តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺប៉ូលិសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឿងចូលរួមតវ៉ាឱ្យទាមទារតុលាការដោះលែងលោក រ៉ុង ឈុន កាលពីថ្ងៃទី១៣សីហា។ មន្ត្រីគណបក្សប្រឆាំង ចាត់ទុកចំណាត់ការរបស់តុលាការនេះ ថា ជាការធ្វើផ្គាប់ចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីបានបន្តអំណាចទៅមុខ។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ឃិន រឿន ថ្លែងនៅរសៀលថ្ងៃទី២១ សីហាថា វិធានការរបស់តុលាការចំពោះសកម្មជនបក្សប្រឆាំងនេះ ពុំមែនជាការអនុវត្តវត្តច្បាប់នោះឡើយ។លោកបន្តថា សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម គឺជាមនុស្សស្លូតត្រង់ ដែលតែងតែខ្វល់ខ្វាយអំពីរឿងជាតិ ដោយពុំមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ លោកបន្ថែមថា លោក ប៉ែន ច័ន្ទសង្គ្រាម បានគេចខ្លួនរកកន្លែងសុវត្ថិភាពហើយ បន្ទាប់ពីលោកបានទទួលដំណឹងតុលាការបញ្ជាឱ្យប៉ូលិសនាំខ្លួនលោកចូលបំភ្លឺដោយអយុត្តិធម៌។ មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការរត់គេចខ្លួននេះពុំមែនលោកភ័យខ្លាចនោះទេ ប៉ុន្តែដោយសារលោកចង់រក្សាធនធានមនុស្សដើម្បីចូលរួមតស៊ូមតិទាមទារយុត្តិធម៌សង្គមនៅថ្ងៃក្រោយទៀត៖ «តុលាការស្រុកខ្មែរជាតុលាការតេឡេ ធ្វើតាមការបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់ បញ្ជាឱ្យចាប់គឺចាប់ព្រោះថ្មីនេះលោកហ៊ុន សែន បានបញ្ជាឱ្យចាប់ប្រធានគណបក្សមួយ គឺលោក សួង សុភ័ណ គឺលោកហ៊ុន សែន និយាយផ្ទាល់មាត់។អីចឹងស្រុកខ្មែរវាគ្មានភាពឯករាជ្យ ដែលយើងតែងថាជាប្រទេសប្រធានអធិបតេយ្យសេរីភាពពហុបក្សហ្នឹងគឺនៅតែលើក្រដាសសៀវភៅ ប៉ុន្តែអនុវត្តន៍ផ្ទាល់គឺផ្ដាច់ការកុម្មុយនិស្តតែម្ដង»។
កាលពីថ្ងៃទី១៣សីហាមន្ត្រីគណបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម ចូលរួមតវ៉ាជាមួយក្រុមយុវជនខ្មែរថាវរៈនៅមុខសាលាដំបូងរាជធានីភ្នំពេញទាមទារឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន។ ក្នុងពេលតវ៉ានោះ លោកបាននិយាយចំពោះមុខអាជ្ញាធរ ដោយអំពាវនាវឱ្យរួមគ្នាស្រលាញ់ជាតិ និងកុំឱ្យបើហិង្សាបង្ក្រាបក្រុមបាតុករ៖ «អ្នកបញ្ជាអ្នកលោកហ្នឹងគឺអ្នកដែលមានវីឡាស្ដុកស្ដម្ភ អ្នកដែលមានឡានជិះតម្លៃរាប់ម៉ឺនដុល្លារ គឺជាអ្នកបញ្ជាមកបំបិទមាត់នូវយុត្តិធម៌ទាំងហ្នឹង។ ពួកខ្ញុំមកទីនេះខ្ញុំចង់ប្រាប់អស់លោកឱ្យខ្លីថា បើអត់មានបញ្ហាខ្ញុំមិនចង់យកក្បាលខ្ញុំមករងនឹងដំបូងនិងស្បែកជើងរបស់លោកទេ»។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បញ្ជាឱ្យប៉ូលិសនាំខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម រស់នៅខណ្ឌឫស្សីកែវចូលទៅបង្ហាញខ្លួននៅការិយាល័យភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៧ ខែកញ្ញា ខាងមុខ ដើម្បីសាកសួរពីដំណើររឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
គិតមកដល់ពេលនេះ អ្នកតស៊ូមតិដោយអហិង្សាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មានចំនួន ៦ នាក់ហើយ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងនោះមាន សកម្មជនគណបក្សសង្គ្រោះជាតិ៣នាក់ យុវជនខ្មែរថាវរៈ២នាក់ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ម្នាក់។ រីឯយុវជន៦នាក់ទៀត ត្រូវបានអាជ្ញាធរបង្ខំឲ្យធ្វើកិច្ចសន្យាឈប់ចូលរួមតវ៉ា។ ជាមួយគ្នានោះ ព្រះសង្ឃចំនួន ៨អង្គ មកពីខេត្តបាត់ដំបង ដើម្បីចូលរួមការតវ៉ាក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ខំឱ្យនិមន្តត្រឡប់ទៅវិញ។ ក្នុងគ្រានោះ ព្រះសង្ឃ៦អង្គ ដែលធ្លាប់បានចូលរួមការតវ៉ានេះ ក៏ត្រូវបានរាយការណ៍ថា ភៀសព្រះកាយដោយភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាព ខណៈប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលជាដឹកនាំតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ក៏ត្រូវបានជនមិនស្គាល់មុខទាញម៉ូតូផ្ដួលបណ្ដាលឲ្យរបួសធ្ងន់។
ប្រធានផ្នែកសិទ្ធិមនុស្សមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ចំណាត់ការរបស់តុលាការនេះ ជាការគំរាមកំហែងរឹតត្បិតសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ ពីព្រោះការចូលរួមតវ៉ា គឺជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «ការអនុវត្តច្បាប់នៅក្នុងប្រទេសប្រជាធិបតេយ្យគឺគេគោរពទៅលើសិទ្ធិបញ្ចេញមតិ ទៅលើសេរីភាពក្នុងការចូលរួមរបស់ប្រជាពលរដ្ឋ។ប៉ុន្តែយើងអនុវត្តច្បាប់យ៉ាងម៉េចបើសិនជាយើងទៅរឹតត្បិតសេរីភាពទាំងអស់ហ្នឹងម៉េចគេហៅថាការអនុវត្តច្បាប់ទៅកើត ដូច្នេះនេះមិនមែនជាការអនុវត្តច្បាប់ទេ។ ដូច្នេះហើយបានយើងទទូចស្នើឱ្យរដ្ឋាភិបាលឈប់បន្តសកម្មភាពហ្នឹងបន្តទៅទៀត។ នេះជាសកម្មភាពមួយដែលយើងចាត់ទុកសកម្មភាពក្នុងការគំរាមកំហែង បំភិតបំភ័យ ចំពោះអ្នកហ៊ានចូលរួមចំណែកការកសាងសង្គមទៅវិញទេ»។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ធ្លាប់ភៀសខ្លួនទៅប្រទេសថៃជិតមួយឆ្នាំម្ដងរួចមកហើយ អំឡុងឆ្នាំ២០១៩ ដោយសារអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញរូបលោក។ ប៉ុន្តែលោកបានវិលត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យសកម្មជនបក្សប្រឆាំងទាំងអស់ត្រឡប់ទៅផ្ទះវិញ ដោយពុំមានការចាប់ចង កាលពីចុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
