ទណ្ឌកម្មរបស់អាមេរិកទៅលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ UDG ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងគម្រោងវិនិយោគនៅកម្ពុជា ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានអន្តរជាតិ។ តើសារព័ត៌មានអន្តរជាតិទាំងនោះ បានរាយការណ៍ និងចុះផ្សាយយ៉ាងដូចម្ដេចខ្លះជុំវិញរឿងនេះ?
សារព័ត៌មានរបស់អាមេរិកឈ្មោះ ឌឹ វ៉លស្រ៊ីត ជឺរណល (The Wall Street Journal) ដែលជាអ្នកទម្លាយព័ត៌មានឲ្យពិភពលោកដឹងមុនគេរឿងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លួចចុះកិច្ចសន្យាយោធាសម្ងាត់អនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមរយៈពេល៣០ឆ្នាំនោះ ផ្សាយពាក់ព័ន្ធនឹងរឿងអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន UDG ដែលជាអ្នកអនុវត្តផែនការសម្ងាត់នេះថា ជាដំណាក់កាលថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដាក់សម្ពាធទៅលើក្រុមហ៊ុនចិន ដែលជួយពង្រីកមហិច្ឆតាយោធាឲ្យប្រទេសចិននៅលើពិភពលោក។ សារព័ត៌មាននេះ បានដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ ឬក្រសួងការពារជាតិអាមេរិក ដាក់ជូនទៅរដ្ឋសភាអាមេរិក កាលពីដើមខែកញ្ញា ថា ផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចិនដើម្បីប្រជែងអំណាចជាមួយសហរដ្ឋអាមេរិកឲ្យបានសម្រេចត្រឹមពាក់កណ្ដាលសតវត្សទី២១នេះ គឺផែនការនៃការបង្កើតមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសសម្រាប់ជួយដល់កងទ័ពជើងគោក និងជើងអាកាសរបស់ខ្លួន។ របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកថា ក្រៅតែពីមានមូលដ្ឋានទ័ពនៅប្រទេសជីបូទី(Djibouti) នៅទ្វីបអាព្រិក និងផែនការដាក់មូលដ្ឋានទ័ពរបស់ចិននៅកម្ពុជានោះ ចិនក៏ទំនងជាពិចារណាដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសចំនួន១២ ផ្សេងទៀត នៅទ្វីបអាស៊ី អាព្រិក និងនៅតំបន់មជ្ឈិមបូព៌ា ស្របពេលដែលប្រទេសចិនមានរួចជាស្រេចនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាច្រើននោះ។
សារព័ត៌មានដដែលនេះ បានស្រង់ប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបដែលថា ឥឡូវមហិច្ឆតាយោធារបស់ចិននេះ លែងជាមហិច្ឆតាប្រចាំតំបន់ទៀតហើយ ក៏ប៉ុន្តែ ក្លាយជាមហិច្ឆតាប្រចាំសាកលលោកតែម្តង។ សារព័ត៌មានដដែលនេះរាយការណ៍ថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន UDG នេះឯង គឺជាអ្នកអនុវត្តគម្រោងដ៏សកម្មឲ្យប្រទេសចិន ក្នុងការបង្កើតមូលដ្ឋានកងទ័ពរបស់ចិននៅលើទឹកដីកម្ពុជានេះ។ សារព័ត៌មាននេះ ឲ្យដឹងដែរថា កាលពីខែសីហា ក្រសួងពាណិជ្ជកម្មអាមេរិកបានចាត់វិធានការប្រឆាំងក្រុមហ៊ុនចិនសរុបជាង២០ក្រុមហ៊ុន ដែលភាគច្រើនសុទ្ធតែជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនតូចៗបង្កើតឡើងដោយក្រុមហ៊ុនមេគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ China Communications Construction Co. (ឬ CCCC) ដែលក្រុមហ៊ុន CCCC នេះ ក៏កំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។
ដោយឡែក សារព័ត៌មាន សោដ៏ ឆាយណា មរនីង ផុស (South China Morning Post) របស់មហាសេដ្ឋីចិនលោក ចេក ម៉ា (Jack Ma) ដែលជាម្ចាស់ក្រុមហ៊ុនអាលីបាបា (Alibaba) បានស្រង់ប្រសាសន៍អ្នកវិភាគប្រចាំក្រុមហ៊ុន RWR Advisory Group អ្នកស្រី ខតនីយ៍ ហាល់ស៍ (Courtney Hulse) ដែលតាមដានការវិនិយោគរបស់ចិននៅជុំវិញពិភពលោកថា តាមការប៉ាន់ស្មាន ប្រទេសចិន បានវិនិយោគទឹកប្រាក់សរុបចំនួនជាង ៣៤ (៣៤,១) ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មក។ សារព័តមានដដែលនេះ ក៏បានដកស្រង់ខ្លឹមសារនៃរបាយការណ៍មួយទើបនឹងចេញផ្សាយកាលពីសប្ដាហ៍មុនដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយមួយឈ្មោះAsia Society Policy Institute ដែលបានសរសេរថា វត្តមានរបស់យោធាចិននៅតំបន់តារាសាគរនៃប្រទេសកម្ពុជា អាចរួមគ្នាជាមួយទីតាំងយោធារបស់ចិនដ៏ទៃទៀតក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើតឲ្យបានជាបរិវេណយោធាដ៏សំខាន់ជុំវិញតំបន់សមុទ្រចិនខាងត្បូង។ របាយការណ៍សរសេរបន្តថា ក្នុងកម្រិតទាបបំផុត ទីតាំងប្រើប្រាស់បានគោលដៅទ្វេនៅកម្ពុជានេះ អាចពង្រីកសមត្ថភាពរបស់កងទ័ពជើងអាកាស និងកងទ័ពជើងគោកចិន ដើម្បីធ្វើឲ្យអន្តរាយដល់យោធារបស់អាមេរិក ឬប្រទេសជិតខាងបាន។ កាសែតនេះបានស្រង់សម្តីអ្នកវិភាគដដែលថា ចំណាត់ការរបស់រដ្ឋាភិបាលអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចិនដែលជាប់ពាក់ព័ន្ធនឹងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ឬ BRI របស់ចិននេះ ទំនងជាអាចនឹងមានច្រើនតទៅទៀតនៅរយៈពេលប៉ុន្មានខែខាងមុខនេះ។ អ្នកស្រីថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនUDG នេះបាននាំឲ្យមានកង្វល់អំពីការបម្លែងសម្រាប់យកទៅបម្រើឲ្យគោលដៅយោធា ជាពិសេសនៅកំពង់ផែកោះកុង ដែលមានសេចក្តីរាយការណ៍នានាមកថា មានការយាមកាមពីសំណាក់ក្រុមយោធា និងទាហ៊ាននៅទីតាំងនោះ។ អ្នកស្រីថា ជារួម គោលដៅនៃគម្រោងកំពង់ផែ និងគម្រោងនៅជុំវិញទីតាំងនោះ បាននាំឲ្យមានអាថ៌កំបាំងច្រើន។
រីឯ ភ្នាក់ងារព័ត៌មាន អេ.ភី (AP) របស់អាមេរិក បានស្រង់សម្ដីមន្ត្រីអាមេរិកាំងមួយរូប ជាឧបការីក្រសួងការបរទេសអាមេរិក គឺលោក ដេវីធ ស្ទីលវែល (David Stilwell) ដែលបានចោទប្រទេសចិនថា កំពុងប្រើប្រាស់វិធីសាស្ត្របែបបងធំ និងមិនស្មោះត្រង់ក្នុងការដោះស្រាយបញ្ហានានាជាមួយក្រុមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ភ្នាក់ងារព័ត៌មានដដែលនេះ ក៏បានស្រង់ប្រសាសន៍សកម្មជនបរិស្ថានកម្ពុជា លោក អ៊ូច ឡេង ដែលលោកថា វិធានការរបស់សហរដ្ឋអាមេរិកនាពេលនេះ កើតមានឡើងរាងដូចជាយឺតពេលទៅហើយ ក្រោយពីមានករណីអំពើឃាតកម្មមកលើមេដឹកនាំការតវ៉ាសិទ្ធិដីធ្លី សកម្មជនព្រៃឈើ ស្របពេលដែលធនធានធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា ក៏កាន់តែហិនហោច និងទទួលរងនូវការលំបាកខ្លាំង។

ជុំវិញករណីក្រសួងរតនាគារអាមេរិក បានលើកឡើងពីកង្វល់ដោយសារតែប្រសាសន៍របស់លោក ផៃ ស៊ីផាន ដែលធ្លាប់និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា តំបន់តារាសាគរនេះ អាចបម្លែងទៅជាមូលដ្ឋានយោធានោះ ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បានដកស្រង់អត្ថបទមួយចុះផ្សាយដោយព័ត៌មាន ប្លូមប៊ឺក ញ៉ូវស៍ (Bloomberg News) របស់អាមេរិក ដែលលោក ផៃ ស៊ីផាន បាននិយាយថា តំបន់តារាសាគរគឺសម្រាប់បម្រើឲ្យគោលដៅស៊ីវិល គ្មានមូលដ្ឋានយោធានោះទេ។ ក៏ប៉ុន្តែ លោកបន្តថា ជាការត្រឹមត្រូវហើយ ដែលតំបន់នេះអាចត្រូវបានបម្លែងទៅធ្វើជាអ្វីផ្សេងទៀតក៏បានដែរ។
Today, the United States imposed sanctions on PRC-owned Union Development Group, Ltd. for its role in corruption in Cambodia. We will not tolerate these actions against innocent people and will always stand with the Cambodian people.
ភ្លាមៗក្រោយពីក្រសួងរតនាគារអាមេរិកប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន UDG នេះមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃខល ផមផេអូ (Michael Pompeo) សរសេរនៅលើទំព័រទ្វីតធ័រផ្លូវការរបស់លោកថា សហរដ្ឋអាមេរិកនឹងមិនអត់អោនដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងនឹងពលរដ្ឋស្លូតត្រង់ ហើយថា សហរដ្ឋអាមេរិកនឹងតែងតែឈរនៅជាមួយប្រជាពលរដ្ឋកម្ពុជាជានិច្ច។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសអាមេរិក ក៏បានចេញផ្សាយសេចក្ដីថ្លែងការណ៍ គូសបញ្ជាក់ថា ចំណាត់ការរបស់អាមេរិកនាពេលនេះ បង្ហាញឲ្យឃើញពីរបៀបដែលបក្សកុម្មុយនិស្តចិន ប្រើប្រាស់ក្រុមហ៊ុនឯកជនដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន ដោយរួមមានទាំងតាមរយៈការធ្វើការជាមួយមន្ត្រីពុករលួយ ក្នុងការប្រើប្រាស់កងកម្លាំងយោធាប្រឆាំងទៅលើពលរដ្ឋស្លូតត្រង់ក្នុងគោលដៅច្បាស់ក្រឡែតដើម្បីទទួលបាននូវផលចំណេញហិរញ្ញវត្ថុដោយខុសច្បាប់។ រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា មានសេចក្តីរាយការណ៍គួរឲ្យទុកចិត្តបានថា គម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរនេះ អាចត្រូវយកទៅប្រើប្រាស់ជាទីតាំងមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន។ លោកសង្កត់ធ្ងន់ថា បើមានរឿងរ៉ាវដូច្នេះមែន នោះការធ្វើដូច្នេះនឹងផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយអាចគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អាចប៉ះពាល់ដល់អធិបតេយ្យកម្ពុជា និងសន្តិសុខរបស់សម្ព័ន្ធមិត្តអាមេរិកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
