មតិ​ពលរដ្ឋ​មួយ​ចំនួន​ចំពោះ​គម្រោង​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ

ដោយ ថា កិត្យា
2017.02.07
សភា ថ្ងៃ​៣០ ឧសភា ២០១៦ ៨៥៥ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​​អនុម័ត​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​ករណី​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Rann Samnang

ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ដែល​មាន​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដោយ​បន្ថែម​ចំណុច​អ្នក​ដែល​ជាប់​ទោស​មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស ឬ​អាច​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ចោល​តែម្ដង។ ពលរដ្ឋ​យល់​ថា ទង្វើ​រដ្ឋាភិបាល​នេះ មិន​គិត​អំពី​សុខទុក្ខ​របស់​ប្រជារាស្ត្រ បែរ​ជា​រវល់​គិត​អំពី​ការ​ផ្ដួល​គូ​ប្រជែង​នយោបាយ​មុន​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់។

ប្រជាពលរដ្ឋ​យល់​ថា ប្រសិនបើ​គណបក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត កំណត់​ពី​អ្នក​ដែល​ជាប់​ទោស​មិន​អាច​ធ្វើ​ជា​ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស ឬ​អាច​ឈាន​ដល់​រំលាយ​គណបក្ស​នោះ​ចោល​ទៀត គឺ​ជា​រឿង​ខុស​ច្បាប់ និង​ដើរ​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ។

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ បញ្ចេញ​មតិ​ថា លោក​មិន​គាំទ្រ​ចំពោះ​គម្រោង​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​របស់​រដ្ឋាភិបាល​នោះ​ឡើយ៖ «បើ​សិន​សម្ដេច ហ៊ុន សែន គាត់​ធ្វើ​អ៊ីចឹង ខ្ញុំ​គិត​ថា មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រទេស​ណា​ក៏​មាន​បក្ស​ចូលរួម​បោះឆ្នោត​ដែរ។ ខ្ញុំ​គិត​ថា ពួកគាត់​មាន​ទោស​រឿង​នយោបាយ មិន​មាន​ទោសឧក្រិដ្ឋ ទោស​សម្លាប់​មនុស្ស ឬ​ទោស​ក្បត់​ជាតិ​ឡើយ។សំណូមពរ​សូម​សម្ដេច​កុំ​គិត​រឿង​នយោបាយ​ពេក គិតគូរ​រឿង​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ផង។ ទាល់​តែ​មាន​បក្ស​ប្រឆាំង​ទើប​ប្រទេស​ជាតិ​រីក​ចម្រើន»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត នៅ​ភូមិ​ទ្រា២ សង្កាត់​ស្ទឹងមានជ័យ សម្ដែង​ការ​សោកស្ដាយ​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ទាន់​រក​ចំណុច​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ និង​ប្រជាជន៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​នយោបាយ​រួបរួម​គ្នា​ដើម្បី​កសាង​ប្រទេស​ជាតិ​ដូច​ក្មេង​សា​ក្រោយ ឲ្យ​ជឿនលឿន​ឡើង និង​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​លុបបំបាត់​គ្រឿងញៀន និង​ហ្គេម ព្រោះ​ក្មេង​អត់​ចូល​រៀន​ទេ»

រី​ឯ​អ្នក​រត់​ម៉ូត​ឌុប ក៏​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បើក​ផ្លូវ​ឲ្យ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចូល​ស្រុក​វិញ ដើម្បី​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា។ លោក​ថា រដ្ឋាភិបាល​ល្មម​ឈប់​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ដើម្បី​ប្រជាប្រិយភាព​ខ្លួន​ឯង៖ «ប្រជាជន​មិន​គាំទ្រ​ចំពោះ​សម្ដី​គាត់​និយាយ​នោះ​ទេ ព្រោះ​គាត់​ចង់​រឹត​អំណាច​តែ​ខ្លួន​គាត់។ ទោះ​បី​គាត់​ចង់​រំលាយ​ចោល តែ​ពលរដ្ឋ​មិន​យល់​ព្រម​ទេ»

អ្នក​ខ្លះ​ទៀត​ថា ការ​ប្រើ​វិធីសាស្ត្រ​បិទ​ផ្លូវ​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​នេះ នឹង​ធ្វើ​ឲ្យ​ពួកគាត់​លែង​គាំទ្រ​បក្ស​កាន់​អំណាច​ត​ទៅ​ទៀត៖ «ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​លែង​គាំទ្រ លែង​ជឿជាក់​លើ​គាត់ ព្រោះ​គាត់​ធ្វើ​នេះ​ដូចជា​ហួសហេតុ​ពេក។ ស្ត្រី​ម្នាក់​ទៀត​ថា ត្រូវ​ឲ្យ​គាត់​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ទៀត ព្រោះ​គាត់​មាន​ឈ្មោះ​មុន​មក​ហើយ ហើយ​ធម្មតា​ទេ គឺ​កាល​ណា​មាន​ដៃ​ឆ្វេង ហើយ​ត្រូវ​តែ​មាន​ដៃ​ស្ដាំ​ទៀត។ តាម​ពិត​គាត់​មាន​កំហុស​អី​ទេ ទម្លាក់​កំហុស​លើ​តែ​គាត់ អាង​តែ​អំណាច​លើ​គាត់»

រីឯ​ពលរដ្ឋ​មួយ​ចំនួន​ថា ពួកគាត់​មិន​ហ៊ាន​និយាយ​នោះ​ទេ បារម្ភ​ខ្លាច​អំពី​សុវត្ថិភាព។

កំពុង​លក់​ម៉ាំ​ល្ហុង​នៅ​ផ្សារ​ដើមគ លោក គង់ ពោន បញ្ចេញ​មតិ​ដែរ​ថា ថ្វី​ត្បិត​តែ​គណបក្ស​កាន់​អំណាច​​អាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត​ក្តី តែ​លោក​នឹង​ប្រើ​សន្លឹក​ឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ផ្សេង​ទៀត​ដែល​ស្រលាញ់​ប្រជាជន និង​ប្រទេស​ជាតិ ពោល​គឺ​មិនមែន​បាន​អំណាច​ហើយ​គាប់​សង្កត់​គេ​នោះ​ទេ៖ «សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ណា​ក៏ដោយ កើត​ឡើង​ត្រូវ​គោរព​ច្បាប់ ធ្វើ​អ្វី​អោយ​ស្រប​តាម​ច្បាប់ គោរព​ប្រជាជន គោរព​ម្ចាស់​ឆ្នោត​ផង ហើយ​បើ​គាត់​ធ្វើ​តែ​របៀប​នេះ គឺ​ខ្ញុំ​មិន​គាំទ្រ​ទេ។ ចង់​រំលាយ ឬ​មិន​រំលាយ ស្រេច​តែ​គេ តែ​ខ្ញុំ​ប្រជាជន​ចាំតែ​មើល​ទេ ហើយ​ខ្ញុំ​សម្រេច​លើ​ខ្លួន​ខ្ញុំ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ល្អ​ចេះ​ស្រលាញ់​ជាតិ​ខ្មែរ»

​ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​បាន​បញ្ចេញ​មតិយោបល់​យ៉ាង​ច្រើន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដែល​ភាគច្រើន​គឺ​មិន​គាំទ្រ​គម្រោង​របស់​លោក ហ៊ុន សែន នោះ​ទេ។

អ្នក​លេង​ហ្វេសប៊ុក ឈ្មោះ Kuntheara Tep សរសេរ​ថា "ត្រូវ​គិត​ដល់​ប្រជាពលរដ្ឋ​ជា​ធំ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ខ្លួន​មក​ពី​គ្រប់​ពណ៌​សម្បុរ​នយោបាយ ដើម្បី​ចូល​រួម​ដឹកនាំ​ប្រទេស​រួម​គ្នា"

​ចំពោះ​អ្នក​លេង​ហ្វេសប៊ុក ឈ្មោះ សុក្ខី ទុំ បញ្ចេញ​យោបល់ (Comment) ថា "នេះ​គឺ​ជា​ល្បិចកល​ដ៏​កំសាក​ដើម្បី​បាន​ឈ្នះ​លើ​គូ​ប្រកួត​ដោយ​គ្មាន​ការ​ខ្មាសអៀន ទាំង​ខ្លួន​កំពុង​ដាំ​ក្បាល​ធ្លាក់​ចុះ​នូវ​ប្រជាប្រិយភាព"

រី​ឯ​អ្នក​លែង​ហ្វេសប៊ុក ឈ្មោះ គ្មាន មេត្តា ថា "ច្បាប់​នេះ ត្រូវ​តែ​បង្កើត កុំ​អោយ​អ្នក​ខ្លះ​ព្រូស​ក្រៅ​របង"

អ្នក​លេង​ហ្វេសប៊ុក ឈ្មោះ Runna Reno មិន​គាំទ្រ​ច្បាប់​នេះ​ទេ ព្រោះ​តុលាការ​បច្ចុប្បន្ន​មិន​ទាន់​មាន​ឯករាជភាព ដៃគូ​ប្រកួត​អាច​រង​គ្រោះ​ដោយ​អយុត្តិធម៌​បំផុត។ អ្នក​លេង​ហ្វេសប៊ុក រូប​នេះ សំណូមពរ​ថា សូម​បង្កើត​ច្បាប់​ដើម្បី​ជាតិ និង​ពលរដ្ឋ កុំ​បង្កើត​ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ។

គណនី​ហ្វេសប៊ុក ឈ្មោះ Sarim Cheam បញ្ចេញ​យោបល់​ដូច្នេះ​ថា "បក្ស​កាន់​អំណាច​ដឹង​ច្បាស់​ពី​លទ្ធភាព និង​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន ដូច្នេះ​គេ​ហ៊ាន​ប្រើ​គ្រប់​លទ្ធភាព និង​ល្បិចកល ដើម្បី​ព្យាយាម​ដណ្ដើម​ជោគជ័យ តាម​រយ​:​ការ​លួច​វាយ​គូប្រកួត ដែល​មាន​សមត្ថភាព​ប្រហែល​គ្នា​មុន​ពេល​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ"

ចំណែក​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ក៏​បាន​បញ្ចេញ​យោបល់​នៅ​ទំព័រ​ហ្វេសប៊ុក ផ្ទាល់​ខ្លួន​ដែរ​ថា "ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ​ជា​ភស្តុតាង​ដែល​អាច​បំភ្លឺ​ថា គេ​មិន​បាន​ត្រៀម​ខ្លួន​ទៅ​កាន់​ការ​បោះ​ឆ្នោត​ទេ ប៉ុន្តែ​គេ​កំពុង​រាវ​រក​ផ្លូវ​ជា​ឧបាយកល​ទៅ​កាន់​គោលដៅ​បន្ត​ប្លន់​អំណាច​តែមួយ​គត់ ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។ បើ​គេ​ត្រៀម​ខ្លួន​ទៅ​កាន់​ការ​ប្រកួតប្រជែង​តួនាទី​ដឹកនាំ​តាម​វិធី​បោះឆ្នោត ដោយ​សេរី យុត្តិធម៌ នោះ​គេ​ប្រាកដ​ជា​ធ្វើ​អ្វីៗ​ដើម្បី​យក​ចិត្ត​រាស្ត្រ​ហើយ ព្រោះ​គន្លឹះ​សំខាន់​នៃ​ការ​ឈ្នះ​ឆ្នោត​ប្រជាធិបតេយ្យ ទាល់​តែ​ឈ្នះ​ចិត្ត​រាស្ត្រ​សិន គឺ​ទាញ​បាន​នូវ​ការ​គាំទ្រ​ពី​រាស្ត្រ​ភាគ​ច្រើន។ ប៉ុន្តែ​ជាក់ស្ដែង​គេ​បែរ​ជា​ព្យាយាម​ធ្វើ​អ្វីៗ​ក្នុង​ទិស​បញ្ច្រាស​ចរន្ត​ទឹក​ចិត្ត និង​បំណង​ប្រាថ្នា​របស់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត"

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។