លោក សម រង្ស៊ី ស្វែងរក​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ដើម្បី​បើកផ្លូវ​ឱ្យ​លោក​វិល​ចូល​កម្ពុជា​វិញ​ដោយ​សន្តិភាព

ដោយ វ៉ែន សុមេធ
2019-10-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

សល់​តែ ២៤​ថ្ងៃ​ទៀត ដល់​កាលកំណត់​វិល​ចូល​កម្ពុជា​វិញ មេ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស កំពុង​ស្វះ​ស្វែងរក​ការ​គាំទ្រ​ផ្នែក​ការទូត ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប ដើម្បី​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ ដើម្បី​បើកផ្លូវ​ឱ្យ​លោក​វិល​ចូល​ស្រុក​វិញ ដោយ​សុវត្ថិភាព។ ចំណែក​មន្ត្រី​រដ្ឋាភិបាល ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេ​បក្ស​ប្រឆាំង​នេះ គឺ​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​កម្ពុជា​ឡើយ។

ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ថ្លែង​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​នៅ​អឺរ៉ុប​ថា របប​ក្រុងភ្នំពេញ​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត នៅ​អាណត្តិ​ចុងក្រោយ​នេះ។ លោក បន្ត​ថា ការ​សម្រេច​វិលត្រឡប់​ចូល​ស្រុកកំណើត​វិញ គឺជា​ជម្រើស​ចុងក្រោយ​របស់​លោក ដើម្បី​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ។

មេ​បក្ស​ប្រឆាំង​រូប​នេះ ស្នើ​ដល់​ក្រុម​អ្នកតំណាងរាស្ត្រ​សេរីនិយម និង​ប្រទេស​ធំៗ​នៅ​អឺរ៉ុប រួមគ្នា​ដាក់​សម្ពាធ​ទៅ​របប​ក្រុងភ្នំពេញ ដើម្បី​បើកផ្លូវ​ឱ្យ​លោក​និង​អ្នកគាំទ្រ​ទាំងអស់ វិល​ចូល​កម្ពុជា​វិញ ដោយ​សុវត្ថិភាព ដោះលែង​សកម្មជន​ប្រឆាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​មួយ​ដោយ​ជឿ​ទុក​ចិត្ត​បាន។

លោក សម រង្ស៊ី ថ្លែង​បែបនេះ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកតំណាងរាស្ត្រ​សេរីនិយម មក​ពី​ប្រទេស​ជា​ច្រើន ក្នុង​សន្និសីទ​នៃ​សហភាព​អន្តរ​សភា (IPU) ក្នុង​ទីក្រុង​បែលក្រាដ (Belgrade) ប្រទេស​ស៊ែប៊ី (Serbia) កាលពី​ថ្ងៃទី​១៥ តុលា៖ «នៅសល់​ជម្រើស​តែមួយ​ប៉ុណ្ណោះ​សម្រាប់​ខ្ញុំ គឺ​ការ​ត្រឡប់​ទៅ​ប្រទេស​ខ្ញុំ​វិញ​។ រឿង​នេះ គឺ​តម្រូវ​ឱ្យ​មានការ​ប្រថុយប្រថាន​ច្រើន ព្រោះ​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​នេះ គំរាម​សម្លាប់​ខ្ញុំ។ គាត់​និយាយ​ថា គាត់​នឹង​បាញ់​ទម្លាក់​យន្តហោះ​ដែល​ខ្ញុំ​ជិះ ឬ​គាត់​ដាក់​កាំភ្លើងយន្ត​បាញ់រះ​មក​លើ​រូប​ខ្ញុំ និង​អ្នកគាំទ្រ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​ចូល​ប្រទេស​វិញ​តាម​រយៈពេល​ប្រទេស​ថៃ ដែល​មាន​ពលករ​ខ្មែរ​ប្រមាណ​២​លាន​នាក់​រស់នៅ​ទីនោះ។ ហើយ​ពួកគេ​គាំទ្រ​បុព្វហេតុ​របស់​យើង​។ ពួកគេ​ចង់​ចូលរួម​ជាមួយ​យើង ដោយ​ដើរ​កាត់​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា បណ្ដា​ប្រទេស​លោក​សេរី​នៅ​ទូទាំង​ពិភពលោក នឹង​ដាក់​សម្ពាធ​ទៅលើ​របប​សព្វថ្ងៃ​នៅ​កម្ពុជា កុំ​ឱ្យ​ប្រើ​ហិង្សា ដែល​នាំ​ឱ្យ​មានការ​បង្ហូរ​ឈាម»

បន្ទាប់​ពី​នេះ លោក សម រង្ស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​មន្ត្រី​ការបរទេស​ប្រទេស​មួយ​ចំនួន រួមមាន​ប្រទេស​ហ្វាំងឡង់ ប្រទេស​ន័រវែស ស៊ុយអែត អាល្លឺម៉ង់ និង​ប្រទេស​ស្វីស ដើម្បី​ជូនដំណឹង​អំពី​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក ដោយ​ស្នើសុំ​ឱ្យ​ប្រទេស​ទាំងនោះ តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ដិតដល់។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ការស្វែងរក​ការ​គាំទ្រ​របស់​លោក សម​

រង្ស៊ី ពី​តំណាងរាស្ត្រ​អន្តរជាតិ និង​បណ្ដា​ប្រទេស​លោក​សេរី​មួយ​ចំនួន​នៅ​ពេល​នេះ មិន​អាច​បង្គាប់​បញ្ជា​ឱ្យ​កម្ពុជា ធ្វើ​តាម​បាន​ឡើយ ព្រោះ​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ប្រកាន់​ខ្ជាប់​វិធានការ​ផ្លូវច្បាប់​ចំពោះ​លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ នៅ​ពេល​មក​ដល់​កម្ពុជា៖ «កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ និង​ឯករាជ គ្មាន​ប្រទេស​ណាមួយ​ដែល​មាន​សិទ្ធិ ឬ​មានអំណាច​មក​បង្ខំ​ឱ្យ​កម្ពុជា ធ្វើ​ប្រាសចាក​ទៅ​នឹង​អ្វី​ទៅ​ដែល​ជា​រដ្ឋ​របស់​ខ្លួន​ទេ»

ចំណែក អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់​ថា ការស្វែងរក​ការ​គាំទ្រ​ផ្នែក​ការ​ទូត​ពី​សហគមន៍​អន្តរជាតិ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ពិត​ជា​មាន​ឥទ្ធិពល​ទៅលើ​របប​ក្រុង​ភ្នំពេញ ឱ្យ​ងាក​មក​ពិចារណា​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ដំណាក់កាល គឺ​គេ​ដាក់​ក្រសែភ្នែក​របស់​គេ ដើម្បី​តាមដាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ទៅទៀត ចំពោះ​ស្ថានការណ៍​នយោបាយ ហើយ​គេ​សង្កត់​ហើយ សង្កត់​តាមរយៈ​សម្ពាធ​ការទូត និង​សម្ពាធ​សេដ្ឋកិច្ច​ជាដើម។ ប៉ុន្តែ​គេ​មិន​អាច​ធ្វើ​អ្វី​ឱ្យ​ហួស​អំពី​នយោបាយ​សម្រុះសម្រួល​ដែល​ជា​យន្តការ​របស់​សហគមន៍​អន្តរជាតិ​បាន​ទេ។ យើង​ដឹង​ហើយ​ថា ការ​សម្រុះសម្រួល​ដែល​គេ​ធ្វើ គឺ​គេ​សង្កត់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន ដែល​គេ​ដឹង​ថា សម្លាប់​ប្រជាធិបតេយ្យ​ហ្នឹង​។ គេ​នៅ​តែ​ទទូច ហើយ​មិន​ដក​ដៃ​ទេ ចំពោះ​អ្វី​ដែល​ជា​សម្ពាធ​របស់​គេ»

លោក គឹម សុខ ថា ថ្វីបើ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ ក៏​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា នៅតែ​តម្រូវ​ឱ្យ​មេដឹកនាំ​បក្ស​នយោបាយ​ទាំងពីរ បន្ទន់​ឥរិយា​បត់​ដាក់គ្នា ហើយ​ងាក​មក​រក​ការ​ចរចា​គ្នា​វិញ ដោយ​សន្តិវិធី និង​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល