លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចោទប្រកាន់ការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនបានផ្ដល់អាទិភាពដល់ការអប់រំទេ ផ្ទុយទៅវិញរបបនេះយកចិត្តទុកដាក់តែទៅលើវិស័យណា ដែលផ្ដល់សំណូកសូកប៉ាន់ដល់ក្រុមអ្នកដឹកនាំ ដែលពុករលួយ។
លោក សម រង្ស៊ី បានសរសេរបែបនេះនៅលើទំព័រហ្វេសប៊ុក (Facebook)របស់លោក នៅថ្ងៃទី២៥ ខែកក្កដា ហើយថែមទាំងបានលើកឧទាហរណ៍ពីការប្រឹងប្រែងបើកសាលារៀនរបស់ប្រទេសជិតខាងមាន៖ ប្រទេសវៀតណាម និងថៃជាដើម។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ចោទសួរថា តើចាំអីទៀត បើកសាលារៀនជាទូទៅឡើងវិញ នៅកម្ពុជា? លោកថា នៅប្រទេសវៀតណាម សាលារៀន បានបើកឡើងវិញជាទូទៅ តាំងពីដើមខែឧសភា ម្ល៉េះ។ នៅប្រទេសថៃ សាលារៀនបានបើកឡើងវិញជាទូទៅ ចាប់ពីដើមខែកក្កដានេះ។ លោកបន្តទៀតថា ប្រព័ន្ធអប់រំមិនមែនជាអាទិភាព នៃរបប ហ៊ុន សែន ទេ។ ផ្ទុយទៅវិញរបបនេះ បន្តឱ្យបើកតែរោងចក្រ និងបនល្បែងស៊ីសងកាស៊ីណូដែលផ្តល់សំណូកសូកប៉ាន់ ឱ្យថ្នាក់ដឹកនាំពុករលួយ។ លើសពីនេះលោកថា របបបច្ចុប្បន្ននេះមិនចង់ឱ្យប្រជាពលរដ្ឋ មានការយល់ដឹងខ្ពស់ទេ ដើម្បីពួកជនផ្តាច់ការ អាចងាយគ្រប់គ្រងប្រទេសមួយ ដែលប្រជាពលរដ្ឋ មិនមានការយល់ដឹងច្រើន។ លោកថា នៅកម្ពុជា អ្នកដឹកនាំកំពុងប្រើធម៌ក្តៅ៣យ៉ាង ៖ ខ្លាច ឃ្លាន ខ្លៅ។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យ រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែងផ្ដល់អាទិភាពដល់ការអប់រំមិនដូចការលើកឡើងរបស់លោក សម រង្ស៊ី ឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលកំពុងគិតគូសុវត្ថិភាពពលរដ្ឋ និងសិស្សសាលាជាអាទិភាព៖ «បើសិស្សៗស្លាប់អស់ ឬឆ្លងកូវីដច្រើន សួរថាតើវិស័យអប់រំវារីកចម្រើនទេ ? អាហ្នឹងហើយវាគ្រាន់តែជាល្បិចកលដាក់អន្ទាក់រាជរដ្ឋាភិបាល ថា ទៅក្រែងរដ្ឋាភិបាលធ្វើតាមខ្លួន ដល់ពេលចម្លងសិស្សទៅគេថា ទៀតថា ហ្នឹងពីយើងអត់ស្រឡាញ់ អត់យកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំសិក្សាធិការហ្នឹង ហើយបានជាឱ្យសិស្សឆ្លង ។ អ៊ី ចឹងហើយបានជារាជរដ្ឋាភិបាល ផ្អែកទៅលើ សភាពការណ៍ជាក់ស្ដែងឱ្យជា ជំហានៗ ។ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងឱ្យ២០សាលាឯកជនដែលគេមានលក្ខណៈអនាម័យប្រសើរខ្ពស់ជាងគេ។ អ៊ី ចឹងឱ្យអាប្រសើរខ្ពស់ជាងគេខាងអនាម័យចូលមុន ហើយដកពិសោធន៍ មួយរយៈពេល មើលថា តើ២០សាលា ដែលបានចូលទៅ វាមានផលប៉ះពាល់អីខ្លះ ? វាជួបបញ្ហាអីខ្លះ អ៊ីចឹងបានជំហានទី២ និងទី៣ នឹងមាន តទៅទៀត»។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស កាលពីថ្ងៃទី២១ ខែកក្កដា នឹងឱ្យគ្រឹះស្ថានសិក្សាឯកជនចំនួន២០ សាកល្បងដំណើរការដំណាក់កាលទី១ នៅខែសីហាខាងមុខនេះ នៅខេត្តបាត់ដំបង សៀមរាប និងក្រុងភ្នំពេញ ដោយសារតែសាលាទាំងអស់នោះ អាចគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាលចំពោះការបង្ការជំងឺ covid-19 បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។