់​របបលោក ហ៊ុន សែន ពេល​លោក​ទៅដល់​កម្ពុជា ដោយ​លោក​ចោទ​ប្រកាន់ថា លោក ហ៊ុន សែន កំពុង​សម្លាប់​ជាតិខ្មែរ៖ «យើង​មិនអាច​នៅស្ងៀម​យើង​មិនអាច​បណ្ដោយ​ឱ្យ ហ៊ុន សែន បំផ្លាញជាតិ​សម្លាប់​ជាតិ​យើង​ទេ ក្នុងឋានៈ​ជាកូនខ្មែរ​យើង កាតព្វកិច្ច ភារកិច្ច​របស់ទៅ​សង្គ្រោះជាតិ​ទៅ​រំដោះ​ប្រទេសជាតិ​ខ្ញុំនឹង​ទៅដល់​ប្រទេស​កម្ពុជា​ខ្ញុំអត់ប្រាប់​មុនទេ។»

លោក សម រង្ស៊ី ថ្លែងបែបនេះ​ក្នុងពេល​ផ្សាយផ្ទាល់​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក (facebook) នៅយប់​ទី១៩ ខែកញ្ញា។ លោក​អះអាង​ថា​លោក​នឹង​រកមធ្យោបាយ​ចូលស្រុក​ឱ្យ​បាន។

ទាក់ទង​ការអះអាង​ជាថ្មី​របស់លោក សម រង្ស៊ី នេះ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ឃិន ជំរឿន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ​ឱ្យ​អាស៊ីសេរី​ដឹងថា លោក​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការវិលចូល​ស្រុក​ជាមួយ​លោក សម រង្ស៊ី។ លោក​អះអាង​ថា លោក​មិនខ្លាច​ការចាប់ខ្លួន ឬបាញ់​សម្លាប់​ពីរដ្ឋាភិបាល លោក ហ៊ុន សែន ឡើយ៖ «ជីវិត​របស់​ពួកយើង​មាន​តម្លៃ​គ្រប់គ្នា ប៉ុន្តែ​ក៏មាន​តម្លៃ​ស្មើជីវិត​យើងដែរ បើ ហ៊ុន សែន លើកដៃ​សម្លាប់ ដូចសម្លាប់​ខ្លួនឯង និង​បក្សពួក​ខ្លួនឯង​ដែរ​អន្តរជាតិ​គេចាំ​តែមើលទេ​បាទ។»

ទោះយ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយថា​បើ លោក សម រង្ស៊ី អាច​វិលចូល​ស្រុក​បាន​មែននោះ​នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅពន្ធនាគារ​ព្រៃស​ភ្លាម។ តែទោះ​យ៉ាងណា លោក សុខ ឥសាន យល់ថា​ការប្រកាស​ជាថ្មី​របស់ លោក សម រង្ស៊ី នេះ​គ្រាន់​ជាមធ្យោបាយ​កៀរគរ​រកលុយ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​នៅក្រៅ​ស្រុក​ប៉ុណ្ណោះ៖ «គ្មានផ្លូវមកទេ​គាត់អត់​មកទេ​គាត់​បាន​តែ​ថា ដូចខ្ញុំចឹង​បើចៃដន្យ​ចូលបាន​អាណឹង​ខ្នោះគ្រឹប។»

រីឯ​អ្នកជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុណ្ណរ៉ា មាន​ប្រសាសន៍​ថា ការប្រកាស​របស់ លោក សម រង្ស៊ី ពេលនេះ​មិនទាន់​មាន​ការតាំងចិត្ត​មែនទែន​នៅ​ឡើយ​ទេ ប៉ុន្តែ គ្រាន់តែ​ជា​ផែនការ​ប្រមូល​សំឡេង​គាំទ្រ​របស់​ខ្លួន។ លោក​បន្ត​ថា​បើ លោក សម រង្ស៊ី អាចចូល​ស្រុកបាន​ដូចការ​អះអាង​នោះ លុះត្រា​មាន​ការចរចា​ណាមួយ​រវាង​លោក សម រង្ស៊ី និង រដ្ឋាភិបាល​ថៃ​ជាមុនសិន​ដោយ លោក​យល់​ថា​ច្រក​ប្រទេស​ថៃ​ជា​កន្លែង​សំខាន់​សម្រាប់ លោក សម រង្ស៊ី អាច​វិលចូល​ប្រទេស​កម្ពុជា​ដោយ​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ទីនេះ​ច្រើន៖​«បើតាមខ្ញុំ​គិត​គ្រាន់តែ​ជា​ការស្ទាបស្ទង់ទេ​ពីព្រោះ​យើង​មើល​យន្តការ​ការចរចា​របស់​គណបក្ស​ប្រឆាំង​ជាមួយ​រដ្ឋាភិបាលថៃ​អត់មានអី​ប្រែប្រួលទេ ហើយ​ណាមួយ​រដ្ឋាភិបាល​ក៏​អត់មាន​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ថ្មី។»

លោក ឯម សុណ្ណារ៉ា យល់ថា​មធ្យោបាយ​មួយទៀត ដែល​លោក សម រង្ស៊ី អាច​ចូល​ប្រទេស​កម្ពុជា​ដោយ​មិនប្រើ​ច្រក​ប្រទេស​ថៃ​នោះ លុះត្រា​មាន​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យយល់ព្រម​អនុញ្ញាត​ឱ្យ លោក សម រង្ស៊ី វិលចូល​ស្រុកបាន។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ស្ថានការណ៍​សព្វថ្ងៃ​នេះ​ប្រទេស​លោក​ខាងលិច​មិនទាន់​ដាក់សម្ពាធ​ធ្ងន់​លើ​រដ្ឋាភិបាល​ដល់​កម្រិត ដែល​អាច​ធ្វើ​ឱ្យលោក ហ៊ុន សែន យល់ ព្រមឱ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​បាន​វិញ​នៅ​ឡើយ​ទេ។

កាលពី​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី បាន​ខកខាន​ក្នុងវិល​ចូល​ស្រុក​តាម​ការសន្យា​ក្រោយ​ពេល​រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើ​គ្រប់​មធ្យោបាយ និង​ហាម​ប្រទេស​ជិតខាង​កម្ពុជា​មិន​ឱ្យ លោក សម រង្ស៊ី ឆ្លងកាត់។

លោក សម រង្ស៊ី ថា​ព្រឹត្តិការណ៍​ថ្ងៃ០៩ វិច្ឆិកា នឹង​កើតឡើង​លើកទី២ ទោះយ៉ាងណា​លោកមិនទាន់​បញ្ជាក់​ថា លោក​នឹង​ជ្រើសរើស​ថ្ងៃណា ខែណា​ក្នុង​វិល​ចូលស្រុក ឬ​ចូល​តាម​មធ្យោបាយ​ណា​នៅ​ឡើយ​ទេ ដោយ​លោកគ្រាន់​តែ​បញ្ជាក់​ថា លោក​នឹងបង្ហាញ​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ក្នុង ពេល​ឆាប់ៗ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។